សក្តានុពល​ចំនួន៥នឹង​រុញ​ខេត្ត​ព្រះសីហនុ​ជា​ប៉ូល​សេដ្ឋកិច្ច​ទី២ជំនួស​ខេត្តសៀមរាប

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ សក្តានុពលសំខាន់ៗចំនួន៥ បាននិងកំពុង​ជំរុញ​ខេត្ត​ព្រះសីហនុ ក្លាយជា​ប៉ូល​សេដ្ឋកិច្ច​ទី២ជំនួស​ខេត្តសៀមរាប ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ។

សក្តានុពល​ដែល​ត្រូវគេ​មើលឃើញ​ទាំងនោះ រួមមាន តំបន់ឆ្នេរ​ដ៏​ទាក់ទាញ តំបន់​សេដ្ឋកិច្ច​ពិសេស នៃ​គំនិត​ផ្តួចផ្តើម​ក្រវ៉ាត់​មួយ ផ្លូវ​មួយ ផ្លូវ​ល្បឿន​លឿន និង​បណ្តាញ​ផ្លូវដែក និង​កំពង់ផែ​ទឹក​ជ្រៅ ដែល​ត​ភ្ជាប់​សកម្មភាព​ពាណិជ្ជកម្ម​កម្ពុជា​ទៅកាន់​ទីផ្សារ​ពិភពលោក​នាពេល​អនាគតឆាប់ៗនេះ។

អគ្គនាយក​ក្រុមហ៊ុន Century21 Mekong លោក​ច្រឹ​ក សុខ​នី​ម​បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា ខេត្ត​ព្រះសីហនុ​ពិត​ជាមាន​សក្តានុពល ដោយសារ​មានការ​ភ្ជាប់​ជើងហោះហើរ​ពី​ប្រទេស​ចិន និង​ពី​ខេត្តសៀមរាប​មកកាន់​ទី​នោះ​កាន់តែច្រើន ពិសេស​អ្វីដែល​លោក​ភ្ញាក់ផ្អើល​នោះ គឺ​លោក​ឃើញ​វត្តមាន​ជន​ជាតិចិន​កាន់តែច្រើន​មក​ទស្សនា និង​វិនិយោគ​នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ។លោក​បន្តថា ខេត្ត​នេះ​នៅមាន​សក្តានុពល សម្រាប់​អភិវឌ្ឍន៍​ច្រើន ដោយសារ​មាន​ដី​ទំនេរ​ច្រើន ដែល​ផ្តល់​ជំរើស​ដល់​អ្នក​អភិវឌ្ឍន៍​កាន់​តែមាន​ភាពងាយស្រួល។

លោក​បន្តថា “និយាយ​ពី​ការសាងសង់​ខុន​ដូ​នៅ​ខេត្ត​ព្រះសីហនុ យើង​ត្រូវ​សួរថា តើ​អ្នក​អភិវឌ្ឍន៍​ផ្តោតលើ​អ្នកណា​ជា​គោលដៅ។ បើ​អ្នកវិនិយោគ​ផ្តោតលើ​ប្រជា ជន​ក្នុងស្រុក​ខ្ញុំ​មិនសូវមាន​ជំនឿ​ចិត្ត​នោះទេ។លោក​បន្តថា “ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ទំនង​មិនសូវ​ចាប់អារម្មណ៍​ខុន​ដូ​ច្រើន​ទេ ពួកគេ​នៅតែ​ចាប់អារម្មណ៍​លំនៅដ្ឋាន​ផ្ទាល់​ដី ដោយសារ​ខេត្ត​នៅសល់​ដី​ទំនេរ​ច្រើន និង​មាន​តំលៃ​ធូរ​ថ្លៃ​នៅឡើយ។

ខេត្ត​ព្រះសីហនុ​បច្ចុប្បន្ន​បាន​ក្លាយជា​ប៉ូល​ទី២ ដែល​អ្នកវិនិយោគ​បរទេស​បាន​និង​កំពង​សាងសង់​ខុន​ដូ​នៅ​តំបន់​នេះ​ច្រើន ដូចជា គំរោង Dseaview, Sunshine Bay, Royal Bay view, Blue Bay និង​គំរោង​ខុន​ដូ​ជាច្រើន​ទៀត ដែល​បាននិងកំពុង​សាងសង់​ជា​បន្តបន្ទាប់។

