ដោយនៅ វឌ្ឈនា
ព្រះសីហនុៈ ក្រុមហ៊ុនយក្សជប៉ុន Minebea Mitsumi នឹងជួយផ្តល់អំពូលភ្លើងឆ្លាតវៃ ប្រភេទ LED ដើម្បីជួយដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងគោលដៅលើកកំពស់សោភ័ណភាពនៅទីក្រុងដែលកំពុងមានភាពរីកចម្រើនយ៉ាងលឿននេះ។
លោក Ohira Kunihito អ្នកគ្រប់គ្រងទីផ្សារនៃក្រុមហ៊ុន Minebea Mitsumi ជប៉ុន ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងភ្នំពេញ បានបង្ហាញបច្ចេកវិទ្យាវ័យឆ្លាត អំពូល LED បំភ្លឺផ្លូវ ជូនដល់រដ្ឋបាលខេត្តព្រះសីហនុកាលពីដើមសប្តាហ៍នេះ។ កន្លងមកក្រុមហ៊ុនបានធ្វើការបំពាក់អំពូលភ្លើងវ័យឆ្លាត នៅរាជធានាភ្នំពេញ និងខេត្តសៀមរាបរួចហើយ។
លោកបន្តថា អំពូលភ្លើងវៃឆ្លាតប្រភេទ LED ដែលក្រុមហ៊ុន Minebea ផ្គត់ផ្គង់សម្រា ប់បំភ្លឺផ្លូវសាធារណៈ ជាអំពូលភ្លើង ដែលអាចសន្សំសំចៃថាមពលអគ្គិសនីរហូតដល់៨០ភាគរយ បើប្រៀបធៀបនឹងអំពូលភ្លើងធម្មតា និងអាចចំណេញថវិកាថែមទៀតផង។ ក្រុមហ៊ុនបានបំពាក់ដាក់ឱ្យប្រើប្រាស់សាកល្បងរួចហើយ នៅតាមវិថីសំខាន់ៗចំនួន៣ក្នុងរាជធានីភ្នំពេញដូចជា មហាវិថីព្រះនរោត្តម មហាវិថីសហព័ន្ធរុស្ស៊ី និងមហាវិថីសម្តេច តេជោហ៊ុនសែន អំពូលភ្លើងវ័យឆ្លាតធានាបាននូវសោភ័ណភាព និងបរិស្ថានយ៉ាងល្អប្រសើរ។
លោកឃាង ភារម្យ អ្នកនាំពាក្យសាលា ខេត្តព្រះសីហនុ និងជាអ្នកទទួលខុសត្រូវអំពូលភ្លើងសាធារណរបស់ខេត្តមានប្រសាសន៍ឱ្យដឹងថា រដ្ឋបាលខេត្តព្រះសីហនុ ត្រៀមខ្លួនធ្វើការគាំទ្រ ចំពោះការវិនិយោគបច្ចេកវិទ្យាអំពូលភ្លើង LED វ័យឆ្លាត របស់ប្រទេសជប៉ុននៅខេត្តព្រះសីហនុ ស្របពេលដែលកម្ពុជា មានសក្ដានុពលច្រើន សម្រាប់ធ្វើការវិនិយោគ និងស្របតាមចំណង់ចំណូលចិត្តរបស់ពលរដ្ឋកម្ពុជា ដែលចូលចិត្តប្រើប្រាស់នូវអ្វីដែលអាចកាត់បន្ថយថាមពល និងថវិកា។ ម្យ៉ាងទៀតប្រជាពលរដ្ឋកម្ពុជា ចូលចិត្តប្រើប្រាស់ផលិតផលជប៉ុន៕






