ដោយ វុត្ថា
ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រីអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់សារជាថ្មីថា សម្រាប់ឆ្នាំ២០១៩នេះ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវរំពឹងទុកថានឹងមានក្នុងរង្វង់ ៧,១%។

ដោយ វុត្ថា
ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រីអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់សារជាថ្មីថា សម្រាប់ឆ្នាំ២០១៩នេះ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវរំពឹងទុកថានឹងមានក្នុងរង្វង់ ៧,១%។

ឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យដឹងនៅក្នុងសិក្ខាសាលា ស្វែងយល់ពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះថា រាជរដ្ឋាភិបាលបានដាក់ចេញ និងជំរុញអនុវត្តវិធានការមុតស្រួចជាកញ្ចប់ សំដៅពន្លឿនការកែទម្រង់ជាច្រើន ដូចជា ការបញ្ចុះថ្លៃអគ្គិសនី ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងការកាត់បន្ថយចំណាយផ្លូវការ និងផ្លូវការក្នុងការធ្វើធុរកិច្ចជាដើម ក្នុងគោលដៅលើកកម្ពស់បរិយាកាស អំណោយផលដល់ការធ្វើធុរកិច្ច ដើម្បីបង្កើនទំនុកចិត្ត និងទាក់ទាញវិនិយោគិន ទំាងក្នុងនិងក្រៅប្រទេស ដើម្បីឲ្យកម្ពុជាសម្រេចបាននូវឋានៈ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកឧបនាយករដ្ឋមន្រ្តីបន្តថា នៅក្នុងឆ្នាំ២០១៨អត្រាកំណើនសេដ្ឋកិច្ចរបស់កម្ពុជា សម្រេចបាន៧,៥% ដែលជាកំណើនមួយខ្ពស់បំផុត នៅក្នុងរយៈពេល១០ឆ្នាំចុងក្រោយ។ ទន្ទឹមនឹងនេះ អត្រាអតិផរណាមធ្យមប្រចំាឆ្នាំ ត្រូវបានគ្រប់គ្រងឲ្យស្ថិតនៅក្នុងកម្រិតទាបប្រមាណ២,៥%។ នៅក្នុងឆ្នាំ២០១៨កន្លងទៅ ចំណូលចរន្តថវិកាជាតិមានការកើនឡើងល្អប្រសើរ ក្នុងអត្រាប្រមាណ២០,៤% ដែលធ្វើឲ្យចំណូលចរន្តនៃថវិកាជាតិ មានទំហំស្មើនឹងប្រមាណ ២១,៩៦%នៃផសស។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានកោតសរសើររាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០១៨ ប្រកបដោយភាពត្រឹមត្រូវ និងសមស្រប ដោយធានាបាននូវស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និងកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន និងបានជំរុញដល់ការវិនិយោគទាំងក្នុងស្រុក និងវិនិយោគផ្ទាល់ពីបរទេស ហើយបានធ្វើឲ្យកំនើនសេដ្ឋកិច្ច សម្រេចបានលើសពីការរំពឹងទុករហូតដល់ ៧,៥%។
សម្តេចអគ្គក៏បានលើកទឹកចិត្តដល់រាជរដ្ឋាភិបាលក្នុងការបន្ត និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីរក្សា និងធានានូវកំណើនសេដ្ឋកិច្ចខ្ពស់រ៉ឹងមាំ និងមាននិរន្តរភាព និងអាចដោះស្រាយបញ្ហាប្រឈមនានា។ សម្តេចបានជំរុញដល់រាជរដ្ឋាភិបាល បន្តអភិវឌ្ឍន៍ និងការគ្រប់គ្រងធនធានមនុស្ស ក្នុងវិស័យសាធារណៈឱ្យកាន់តែប្រសើរ ដើម្បីឆ្លើយតបទៅនឹងបរិការណ៍នៃចរន្តវិវត្តន៍ សេដ្ឋកិច្ចតំបន់ និងសកលលោក។ បន្តអភិវឌ្ឍន៍វិស័យកសិកម្ម ដោយផ្តោតលើការបង្កើនផលិតភាព ពិពិធកម្ម ការកែច្នៃកសិផល និងពាណិជ្ជរូបនីយកម្ម៕