ដោយ ដែន ចែងចាំង
ភ្នំពេញ៖ វិស័យទេសចរណ៍កម្ពុជា មិនមានសញ្ញាអវិជ្ជមានណាមួយនោះទេ សម្រាប់ឆ្នាំ២០១៨ខាងមុខ ដោយសារក្រុមហ៊ុនអាកាសចរណ៍មួយចំនួនទៀតនឹងភ្ជាប់មកកម្ពុជា។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោកស្រីឆាយ ស៊ីវលីនបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២៦ ធ្នូនេះថា ឆ្នាំ២០១៨វិស័យទេសចរណ៍កម្ពុជានៅតែមានសញ្ញាវិជ្ជមាន ដោយមានក្រុមហ៊ុនអាកាសចរណ៍មួយចំនួន គ្រោងពង្រីកជើងហោះហើរ ដូចជា Asiana Airline មកពីប្រទេសកូរ៉េ និងការភ្ជាប់ជើងហោះហើរត្រង់រវាងទីក្រុងសៀមរាប និងទីក្រុងបាហ្កាននៃប្រទេសភូមា និងការហោះហើរត្រង់ពីប្រទេសហ្វីលីពីន មកកាន់កម្ពុជាជាដើម។
-->
លោកស្រីបន្តថា “កំនើនទេសចរណ៍នៅឆ្នាំ២០១៨ នឹងមានភាពល្អប្រសើរ ដោយសារកម្ពុជាមិនមានបញ្ហាអ្វីនោះទេ ពិសេសការតភ្ជាប់ផ្លូវអាកាសនឹងកើនឡើងបន្ថែមទៀត។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកលោកធួន ស៊ីណានបានថ្លែងយល់ស្របនឹងការលើកឡើងខាងលើ ដោយលោកបានមានប្រសាសន៍ថា វិស័យនេះនឹងនៅតែល្អប្រសើរ ប៉ុន្តែកំណើនភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា ភាគច្រើនជាភ្ញៀវទេសចរណ៍អាស៊ី ហើយភ្ញៀវមកពីអឺរ៉ុប និងសហរដ្ឋអាមេរិក ទំនងមិនល្អណាស់ណានោះទេ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោង ខុនបានថ្លែងថា មិនមានសញ្ញាវិជ្ជមានណាមួយ ដែលធ្វើឲ្យប៉ះពាល់លំហូរទេសចរណ៍ មកកម្ពុជានៅឆ្នាំក្រោយនោះទេ ហើយយើងនៅតែមានជំនឿថា ចំនួនភ្ញៀវទេសចរណ៍នឹងកើនឡើងបន្ថែមទៀត ដែលតាមការព្យាករណ៍របស់ក្រសួង កម្ពុជានឹងទទួលបានភ្ញៀវទេសចរណ៍ អន្តរជាតិជាង៦លាននាក់នៅឆ្នាំ២០១៨ខាងមុខនេះ។
តាមការព្យាករណ៍របស់ក្រសួងទេសចរណ៍កម្ពុជា ទទួលបានភ្ញៀវទេសចរណ៍ប្រមាណ៥,៦លាននាក់នៅឆ្នាំនេះ កើនឡើងប្រមាណ១១ភាគរយធៀបនឹងឆ្នាំមុន៕