ដោយ វុត្ថា
បាត់ដំបងៈ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានយល់ច្បាស់ និងបានចាត់ទុកភាពក្រីក្រជាការខាតបង់សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ភាពមិនអាចទទួលយកបានខាងសីលធម៌ និងភាពបែកបាក់នៃសង្គម និងបានដាក់ចេញនិងអនុវត្ដយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយកំណែទម្រង់លើគ្រប់ផ្នែក។

-->
លោកឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានពន្យល់នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការចាប់ផ្តើមដំណើរការអនុវត្ត អត្តសញ្ញាណកម្មគ្រួសារក្រីក្រខេត្តបាត់ដំបង ឆ្នាំ២០១៩ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នេះ បានឱ្យដឹងថា ដោយយល់ច្បាស់ពីបញ្ហានេះ រដ្ឋបាភិបាលបច្ចុប្បន្ន បានកំពុងអនុវត្តយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៣ និងបន្តឈានទៅអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីជំរុញកំណើនការងារ សមធម៌និងប្រសិទ្ធភាពនៅកម្ពុជា ដែលគោលដៅទាំងនេះគឺជាកត្ដាគន្លឹះសម្រាប់ ការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (២០១៦-២០៣០) និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
លោករដ្ឋមន្ត្រីបន្តថា កម្មវិធីអត្ដសញ្ញាណកម្មគ្រួសារក្រីក្រ ចាប់តាំងពីឆ្នាំ២០១២មក រាជរដ្ឋាភិបាលកម្ពុជា បានវិភាជន៍ថវិកាបដិភាគជាបន្ដបន្ទាប់ សម្រាប់ការងារអត្ដសញ្ញាណកម្មគ្រួសារក្រីក្រ នៅទីជនបទ ហើយចាប់ពីឆ្នាំ២០១៥មករាជរដ្ឋាភិបាលជាអ្នកផ្តល់ថវិកាទាំងស្រុងសម្រាប់ការងារនេះ។
លោករដ្ឋមន្ត្រីបន្ថែមថា កន្លងទៅថ្មីៗនេះ ដោយសារព្រះរាជាណាចក្រកម្ពុជា អនុវត្តប្រកបដោយជោគជ័យ នូវចំណុចគោលដៅភាគច្រើន នៃគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ជាពិសេសការកាត់បន្ថយភាពក្រីក្រ បានឆាប់រហ័សពី ៤៧% នៅក្នុងឆ្នាំ២០០៧ និងរង្វង់១៤%នៅឆ្នាំ២០១៤ ហើយកម្ពុជាត្រូវបានអង្គការសហប្រជាជាតិ ជ្រើសជាប្រទេសគំរូសម្រាប់ការសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ នោះក៏មានប្រទេសមួយចំនួននៅក្នុងតំបន់ បានបញ្ជូនប្រតិភូមករៀនសូត្របទពិសោធន៍អំពីការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ។

រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងផែនជាសេនាធិការ បានរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផយអជ)ជាបន្តបន្ទាប់ ដែលបច្ចុប្បន្ននេះស្ថិតក្នុងដំណាក់កាលនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ សម្រាប់អនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដោយបានកំណត់នូវអាទិភាពនានា សូចនាករ ពេលវេលា និងធនធានច្បាស់ លាស់សម្រាប់ការអនុវត្ត និងមានកំណត់យន្តការសម្រាប់តាមដានត្រួតពិនិត្យនិងវាយតម្លៃផ្អែកលើក្របខ័ណ្ឌលទ្ធផល និងអំពីការទទួលខុសត្រូវរបស់ក្រសួងស្ថាប័នទៅតាមមុំនៃអាទិភាពនីមួយៗ ដើម្បីឈានទៅសម្រេចបាននូវកំណើនសេដ្ឋកិច្ច ៧% និងកាត់បន្ថយភាពក្រីក្រឱ្យបានលើសពី១%ក្នុងមួយឆ្នាំ និងដើម្បីទទួលបានផលចំណេញខ្ពស់ពីការធ្វើសមាហរណ កម្មសេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ និងឈានឡើងពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