ដោយ វុត្ថា
ព្រះសីហនុៈ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើនបានស្នើដល់ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាជួយគាំទ្រ ដល់ការបើកទីតាំងសមាគមសារព័ត៌មានចិន និងបើកស្ថានកុងស៊ុលនៅខេត្តព្រះសីហនុ ដើម្បីធ្វើការផ្សព្វផ្សាយ និងសហការជាមួយរដ្ឋបាលខេត្ត ដល់ប្រជាជនចិន ដែលនឹងមកវិនិយោគ និងកំពុងវិនិយោគនៅខេត្តព្រះសីហនុ ។

-->
លោកគួច ចំរើន នៅក្នុងជំនួបពិភាក្សាជាមួយលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៩ ម្សិលមិញនេះថា ការអភិវឌ្ឍនៅខេត្តព្រះសីហនុ មានសន្ទុះយ៉ាងខ្លាំងក្នុងរយៈពេល២ឆ្នាំចុងក្រោយ ដែលធ្វើអោយខេត្ត ដែលធ្លាប់ជាតំបន់ទេសចរណ៍តែមួយមុខគត់ ប្រែក្លាយជាតំបន់ភូមិសាស្ត្រ ប្រជាសាស្ត្រ និងការអភិវឌ្ឍកើនឡើងលើគ្រប់វិស័យ។
លោកបន្តថា “ទន្ទឹមនឹងនោះ ក៏មានបញ្ហាប្រឈមកើតឡើងស្របពេលសំណង់អគារខ្ពស់ៗជាច្រើន បានកើនឡើងមិនធ្លាប់មាននៅក្នុងខេត្ត ផ្លូវថ្នល់ជាច្រើននកន្លែងបានខូចខាត ប្រលាយ លូ ប្រព័ន្ធទឹកស្អាតបម្រើមិនបានគ្រប់គ្រាន់ ទាន់សភាពការណ៍អភិវឌ្ឍន៍យ៉ាងគំហុគនេះ”។លោកបន្តថា “រដ្ឋបាលខេត្តព្រះសីហនុមានយន្តការ អនុវត្តវិធានការអប់រំ ផ្សព្វផ្សាយ ចែករំលែកការអនុវត្តនីតិវិធីច្បាប់ចំពោះវិនិយោគិន អោយយល់ដឹងពី វប្បធម៌ ច្បាប់ សង្គម និងការផ្សព្វផ្សាយអប់រំនៅកម្ពុជា”។
លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា លោកនឹងគាំទ្រជួយដោះស្រាយបញ្ហាប្រឈម កើតមាននៅខេត្តព្រះសីហនុតបតាមការស្នើរបស់អភិបាលខេត្តរូបនេះ។ លោកបន្តថា ស្ថានទូតចិននឹងមានជាគំរោង “កម្មវិធីខេត្តព្រះសីហនុ មានសុវត្ថិភាព”ដោយមានបញ្ជូលទាំងការ បណ្តុះបណ្តាល ការប្រើប្រាស់សំភារៈ បច្ចេកទេស និងសណ្តាប់ធ្នាប់ជាដើម។
ខេត្តព្រះសីហនុមានលំហូជជនជាតិចិនយ៉ាងយ៉ាងច្រើន ចាប់តាំងពីឆ្នាំ២០១៧ បន្ទាប់ពីទំនាក់ទំនងកម្ពុជា-ចិនកាន់តែមានមានភាពស្អិតល្មួត។ ប្រទេសចិនបានផ្ដល់ជំនួយឥតសំណង និងកម្ចីមកកម្ពុជាជាបន្តបន្ទាប់ ហើយកម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលចិន ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ឲ្យក្លាយជាតំបន់ទេសចរណ៍អន្ដរជាតិ និងក្លាយជាតំបន់សេដ្ឋកិច្ចពិសេស៕