ដោយ ម៉ាណេត
វៀតណាមៈ ក្រុមហ៊ុន Viettel វៀតណាម និងក្រុមហ៊ុនទូរគមនាគមន៍កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីអនុវត្តការសាកល្បងបច្ចេកវិទ្យា5G នៅក្នុងរាជធានីភ្នំពេញក្នុងខែនេះ។ នេះបើយោងតាមសារព័ត៌មាន VN Express ដែលមានមូលដ្ឋាននៅវៀតណាមនេះផ្សាយកាលពីម្សិលមិញនេះ។
លោក Nhong Dinthon អគ្គនាយករងរបស់ក្រុមហ៊ុនបាននិយាយថា ក្រុមហ៊ុន Viettel Cambodia ឬMetfone បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីសាកល្បងបច្ចេកវិទ្យាជាមួយក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា ដែលជាក្រុមហ៊ុនរដ្ឋ ហើយកំពុងធ្វើការយ៉ាងឆាប់រហ័ស ដើម្បីដំឡើងឧបករណ៍បញ្ជូនទិន្នន័យ5G ដើម្បីចាប់ផ្តើមការសាកល្បងក្នុងខែនេះ។
-->
នៅក្នុងពិធីចុះហត្ថលេខានៅថ្ងៃអង្គារ ភាគីទាំងពីរក៏បានសន្យាថា នឹងចែករំលែកហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ខ្លួន វិនិយោគលើវិស័យអេឡិចត្រូនិក សុខភាពអេឡិចត្រូនិក ការអប់រំអេឡិចត្រូនិច កសិកម្មអេឡិចត្រូនិច ទីក្រុងឆ្លាត និងInternet ជាដើម។
កាលពីឆ្នាំមុន ក្រុមហ៊ុនមិត្តហ្វូនបានក្លាយជាប្រតិបត្តិករដំបូង គេនៅកម្ពុជាក្នុងការផ្តល់សេវា 4.5G LTE ។ វាក៏បានតំឡើងស្ថានីយ៍ផ្សាយ 4G ចំនួន១០០នៅទន្លេសាប ដែលត្រូវបានគេចាត់ទុកថា ជាតំបន់មួយដែលមានល្បឿន Internet យឺត។
កិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន Viettel ដើម្បីសាកល្បងសេវា 5G នៅកម្ពុជាបានមកដល់ពេលមួយខែ ក្រោយពីក្រុមហ៊ុននេះបានប្រើប្រាស់បច្ចេកវិទ្យា 5G ជាលើកដំបូងនៅវៀតណាម។ ក្រុមហ៊ុនមានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មាន និងគមនាគមន៍របស់វៀតណាមដើម្បីសាកល្បងសេវាកម្ម 5G របស់ខ្លួនរហូតដល់ថ្ងៃទី ២១ ខែមករាឆ្នាំ ២០២០។
បច្ចេកវិទ្យា 5G ជាបច្ចេកវិទ្យាជាជំនាន់ចុងក្រោយនៃការភ្ជាប់ Internet ចល័ត ហើយផ្តល់ល្បឿនលឿន និងការភ្ជាប់ដែលអាចជឿជាក់បានលើស្មាតហ្វូន និងឧបករណ៍ផ្សេងទៀត បើប្រៀបធៀបទៅនឹងបច្ចេកវិទ្យា 3G និង 4G ដែលមានស្រាប់។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងប្រទេសកម្ពុជា បានរៀបចំធ្វើតេស្តបង្ហាញជាលក្ខណៈសាកល្បងផ្លូវការដោយផ្ទាល់លើបច្ចេកវិទ្យា 5G ដំបូងបង្អស់នៅកម្ពុជា។ ការបង្ហាញជាលក្ខណៈសាកល្បងនេះមានឈ្មោះថា “ជម្រុញការអភិវឌ្ឍកម្ពុជាសម្រាប់អនាគត នៃការតភ្ជាប់និងការរស់នៅបែបឌីជីថល”៕