ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា បានអនុម័គម្រោងវិនិយោគសាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យចំនួន៤ គម្រោងបន្ថែមបន្ថែមទៀត ដែលជាគម្រោងត្រូវធ្វើការអភិវឌ្ឍ និងដាក់ឲ្យដំណើរការឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន សម្រាប់ជួយដល់ស្ថានភាពផ្គត់ផ្គង់អគ្គិសនីនៅក្នុងឆ្នាំ២០២០ និង ២០២១។
គំរោងនេះត្រូវបានអនុម័ត ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាព សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៩ នេះបានឱ្យដឹងថា ការអនុម័តគម្រោងនេះ គឺជាផែនការដោះស្រាយបញ្ហាប្រភពអគ្គិសនីសម្រាប់ឆ្នាំ ២០២០ និង ២០២១ ស្ថេរភាពនយោបាយ និងសន្តិភាពនៅកម្ពុជា បាននាំមកនូវការវិនិយោគផ្នែកសេដ្ឋកិច្ចដ៏ច្រើន លើគ្រល់វិស័យជាបន្តបន្ទាប់ រួមស្ថានភាពកាន់តែល្អនៅក្រោយការបោះឆ្នោតសកលឆ្នាំ២០២០ បានធ្វើឲ្យសកម្មភាពវិនិយោគនេះកើនលើសពេលមុនៗ ជះឥទ្ធិពលឲ្យការប្រើប្រាស់អគ្គិសនីនៅឆ្នាំ២០២១ និង ឆ្នាំបន្តបន្ទាប់ទៀត កើនឡើងច្រើនលើសពីការគ្រោងទុក។
-->
ការបន្ថែមស្ថានីយផលិតអគ្គិសនីដើរ ដោយពន្លឺព្រះអាទិត្យទាំង៤គម្រោងនេះ តាមការសិក្សា ដើម្បីឲ្យមានប្រសិទ្ធភាព ត្រូវបានគ្រោងដាក់ពង្រាយទៅតាមទីតាំងនៃបន្ទុកប្រើប្រាស់អគ្គិសនី ដូចខាងក្រោម គម្រោងទី១ នៅខេត្តពោធិ៍សាត់៣០មេហ្កាវ៉ាត់។ គម្រោងទី២ នៅខេត្តបាត់ដំបង៦០មេហ្កាវ៉ាត់។ គម្រោងទី៣ នៅខេត្តបន្ទាយមានជ័យ ៣០ មេហ្កាវ៉ាត់ និងគម្រោងទី៤ នៅបាវិត ខេត្តស្វាយរៀង២០មេហ្កាវ៉ាត់។
;ពិតមែនតែស្ថានីយផលិត អគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ផ្តល់ថាមពលអគ្គិសនីឲ្យយើងបានតិចតួចក្នុងរង្វង់១៨.៥% និងប្រែប្រួលជាប្រចាំទៅតាមស្ថានភាពពន្លឺតិច ឬច្រើន តាមម៉ោងនីមួយៗក៏ដោយ ប៉ុន្តែការអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនេះ ជាការអភិវឌ្ឍមួយដែលយើងអាចធ្វើបានរហ័ស និងមានការគាំទ្រផ្គល់ហិរញ្ញប្បទានច្រើន។
ដូច្នេះក្នុងសភាពការណ៍ ដែលយើងកំពុងតែខំរិះរកមធ្យោបាយបន្ថែម ប្រភពអគ្គិសនីផ្សេងៗ ផ្តល់ឲ្យប្រព័ន្ធផ្គត់ផ្គង់ ដើម្បីជៀសឲ្យផុតពីការខ្វះអគ្គិសនីនៅឆ្នាំ២០២០ និងឆ្នាំបន្តបន្ទាប់ទៀត ការអភិវឌ្ឍប្រភពអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យបន្ថែម គឺពិតជាមានសារៈសំខាន់ និងមានប្រយោជន៍ ដោយវាអាចជួយផ្តល់បន្ថែមប្រភពអគ្គិសនី ដើម្បីដោះស្រាយបង្គ្រប់កង្វះខាតសេចក្តីត្រូវការអគ្គិសនីផង និងជួយផ្តល់លទ្ធភាពឲ្យវារីអគ្គិសនីអាចរក្សាទុកទឹកក្នុងអាងបានច្រើនជាងមុន សម្រាប់ដំណើរការនៅពេលត្រូវការចាំបាច់ផង។
ផលប្រយោជន៍នៃការអភិវឌ្ឃគម្រោងទាំង៤នេះ នឹងទទួលបានអគ្គិសនីពីប្រភពថាមពលស្អាត កាត់បន្ថយការប្រើប្រាស់ឥន្ធនៈដែលមានថ្លៃខ្ពស់ ។ ផ្តល់បន្ថែមប្រភពអគ្គិសនីដោះស្រាយបង្គ្រប់កង្វះខាតផង និងជួយផ្តល់លទ្ធភាពឲ្យវារីអគ្គិសនីអាចរក្សាទុកទឹកក្នុងអាងបានច្រើនជាងមុន សម្រាប់ដំណើរការនៅពេលត្រូវការចាំបាច់ផង។ នាំមកនូវបច្ចេកវិទ្យាថ្មី ផ្តល់ការងារជូនប្រជាពលរដ្ឋទាំងក្នុងពេលសាងសង់ និងដំណើរការ។លើមូលដ្ឋាននៃច្បាប់ស្តីពី សារពើពន្ធដែលមានជាធរមាន រាជរដ្ឋាភិបាលនឹងទទួលបានចំណូលពន្ធប្រមាណ១,៨លានដុល្លារអាមេរិកក្នុង១ឆ្នាំ ជាមធ្យមក្នុងរយៈពេល២១ឆ្នាំ ដោយមិនទាន់គិតដល់ពន្ធដទៃទៀតដែលអគ្គិសនីកម្ពុជា និងអ្នកចែកចាយអគ្គិសនីដ៏ទៃទៀតត្រូវបង់នៅឡើយ៕