លោក ច្រឹ​ក សុន​នី​ម បាន​បន្តថា ដោយសារ​ខេត្ត​ព្រះសីហនុ​ជា​តំបន់​ទេសចរណ៍ ហើយ​រដ្ឋាភិបាល​កំពុង​រៀបចំ​តំបន់​នេះ ទៅជា​តំបន់​ពាណិជ្ជកម្ម​នាពេល​អនាគត អ្នកវិនិយោគ ដែលមាន​គោលដៅ​ធ្វើការ​វិនិយោគ​រយៈពេល​វែង បាន​ងាក​ទៅកាន់​តំបន់​នេះ ដោយសារ​វា​ជា​តំបន់​ដែលមាន​សក្តានុពល​សម្រាប់​ពេលអនាគត។

លោក​បន្តថា “រដ្ឋាភិបាល​បាន និង​កំពុង​ផ្តោត​ការយកចិត្តទុកដាក់​នៅ​តំបន់​នេះ តាមរយៈ​ការរៀបចំ​ឆ្នេរ​ឲ្យ​មាន​សោភ័ណភាព និង​រៀប​រៀបរយ​ជាង​មុន គម្រោង​សាងសង់​ផ្លូវ​ហាយ​វេ​ពី​រាជធានី​ភ្នំពេញ ទៅកាន់​ខេត្ត​នេះ ការ​មាន​ព្រលានយន្តហោះ លំដាប់​អន្តរជាតិ និង​កំណើន​ភ្ញៀវ​ទេសចរណ៍ សុ​ទ្ឋ​តែ​ជា​កត្តា​ហុច​សក្តានុពល​ដល់​អ្នកវិនិយោគ​សាងសង់​ខុន​ដូ​នៅ​ខេត្ត​នេះ។លោក​បន្តថា “ពេល​បុណ្យទានម្តងៗពិបាក​រក​ផ្ទះសំណាក់ និង​សណ្ឋាគារ​សម្រាប់​ស្នាក់នៅ ដូច្នេះ​ការទិញ​ខុន​ដូ​សម្រាប់​លំហែរ​នឹង​ជា​ជំរើស​មួយ​ផងដែរ។

អ្នកវិនិយោគ​ខុន​ដូ​មួយរូប ដែល​បាននិងកំពុង​វិនិយោគ​ខុន​ដូ​មួយ​ក្នុងចំណោម​ខុន​ដូ​ខាងលើ​បាន​និយាយ​ក្នុង​លក្ខ​ខ័​ណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា“ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​តំបន់ឆ្នេរ​មួយ ដែលមាន​ភាពស្រស់ស្អាត និង​ជា​ប៉ូល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​លំដាប់​ទី២បន្ទាប់ពី​ខេត្តសៀមរាប ដូច្នេះ​ខ្ញុំ​គិតថាអ្វីៗវា​នឹង​ប្រសើរឡើង​សម្រាប់​ខុន​ដូ​របស់ខ្ញុំ ព្រោះ​ទីនោះ​មិនសូវមាន​ខុន​ដូ និង​អូ​តែ​ល​លំដាប់​ប្រណីត​នៅឡើយ។

“យើង​សាងសង់​ខុន​ដូ​សម្រាប់​ទាក់ទាញ​ជនបរទេស មក​ប្រទេស​របស់​យើង ហើយ​នៅ​ឆ្នាំ២០១៨ ការ​ចម្រាញ់យកប្រេង​កាត​ពី​សមុទ្រ​របស់​យើង នឹង​ចាប់ផ្តើម​ដែល​នេះ​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​បន្ថែម​មកកាន់​ទីនេះ។ អ្នកវិនិយោគ​រូបនោះ​បន្ថែម។

លោក​ហូ វណ្ឌី​អគ្គលេខាធិការ​ស​ម្ព័​ន្ឋ​ទេសចរណ៍​ជាតិ​កម្ពុជា​បាន​ថ្លែងថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ចំនួន​ពីរ គឺ​ក្រុមហ៊ុន​កម្ពុជា​អង្គរ​អ៊ែរ និង​ក្រុមហ៊ុន​បាយ័ន​អ៊ែរ​បានធ្វើ​ការហោះហើរ​រ​វាង​ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ​ជា​រៀងរាល់ថ្ងៃ និង​មាន​អាកាសចរណ៍​មកពី​បរទេស​ធ្វើការ​ហោះហើរ​លក្ខណៈ​ជួល និងយូរៗម្តង​មកកាន់​ខេត្ត​ព្រះសីហនុ​ផងដែរ។

