ដោយ Donald Lee
ភ្នំពេញៈ ខណៈលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានបង្កើនភាពតានតឹងពាណិជ្ជកម្មជាមួយប្រទេសចិន និងវៀតណាម ក្រុមហ៊ុនផលិតកម្មអន្តរជាតិជាច្រើនកំពុងសម្លឹងមើលប្រទេសកម្ពុជា ដើម្បីធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មរបស់ពួកគេដើម្បីស្វែងរកកន្លែងដែលមានសុវត្ថិភាព ដើម្បីផ្គត់ផ្គង់ខ្សែចង្វាក់ផ្គត់ផ្គង់របស់ពួកគេ។

-->
ក្រុមហ៊ុន Eclat Textile Co ដែលផ្គត់ផ្គង់ផលិតផលពាក់កណ្តាលសម្រេចដល់ក្រុមហ៊ុន Nike Inc. និងក្រុមហ៊ុន Lululemon Athletica Inc កំពុងធ្វើផែនការបង្កើតរោងចក្រនៅកម្ពុជា ឬឥណ្ឌូនេស៊ី។ ក្រុមហ៊ុនរំពឹងថានឹងវិនិយោគយ៉ាងហោចណាស់ ៨០លានដុល្លារ ដើម្បីបង្កើតខ្សែចង្វាក់ផលិតកម្ម១២០ បន្ទាត់ទំនិញនៅក្នុងប្រទេសមួយ រវាងប្រទេសទាំងពីរ។ ការសម្រេចចិត្តនៃទីតាំងជាក់លាក់ នឹងត្រូវបានសំរេចក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ នេះបើយោងតាមក្រុមហ៊ុន Eclat។
អាមេរិកគឺជាទីផ្សារធំទីពីររបស់កម្ពុជា និងទទួលបានការដំណើរការពាណិជ្ជកម្មសេរីក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម GSP។
ពាណិជ្ជកម្មរវាងអាមេរិក និងកម្ពុជាបានកើនឡើងដល់ជាង១ពាន់លានដុល្លារនៅក្នុងត្រីមាសដំបូងនៃឆ្នាំនេះ។ ប្រទេសកម្ពុជាបាននាំចេញទំនិញមានតម្លៃ១,១២ពាន់លានដុល្លារអាមេរិកទៅកាន់អាមេរិកពីខែ មករាដល់ខែមីនា។ ការនាំចេញកម្ពុជាកាលពីឆ្នាំមុនក្នុងអំឡុងពេលដូចគ្នា មានតម្លៃប្រមាណ៩០៣,៦ លានដុល្លារ។ ការនាំចេញរបស់កម្ពុជាទៅកាន់អាមេរិក សរុបមានតម្លៃប្រមាណ ៣,៩ ពាន់លានដុល្លារកាលពីឆ្នាំមុន។
ក្រុមហ៊ុន Eclat បានផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ខ្លួន ទៅកាន់ប្រទេសវៀតណាមនៅក្នុងឆ្នាំ២០១៦ សម្រាប់លក្ខខណ្ឌផលិតកម្មតម្លៃទាប និងល្អប្រសើរជាងមុន។ ប៉ុន្តែដោយសារសង្គ្រាមពាណិជ្ជកម្មអាមេរិក ចិនបានពង្រីកទៅប្រទេសវៀតណាមកាលពីខែមុន ក្រុមហ៊ុននេះត្រូវបានរំពឹងថា នឹងធ្វើពិពិធកម្មរោងចក្រផលិតរបស់ខ្លួន ដោយសង្ឃឹមថានឹងបង្កើនតម្លៃទំនិញ ដើម្បីឆ្លើយតបនឹងការដំនឡើងពន្ធអាមេរិក លើទំនិញវៀតណាម។
