ដោយ វុត្ថា
ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋាភិបាលលោកផៃ ស៊ីផានបានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្មមន្ត្រីកម្ពុជាបានថ្លែងនៅក្នុងកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះ ឱ្យដឹងថា បញ្ហា EBA បានក្លាយជស្រមោលទៅហើយ។
លោក ផៃស៊ីផានសរសេរនៅក្នុងបណ្តាញសង្គមនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៩ នេះថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីទិដ្ឋភាពនៃទស្សនកិច្ចនៅអឺរ៉ុប ដែលសម្ដេចតេជោ បានជួបជាមួយថ្នាក់ដឹកនាំប្រជាជាតិ EU ហើយអ្វីដែលគេបានលើកនោះ គឺកិច្ចសហប្រតិបត្តិការណ៍ពាណិជ្ជកម្មតែប៉ុណ្ណោះ។
លោកបន្តថា “បញ្ហា EBA បានក្លាយជាស្រមោលទៅហើយ។ កិច្ចសហការពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងប្រជាជាតិដែលជាសមាជិកEU គឺជាមូលដ្ឋានគ្រឹះនិងទិសដៅនៃពាណិជ្ជកម្មកម្ពុជា”។
សម្តេតេជោ កាលពីកន្លងទៅតែងតែថ្លែងជារឿងថា កុំឱ្យមានការព្រួយបារម្ភពីការដក EBA នេះ ដោយសម្តេចថា ទោះបីដកយក EBA ទៅវិញ គឺសេដ្ឋកិច្ចកម្ពុជានៅបន្តលូតលាស់់ ហើយទៅថ្ងៃមុខសហភាពអឺរ៉ុបគង់តែដកទេ។
គណៈកម្មការអឺរ៉ុបនៅឆ្នាំ២០១៩ បានចាប់ផ្តើមដំណើរការផ្លូវការមួយនៃនីតិវិធីឈានទៅពិនិត្យលទ្ធភាពព្យួរជាបណ្តោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)» សម្រាប់កម្ពុជា ជាការឆ្លើយតបនឹងអ្វីដែលថាកម្ពុជា ធ្វើឲ្យខូចប្រជាធិបតេយ្យ និងមានការរំលោភសិទ្ធិមនុស្ស។
តែយ៉ាងនេះក្តី មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិថា កម្ពុជានៅតែអាចគេចផុតពីការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ ប្រសិនបើកម្ពុជា ព្រមស្ដារសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យឡើងវិញ។

សហភាពអឺរ៉ុប ជាទីផ្សារដ៏ធំមួយសម្រាប់ទំនិញរបស់កម្ពុជា។ ទំនិញកម្ពុជា ដែលនាំចេញទៅសហភាពអឺរ៉ុប មានដូចជាសម្លៀកបំពាក់គ្រប់ប្រភេទ ស្រោម ជើង ស្បែកជើង អង្ករ គ្រាប់ធុញ្ញជាតិ វត្ថុធ្វើពីស្បែក ឆ័ត្រ កៅស៊ូ និងទោចក្រយាន។ ទំនិញដែលកម្ពុជានាំទៅកាន់សហភាពអឺរ៉ុប មានទំហំទឹកប្រាក់ជាង៦ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ក្នុងទឹកប្រាក់បានពីការនាំចេញទៅកាន់អឺរ៉ុបនេះ បានធ្វើឲ្យកម្ពុជាចំណេញថវិកាជិត ៧០០លានដុល្លារអាមេរិកពីប្រព័ន្ធអនុគ្រោះពន្ធEBA៕






