ដោយ វុត្ថា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជាបានជំរុញ និងលើកទឹកចិត្តដល់ធុរជននៃប្រទេសវៀតណាម ឱ្យមានការវិយោគលើវិស័យកសិកម្ម និងទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា ដោយសារតែបរិយាកាសធុរកិច្ច នៅក្នុងប្រទេសកម្ពុជាផ្តល់នូវអំណោយផលក្នុងការវិនិយោគ។

-->
លោកឧកញ្ញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅក្នុងជំនួបជាមួយសភាពាណិជ្ជកម្ម និងលោកស្រី Nguyen Thi Thuong Linh អនុប្រធានសាខាសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមនៅខេត្តកាន់ថូ (Can Tho)នៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០១៩ នេះ ដោយលោកឧកញ៉ាបានលើកទឹកចិត្ត ពាណិជ្ជករវៀតណាមមកវិនិយោគនៅកម្ពុជា ឲ្យបានកាន់តែច្រើនឡើង ពិសេសលើវិស័យវិស័យកសិកម្ម និងទេសចរណ៍។
លោកឧកញ៉ាបន្តទៀតថា “សេដ្ឋកិច្ចនៅប្រទេសកម្ពុជា ពិតជាមានការរីកចម្រើនយ៉ាងគួរឲ្យកត់សម្គាល់ និងបរិយាកាសធុរកិច្ចនៅប្រទេសកម្ពុជា ពិតជាអំណោយផលសម្រាប់ការវិនិយោគ”។លោកបន្តថា “សភាពាណិជ្ជកម្មកម្ពុជា និងរីករាយក្នុងការសហការ ក៏ដូចជារៀបចំកម្មវិធីពាណិជ្ជកម្មផ្សេងៗ ដើម្បីជាប្រយោជន៍ដល់ប្រទេសទាំងពីរ”។
លោកស្រី Nguyen Thi Thuong Linh អនុប្រធានសាខាសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមនៅខេត្តកាន់ថូ (Can Tho) បានឱ្យដឹងថា សភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមនៅខេត្តកាន់ថូ (VCCI Can Tho) គឺជាអង្គភាពដែលតំណាងឲ្យសហគមន៍សហគ្រិនទាំង១៣ខេត្ត ក្នុងតំបន់ដីសណ្តរទន្លេមេគង្គ។ សកម្មភាពសំខាន់ពីររបស់ VCCI Can Tho គឺដើម្បីធ្វើឲ្យបរិយាកាសធុរកិច្ច របស់ប្រទេសវៀតណាម ជាពិសេសតំបន់ដីសណ្តរមេគង្គ អំណោយផលសម្រាប់ការធ្វើពាណិជ្ជកម្ម និងផ្តល់លក្ខខណ្ឌល្អដល់ពាណិជ្ជកម្មក្នុងស្រុក មានភាពងាយស្រួល ក្នុងការវិនិយោគក្រៅប្រទេស។

ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីពាណិជ្ជករវៀតណាមចំនួន២៥ក្រុមហ៊ុន ដែលក្នុងនោះជាក្រុមហ៊ុនកសិកម្ម និងទេសចរណ៍។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីសិក្សាស្វែងយល់ពីបរិយាកាសធុរកិច្ច ចាប់ដែគូពាណិជ្ជកម្ម និងឱកាសវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសលើវិស័យកសិកម្ម និងទេសចរណ៍។
យោងតាមរបាយការណ៍ ពីគយវៀតណាម ដែលបានចេញផ្សាយថ្មីៗនេះបានឱ្យដឹងថា ក្នុងរយៈពេល៥ខែដំបូង ឆ្នាំ២០១៩នេះ កម្ពុជា-វៀតណាម សម្រេចបានទំហំពាណិជ្ជកម្មជាង ២.៣០០ លានដុល្លារអាមេរិក កើមឡើងប្រមាណ៣០០លានដុល្លារអាមេរិក ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រមុខដឹកនាំកម្ពុជា និងវៀតណាមធ្លាប់បានសន្យាពង្រីក ទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២០ខាងមុខ។ ប្រទេសទាំងពីរបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបង្កើនសកម្មភាពសេដ្ឋកិច្ច ការផ្លាស់ប្តូរពាណិជ្ជកម្ម ក៏ដូចជាការវិនិយោគទុន៕