លោក Hung Cheng-hai ប្រធានក្រុមហ៊ុន Eclat បានថ្លែងក្នុងរបាយការណ៍មួយថា “ការវិនិច្ឆ័យពីស្ថានភាពសកលលោក ជាអ្វីដែលសំខាន់បំផុតគឺការធ្វើពិពិធកម្ម”។
លោកបន្ថែមថា “អតិថិជនក៏ចង់ឱ្យយើងធ្វើពិពិធកម្មហានិភ័យ និងមិនចង់ឱ្យមានមូលដ្ឋានផលិតកម្មមាននៅក្នុងប្រទេសមួយ។ ឥលូវនេះ៥០ភាគរយ នៃសំលៀកបំពាក់របស់យើង ត្រូវបានផលិតនៅក្នុងប្រទេសវៀតណាម ដូច្នេះយើងមិនមានការធ្វើពិពិធកម្មបែបគ្រប់គ្រាន់ទេ”។
កាលពីខែមុន លោកប្រធានាធិបតីអាមេរិកTrump បានដាក់សម្ពាធលើវៀតណាមតាមរយៈការបញ្ចេញមតិតាមទូរទស្សន៍អាមេរិក។
លោក Trump បានមានប្រសាសន៍ថា “មានក្រុមហ៊ុនជាច្រើន កំពុងធ្វើដំណើរទៅកាន់វៀតណាម ប៉ុន្តែវៀតណាមទាញយកប្រយោជន៍ពីយើងច្រើនជាងប្រទេសចិន”។
លោកបន្តថា “យើងកំពុងពិភាក្សាជាមួយវៀតណាម។ វៀតណាមគឺប្រទេសយកកេងចំណេញច្រើនជាងគេ បើទោះជាប្រទេសតូចជាងប្រទេសចិនក្តី ប៉ុន្តែប្រទេសនេះស្ទើរតែជាប្រទេសបំពានដ៏ខ្លាំងជាងគេទៅទៀត”។
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រដ្ឋាភិបាលអាមេរិកបានរិះគន់ឧស្សាហកម្មដែកថែបរបស់វៀតណាម ដោយដំឡើងពន្ធលើដែកថែបវៀតណាម ៤០០ភាគរយ។
រដ្ឋាភិបាលអាមេរិកបានអះអាងថា ប្រទេសវៀតណាមបានគេចវេសកាតព្វកិច្ចពន្ធអាមេរិក ដោយការនាំចូលដែកថែបពីកូរ៉េខាងត្បូង និងតៃវ៉ាន់ បន្ទាប់ធ្វើការដំណើរការកែច្នៃ មុនពេលនាំចេញទៅអាមេរិកដោយអះអាងជាផលិតផលវៀតណាម។
ក្រុមហ៊ុនចិនបានកំពុងធ្វើដំណើរទៅប្រទេសកម្ពុជា និងប្រទេសជាសមាជិកអាស៊ានផ្សេងទៀត ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនបានរីករាលដាលកាលពីប៉ុន្មានខែមុន។
ឧទាហរណ៍ ការផលិតកង់រាប់លាននៅកម្ពុជា នឹងចាប់ផ្តើមនៅឆ្នាំនេះ ដោយសារក្រុមហ៊ុនផលិតកង់ពីប្រទេសចិន កំពុងធ្វើផ្លាស់ទីតាំងផលិតកម្មមកកាន់កម្ពុជា។
ក្រុមហ៊ុន Shanghai General Sports បានបើករោងចក្រថ្មីមួយនៅភ្នំពេញនៅខែនេះ ជាមួយក្រុមហ៊ុនផលិតកង់ធំៗ ចំនួនពីរ គឺក្រុមហ៊ុន Evergrand Bicycle និងក្រុមហ៊ុន XDS Bicycle ដែលត្រូវបានចុះបញ្ជីកាលពី៣ខែមុន។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម។ នៅឆ្នាំ២០១៨នៅកម្ពុជា រោងចក្រផលិតកង់ជិត ១,៤លានគ្រឿងដែលមានតម្លៃប្រមាណ ២៨៧លានដុល្លារ៕