ដោយៈ រ៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ហិរញ្ញប្បទានឥតសំណង់ដល់កម្ពុជាចំនួន ៥០០លានយេនបន្ថែមទៀត ដើម្បីជួយដល់ការអនុវត្តលើកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលចេញកាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ព្រឹកមិញនេះបានបញ្ជាក់ឱ្យដឹងថា នៅត្រឹមព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន រួមជាមួយនឹងលោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារស្តីពី ការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាបាលភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន៥០០លានយ៉េន (ប្រហាក់ប្រហែល ៤.៦លានដុល្លារ) សម្រាប់អនុវត្តគម្រោង “កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម” នៅកម្ពុជា។







