រដ្ឋាភិបាល​គ្រោង​រៀបចំ​រដ្ឋាភិបាល​ឌីជីថល​ក្នុង​ការ​ប្រែក្លាយ​ទៅជា​សេដ្ឋកិច្ច​ឌីជីថល​

0

ដោយ​ ម៉ា​ណេត​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​គ្រោង​រៀបចំ​កសាង​ប្រព័ន្ធ​រដ្ឋាភិបាល​ អេ​ឡិក​ត្រូ​និក​នៅ​កម្ពុជា​ដើម្បី​ឆ្លើយតប​នឹង​ប្រព័ន្ធ​ការងារ​កុំព្យូទ័រ​ និង​ការ​ផ្តល់​សេវា​សាធារណៈ​ដល់​ប្រជាជន​។

គម្រោង​រៀបចំ​ការរៀបចំ​រដ្ឋាភិបាល​ឌីជីថល​ ត្រូវ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ត្រូវ​នឹង​ថ្ងៃទី១១​ ខែកក្កដា​ ឆ្នាំ២០១៩​ នៅ​ទី​ស្តី​ការក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។

លោក​ត្រាំ​ អ៊ី​វតឹ​ក រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ធ្វើ​បទ​បង្ហាញ​ឯកសារ​ទស្សនាទាន​ស្តី​ពី​ “ការ​កសាង​ប្រព័ន្ធ​រដ្ឋាភិបាល​អេ​ឡិក​ត្រូ​និក​នៅ​កម្ពុជា​” ក្រោម​អធិបតីភាព​លោក​អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​មាន​វត្តមាន​ចូលរួម​ពីសំណាក់​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មក​ពី​ក្រសួង​ទាំងពីរ​ផង​ដែរ​។

នា​ឱកាស​នោះ​រដ្ឋមន្ត្រី​ត្រាំ​ អ៊ី​វតឹ​ក បាន​ធ្វើ​បទ​បង្ហាញ​អំពី​ការរៀបចំ​ការងារ​ដែល​ពាក់ព័ន្ធ​នឹង​ការ​កសាង​រដ្ឋាភិបាល​អេ​ឡិក​ត្រូ​និក​ ដោយ​បាន​បង្ហាញ​នូវ​អភិក្រម​នៃ​ការបង្កើត​រដ្ឋាភិបាល​ឌីជីថល​ និង​បទ​ពិសោធ​ដែល​ប្រទេស​មួយចំនួន​ ដែល​ឈានមុខ​គេ​លើ​វិស័យ​នេះ​ ដូចជា​សាធារណរដ្ឋ​កូរ៉េ​ សិង្ហបុរី​ និង​អេស្តូនី​ជាដើម​ បាន​ធ្វើ​ក្នុង​ការ​អភិវឌ្ឍ​រដ្ឋាភិបាល​ឌីជីថល​។

ការ​កសាង​រដ្ឋាភិបាល​ឌីជីថល​ជា​ការងារ​មួយ​ដ៏​ធំ​ ដែល​ត្រូវ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល​គ្រប់​ជាន់ថ្នាក់​ តាមរយៈ​ការ​ធ្វើ​គោលនយោបាយ​ យុទ្ធសាស្ត្រ​ ការ​កសាង​ច្បាប់​លិខិត​បទដ្ឋាន​គតិយុត្តិ​ ការរៀបចំ​ស្ថាប័ន​គ្រប់គ្រង​ ការរៀបចំ​យុទ្ធសាស្ត្រ​ហិរញ្ញវត្ថុ​ សម្រាប់​រដ្ឋាភិបាល​អេ​ឡិក​ត្រូ​និក​ ការ​ធ្វើ​ផែនការ​តាម​ដំណាក់កាល​ ការរៀបចំ​គម្រោង​រដ្ឋាភិបាល​ អេ​ឡិក​ត្រូ​និក​របស់​រាជរដ្ឋាភិបាល​ ការអនុវត្ត​ប្រព័ន្ធ​ការងារ​កុំព្យូទ័រ​ និង​ការ​ផ្តល់​សេវា​សាធារណៈ​ដល់​ប្រជាជន​។

កិច្ចប្រជុំ​បាន​ពិភាក្សា​លើ​ការងារ​ជាអាទិភាព​នា​រយៈពេល​ខ្លី​ មធ្យម​ និង​វែង​ ក្នុង​ការរៀបចំ​រដ្ឋាភិបាល​ឌីជីថល​ ដែល​ជាស​សរ​ស្តម្ភ​មួយ​ក្នុង​ការ​ប្រែក្លាយ​ ទៅជា​សេដ្ឋកិច្ច​ឌីជីថល​ ដែល​ជា​ទិ​ន្នា​ការ​សកល​ និង​ឈាន​ទៅដល់​ Smart​ Nation​ នា​ថ្ងៃ​អនាគត​។

ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​ និង​ស័ក្តិសិទ្ធ​ភាព​នៃ​ការងារ​ និង​ធានា​នូវ​សង្គតភាព​នៃ​ប្រព័ន្ធ​រវាង​ក្រសួង​នានា​នៅពេលអនាគត​ អង្គប្រជុំ​យល់ឃើញ​ថា​ គួរ​បង្កើត​ក្រុមការងារ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ក្នុង​ការ​ពង្រាង​នូវ​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​ ដោយមាន​ការពិគ្រោះ​យោបល់​រវាង​គ្នា​ រវាង​អន្តរក្រសួង​ពាក់ព័ន្ធ​ ក៏ដូចជា​ជាមួយ​ក្រុមការងារ​សេដ្ឋកិច្ច​ឌីជីថល​ នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​កម្ពុជា​ ដើម្បី​ឈាន​ទៅដល់​ការសម្រេច​នូវ​គោលនយោបាយ​ ក៏ដូចជា​ផែនការមេ​រដ្ឋាភិបាល​ឌីជីថល​ នា​ឆ្នាំខាងមុខ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here