លោក​បន្តថា “ខេត្ត​នេះ​នឹង​កាន់​តែមាន​សក្តានុពល និង​មានការ​រីកចំរើន​កាន់តែខ្លាំង ប្រសិនជា​អាជ្ញាធរ​រក្សាបាន​នូវ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ និង​បរិស្ថាន ព្រមទាំង​សម្បត្តិ ធម្មជាតិ​ទាំង​លើគោក និង​ក្នុង​ទឹកបាន​ល្អ។លោក​បន្តថា “ជោគជ័យ​ឬ​មិន​ជោគជ័យ​លើ​ការសាងសង់​ខុន​ដូ និង​អចលនវត្ថុ​នៅទីនេះ វា​អាស្រ័យ​លើ​ការអភិរក្ស​ធនធានធម្មជាតិ និង​ការរៀបចំ​តំបន់​នេះ​ឲ្យ​កាន់​តែមាន​ភាព​ទាក់ទាញ។

លោក​យន្ត មីន​អភិបាលខេត្ត​ព្រះសីហនុ​បាន​ថ្លែងថា បច្ចុប្បន្ន​មាន​ខុន​ដូ​ចំនួន​បី​បាន និង​កំពុង​សាងសង់​នៅតាម​តំបន់ឆ្នេរ​ក្នុង​ខេត្ត ដែលជា​ការវិនិយោគរ​បស់​ក្រុមហ៊ុន​ក្នុងស្រុក និង​បរទេស។លោក​បន្តថា ខេត្ត​ព្រះសីហនុ​ចេះតែ​បន្ត​អភិវឌ្ឍន៍​ទៅមុខ កាន់តែ​លឿន ដោយសារ​រដ្ឋាភិបាល​បានរៀបចំ​ខេត្ត​នេះ ឲ្យ​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ពហុ​វិស័យ ព្រោះ​ខេត្ត​នេះ​មាន​ឆ្នេរ​ស្អាត មាន​កំពង់ផែ​ទឹក​ជ្រៅ​តែមួយគត់​នៅ​កម្ពុ ជា និង​មាន​ជើងហោះហើរ​ត្រង់​កាន់តែច្រើន​ឆ្ពោះ​មកកាន់​ខេត្ត​នេះ។

លោក​បន្តថា “ដោយសារ​សន្តិភាព ទើប​មានអ្វីៗទាំងអស់នេះ។លោក​បន្តថា “ប្រជាជន​ក្នុង​ខេត្ត​ព្រះសីហនុ មានការ​ចាប់អារម្មណ៍​លើ​ខុន​ដូ​ខុន​ដូ​ច្រើន។

ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា លោក​បណ្ឌិត​សុក ស៊ីផាន់ណា​បាន​ថ្លែងថា តាមរយៈ​គោលនយោបាយ​អភិវឌ្ឍន៍ វិស័យ​ឧស្សាហកម្ម​របស់​រដ្ឋាភិបាល ដែល​បានដាក់​ខេត្ត​ព្រះសីហនុ​ជា​តំបន់​សេដ្ឋកិច្ច និង​ឧស្សាហកម្ម​បានធ្វើ​ឲ្យ​ខេត្ត​នេះ​មាន​សកម្មភាព​អភិវឌ្ឍន៍​យ៉ាង​លឿន ដោយសារ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​អំណោយផល​នានា ដូចជា តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន ដោយសារ​វា​ជាប់​កំពង់ផែ​ទឹក​ជ្រៅ​តែមួយគត់​របស់​កម្ពុជា ការពង្រីក​ព្រលានយន្តហោះ​កងកេង ក្លាយជា​ព្រលានយន្តហោះ​លំដាប់​អន្តរជាតិ ការតភ្ជាប់​ផ្លូវគោក និង​ផ្លូវ​ល្បឿន​លឿន​ជាដើម សុ​ទ្ឋ​តែ​ជា​សក្តានុពល​របស់​ខេត្ត។

លោក​បន្តថា “ខ្ញុំ​គិតថា​រយៈពេល៥ឆ្នាំ​ខាងមុខ ខេត្ត​ព្រះសីហនុ​នឹង​ជំនួស​ខេត្តសៀមរាប ដោយសារ​ខេត្តសៀមរាប​ពឹងផ្អែក​ខ្លាំង តែ​លើ​វិស័យ​ទេសចរណ៍​តែមួយ​ប៉ុណ្ណោះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here