ដោយ វុត្ថា
វៀតណាមៈ កិច្ចព្រមព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម និងសហភាពអឺរ៉ុប នឹងធ្វើមានផលវិជ្ជមាន លើទីផ្សារអចលនទ្រព្យរបស់វៀតណាម ជាពិសេសលើវិស័យអចលនទ្រព្យឧស្សាហកម្ម។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam News កាលពីចុងសប្តាហ៍កន្លងមកនេះបានឱ្យដឹងថា កិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសវៀតណាម និងសហភាពអឺរ៉ុប គឺជាសញ្ញាវិជ្ជមានមួយ ក្នុងការជួយជំរុញការនាំចេញនូវផលិតផល និងឧស្សាហកម្មវៀតណាមប្រមាណ ៩០ភាគរយ នៃផលិតផលគ្មានការបង់ពន្ធទាំងភាគីទាំងពីរ។ តំបន់សេដ្ឋកិច្ចរបស់វៀតណាម បាននិងកំពុងទាក់ទាញវិនិយោគិនយ៉ាងច្រើន ជាពិសេសវិនិយោគិនសភាពអឺរ៉ុប។
លោក Troy Grifiths អនុប្រធានគ្រប់គ្រងនៃក្រុមហ៊ុន Savills Vietnam បានឱ្យដឹងថា កិច្ចព្រមព្រៀងរវាងវៀតណាម និងសហភាពអឺរ៉ុប បានបង្ហាញពីរដ្ឋាភិបាលមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញឱ្យប្រទេសខ្លួននាំមុខគេ នៃការវិនិយោគក្នុងតំបន់អាស៊ី។ លោកបន្តថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសវៀតណាម និងសហភាពអឺរ៉ុបនាមពេលនេះ នឹងធ្វើឱ្យមានកើនឡើងនូវផ្ទាល់ពីបរទេស និងការងារ ព្រមទាំងឪកាសក្នុងវិស័យអចនទ្រព្យផងដែរ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន VNDirect បានបង្ហាញថា អចលនទ្រព្យឧស្សាហកម្ម នឹងទទួលផលចំណេញច្រើន ពីការផ្លាស់ប្តូរទីតាំងរោងចក្រមកពីប្រទេសដទៃក្នុងតំបន់ មកបោះទីនៅក្នុងប្រទេសវៀតណាម ខណៈអ្នកវិនិយោគកំពុងស្វែងរកគោលនយោបាយលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។ ហើយអចលនទ្រព្យឧស្សាកម្មនេះ ត្រូវបានគេចាត់ទុកជាឆ្អឹងខ្នង នៃការរីកលូតលាស់សេដ្ឋកិច្ចរបស់ប្រទេស។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យបរទេស CBRE បានឱ្យដឹងថា ឧទ្យានឧស្សាហកម្មនឹងបន្តកើនឡើងនៅក្នុងប្រទេសវៀតណាម។ អត្រាមានការងារធ្វើក្នុងប្រទេសវៀតណាម នឹងកើនចន្លោះពី៧០ទៅ៩០ភាគរយ ហើយហេដ្ឋារចនាសម្ព័ន្ធនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជ្រើសរើសទីតាំងជួលធ្វើអាជីវកម្មនានា។
លោក Nguyen Dinh Cung នាយកវិទ្យាស្ថានគ្រប់គ្រងសេដ្ឋកិច្ច (CIEM) បាននិយាយថា អចលនទ្រព្យឧស្សាហកម្មរបស់ប្រទេសវៀតណាម មានភាពទាក់ទាញជាងប្រទេសភាគច្រើននៅក្នុងតំបន់។ តម្លៃពលកម្មទាប និងអត្រាពន្ធលើសាជីវកម្មអនុគ្រោះនឹងបន្តបង្ហាញពីអត្ថប្រយោជន៍សម្រាប់វិស័យនេះ។
នៅឆ្នាំ២០២០២វៀតណាមត្រូវបានគេរំពឹងថា នឹងមានអចលនទ្រព្យឧស្សាហកម្មចំនួន៥០០កន្លែង ដែលមានផ្ទៃដីសរុប៥00.000ហិកតា៕






