ដោយៈ រ៉ាណេត
ភ្នំពេញៈ មិនថាទោះជាការធ្វើអាជីវកម្ម ឬប្រកបមុខជំនួញអ្វីក៏ដោយ ដាច់ខាតមិនត្រូវចាប់ផ្តើមទៅតាមការនឹកឃើញ ឬចំណង់ចំណូលចិត្តរបស់ខ្លួនដោយគ្មានមូលដ្ឋាន និងគម្រោងការច្បាស់លាស់នោះទេ។
;ជាទ្រឹស្ដីរបស់អ្នកជោគជ័យនៅក្នុងការធ្វើអាជីវកម្ម រហូតបានពង្រីកវិសាលភាពក្រុមហ៊ុន និងឈានទៅបង្កើតអាជីវកម្មផ្សេងជាច្រើនប្រភេទ បានលើកឡើងថា គ្រប់ការធ្វើអាជីវកម្មទាំងអស់ គឺមិនត្រូវមើលរំលងនូវចំណុចសំខាន់ៗទាំង៤ ដូចខាងក្រោមជាដាច់ខាត។
ជាជំនួយដល់បណ្តាអ្នកដែលប្រាថ្នាបង្កើតអាជីវកម្ម ហើយទទួលបានជោគជ័យនៅលើវិថីរបស់ខ្លួន គួរតែសិក្សាពីចំណុចទាំង៤ ដែលគេមិនអាចខ្វះបាន រួមមាន ទី១ ថវិកា, ទី២ ពេលវេលា, ទី៣ ជំនាញ, ទី៤ ការសម្រេចចិត្តប្រកបដោយភាពត្រឹមត្រូវ។
ទី១ ថវិកា តាមធម្មតាការធ្វើអាជីវកម្មអាចទទួលបានជោគជ័យ និងទទួលបានហានិភ័យទន្ទឹមគ្នាផងដែរ ដូច្នេះដើម្បីឱ្យប្រាកដថាអាជីវកម្ម អាចដំណើរទៅមុខបានដោយរលូន លុះត្រាតែអ្នកជំនួញមានថវិកាគ្រប់គ្រាន់ សម្រាប់រៀបចំដំណើរការក្រុមហ៊ុន និងមានថវិកាបម្រុងមួយចំនួន នៅពេលដែលក្រុមហ៊ុនមានតម្រូវការចាំបាច់ ឬបន្ទាន់ណាមួយ ដែលថវិកាទាំងអស់នោះអាចមានប្រភពពីគ្រួសារផ្ទាល់ ឬមានប្រភពពីបងប្អូន ដៃគូសហការ ; ឬអាចជាប្រាក់កម្ចីក្នុងអំឡុងពេលចាំបាច់ណាមួយពីធនាគារក៏បាន”។
ទី២ ពេលវេលា ក្រៅពីថវិកា អ្នកជំនួញក៏ត្រូវចេះមើលឱកាស និងពេលវេលាសាកសមសម្រាប់ដំណើរការអាជីវកម្មរបស់ខ្លួន។ ថ្វីត្បិតថាអាជីវកម្មប្រភេទខ្លះ មានច្រើននៅលើទីផ្សារួចហើយ ប៉ុន្តែយើងនៅតែអាចមើលឃើញឱកាស ដើម្បីជំរុញផលិតផលរបស់ខ្លួន ចូលទៅក្នុងទីផ្សារបាន តែធ្វើយ៉ាងត្រូវមានការប្រកួតប្រជែងទាំងតម្លៃ និងគុណភាព ធ្វើយ៉ាងណាទទួលបានការគាំទ្រពីអតិថិជនជានិច្ចនិរន្តន៍។ អ្នកជំនួញវ័យឆ្លាតមិនគិតតែយកពេលវេលា ទៅប្រជែងជាមួយគេពេកទេ តែត្រូវទុកឱកាសស្វែងរកយុទ្ឋសាស្រ្តល្អៗ ដើម្បីពង្រឹងផលិតផលឬអាជីវកម្មរបស់ខ្លួន។
ទី៣ ជំនាញ ចង់ធ្វើអាជីវកម្មអ្វីមួយត្រូវប្រាកដថា ខ្លួនឯងមានជំនាញច្បាស់លាស់ ទើបអាជីវកម្មដំណើរទៅមុខដោយរលូន បើគ្មានជំនាញរវល់តែរឿងស្វែងរកឱ្យគេជួយ ត្រូវគឺត្រូវចំណាយពេលវេលា និងថវិកាអស់មួយចំនួនបាត់ទៅហើយ។ ក្រៅពីនេះអ្នកជំនួញ ត្រូវរកអ្នកជំនាញមកធ្វើការជាមួយឱ្យបាន សម្រាប់ជួយការងាររបស់ខ្លួន ពេលមានអ្នកជំនាញម្នាក់ធ្វើការស្មើអ្នកអត់ជំនាញ១០នាក់ក៍ថាបាន។
លើសពីនេះត្រូវដាក់មនុស្សទៅតាមជំនាញ និងចំណង់ចំណូលរបស់ពួកគេផង ទើបសង្វាក់ផលិតកម្មក្រុមហ៊ុន ដំណើរការទៅមុខបានលឿន។ ពិសេសត្រូវមានយុទ្ធសាស្ត្រទីផ្សារ អ្នកជំនាញផ្នែកទីផ្សារទើបអាចលក់ផលិតផលបានច្រើនក្នុងអំឡុងពេលខ្លី។
ទី៤ការសម្រេចចិត្ត មុននឹងសម្រេចចិត្តបើកអាជីវកម្ម ត្រូវមានការសម្រេចចិត្តច្បាស់លាស់ ពិសេសស្វែងរកមិត្តភក្រ្តឬអ្នកជំនាញ ធ្វើការប្រឹក្សាយោបល់ លើមុខជំនូញរបស់យើង ដើម្បីប្រាកដថាអាជីវកម្មដែលយើងចង់រកស៊ី អាចដំណើរការទៅបានដោយរលូន ឬយ៉ាងណា។ នៅពេលដែលមានការប្រឹក្សាយោបល់ច្បាស់លាស់ហើយ យើងត្រូវពិនិត្យពេលវេលាបន្ថែមទៀត បើគិតថាពេលវេលាមកដល់ហើយ ឱកាសបានហុចមកឱ្យហើយគួរចាប់ឱ្យជាប់ ដើម្បីយកឱកាសមកធ្វើជាប្រយោជន៍ឱ្យបាន៕






