ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលនឹងបើកកិច្ចប្រជុំពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៩ ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ខណៈពេលដែលបច្ចេកវិទ្យាមួយនេះកាន់តែមានការរីកចម្រើន ហើយការប្រើប្រាស់ប្រព័ន្ធអ៉ីនធើណេត កាន់តែមានការីកលូតលាស់គ្របដណ្តប់ស្ទើរពេញផ្ទៃប្រទេស។
ជាមួយគ្នាននោះ ប្រតិបត្តិការអាជីវកម្មតាមអនឡាញដូចជា ការទិញទំនិញ លក់ទំនិញ ការកក់សេវាកម្ម ការជួញដូរទំនិញ និងសេវាកម្មនានា ក៏មានសន្ទុះកើនឡើងខ្លាំងផងដែរ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ក្នុងប្រទេសកម្ពុជា ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬហៅថា E-Commerce សំដៅលើសកម្មភាពទិញលក់ទំនិញ កក់សេវាកម្ម និងទូទាត់កម្រៃតាមរយៈប្រព័ន្ធអ៉ីនធើណេត ដែលអាចនាំមកនូវកាលានុវត្តភាពអាជីវកម្មថ្មីៗយ៉ាងច្រើន សម្រាប់សហគ្រិនវ័យក្មេងនៅក្នុងប្រទេស ដើម្បីចូលរួមពង្រីកកំណើនសេដ្ឋកិច្ចជាតិ។
-->
យ៉ាងណាក៏ដោយពាណិជ្ជកម្មប្រភេទនេះ ចាំបាច់តម្រូវឲ្យមានច្បាប់ សម្រាប់គ្រប់គ្រងរាល់ប្រតិបត្តិការជួញដូរ ដើម្បីធានាបានសុក្រឹតភាព និងសុវត្ថិភាពដល់គ្រប់ភាគីពាក់ព័ន្ធ។
ដោយមើលឃើញពីសារៈសំខាន់នេះ ក្រសួងពាណិជ្ជកម្ម ដែលទទួលបានថវិកាឧបត្ថម្ភពីកម្មវិធីគាំទ្រកិច្ចអភិវឌ្ឍពាណិជ្ជកម្ម (TDSP) ផ្តល់ដោយម្ចាស់ជំនួយពហុភាគី គ្រប់គ្រងដោយធនាគារពិភពលោក បានផ្តួចផ្តើមរៀបចំសេចក្តីព្រាងច្បាប់ស្តីពី «ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច» ដើម្បីជួយសម្រួល និងគ្រប់គ្រងរាល់ការធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអ៉ីនធើណេតសម្រាប់ពាណិជ្ជករ និងសាធារណជនទូទៅ។
ច្បាប់ E-Commerce នេះមាន ១២ជំពូក និងចែកចេញជា ៩០មាត្រា ដែលមានដាក់បញ្ចូលលំអិតនូវបទប្បញត្តិផ្សេងៗ ទៅក្នុងកិច្ចព្រមព្រៀង និងការប្រើប្រាស់ហត្ថលេខាតាមអនឡាញឲ្យស្របទៅនឹងស្តង់ដាអន្តរជាតិ ដើម្បីគ្រប់គ្រង និងការការពារអ្នកប្រើប្រាស់ ដែលធ្វើប្រតិបត្តិការចំណាយ និងទិញទំនិញតាមប្រព័ន្ធអ៉ីនធើណេត។
ក្រសួងពាណិជ្ជកម្មបានពិភាក្សាជាមួយស្ថាប័ន និងភាគីពាក់ព័ន្ធសំខាន់ៗ ដូចជាក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងយុត្តិធម៌, ធនាគារជាតិ, ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានធ្វើការសិក្សាស៊ីជម្រៅអំពីគំរូច្បាប់ E-Commerce អន្តរជាតិ សំដៅធ្វើឲ្យប្រសើរឡើងនូវចំណេះដឹង និងការប្រើប្រាស់ពាក្យបច្ចេកទេសទាំងឡាយ ដែលមាននៅក្នុងច្បាប់ថ្មីមួយនេះ មុនពេលធ្វើការបញ្ជូនឲ្យរដ្ឋសភាជាតិ ពិនិត្យ និងអនុម័ត៕