ដោយ ប៊ី
ភ្នំពេញៈ យោងតាមគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិ របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា សង្រ្គាមពាណិជ្ជកម្មអាមេរិក ចិន បានធ្វើឲ្យប្រទេសទាំងពីរខាតបង់គិតជាទឹកប្រាក់ ៤១ពាន់លានដុល្លារ ក្នុងការនាំចេញសរុបក្នុងឆ្នាំដំបូងនៃសង្គ្រាមពាណិជ្ជកម្ម។
ទិន្នន័យនាំចេញរបស់អាមេរិកបានបង្ហាញថា ការនាំចេញរបស់អាមេរិកទៅកាន់ប្រទេសចិនបានធ្លាក់ចុះខ្លាំងបំផុត ដោយធ្លាក់ចុះ ៣ភាគរយ ស្មើនឹងទឹកប្រាក់២៣ពាន់លានដុល្លារ។ ចំណែកការនាំចេញរបស់ប្រទេសចិន ទៅកាន់អាមេរិកបាន
ធ្លាក់ចុ១៤ភាគរយដែលស្មើនឹងទឹកប្រាក់១៨ពាន់លានដុល្លារ។
-->
ភាពតានតឹងពាណិជ្ជកម្ម បានកើនឡើងជាផ្លូវការនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំមុននៅពេលដែលប្រធានាធិបតីអាមេរិក លោកDonald Trump បានបង្កើនពន្ធឡើងដល់២៥ ភាគរយ លើទំនិញរបស់ចិនដែលមានចំនួន៨១៨ប្រភេទទំនិញ និងបានបន្ថែមការកើនឡើងដល់បញ្ជីរ នៅក្នុងការកើនឡើងនៃភាពតានតឹងរវាងប្រទេសទាំងពីរ ដែលបានកើនឡើងកាលពីឆ្នាំមុន។
លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា លោកនឹងមិនបន្ថែមពន្ធបន្ថែមលើទំនិញនាំចូល ដែលនៅសល់ពីប្រទេសចិន បន្ទាប់ពីជួបជាមួយលោកស៊ី ជីនភីង ប្រធានាធិបតីចិននៅក្នុងកិច្ចប្រជុំ G20 នៅក្នុងប្រទេសជប៉ុនកាលពីខែមុន។
លោកប្រធានាធិបតីអាមេរិក Trump មិនត្រឹមតែបាននិយាយថា លោកនឹងមិនដាក់ពន្ធគយបន្ថែមទៀតទេ ប៉ុន្តែថែមទាំងអនុញ្ញាតឲ្យមានពាណិជ្ជកម្មតិចតួចជាមួយក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិន Huawei ផងដែរ។
របាយការណ៍សេដ្ឋកិច្ចរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg បានចេញផ្សាយនៅសប្តាហ៍នេះថា ការប៉ាន់ប្រមាណតម្លៃខាតបង់នៃសង្គ្រាមអាមេរិក និងចិនអាចមានទំហំទឹកប្រាក់១,២ពាន់ពាន់លានដុល្លារ ដោយផលិតផលសរុបក្នុងស្រុកលើពិភពលោក និងសេដ្ឋកិច្ចពិភពលោកយឺតយ៉ាវ ដូចជាវិបត្តិហិរញ្ញវត្ថុសកលកាលពីឆ្នាំ ២០០៨៕