ក្រសួងទេសចរណ៍​ដាក់​ឱ្យ​ប្រើប្រាស់​ App​ «Kingdom​ of​ Wonder​» លើកដំបូង​ដើម្បី​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​

0

ដោយ​នៅ​ វឌ្ឈ​នា​

សៀម​រា​បៈ​ ក្រសួងទេសចរណ៍​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ នូវ​កម្មវិធី​ទូរស័ព្ទ​ដៃ​ឆ្លាតវៃ​ ឬហៅ​ថា​ Mobile​ Application​ (App​) ថ្មី​លើកដំបូង​ដែល​មានឈ្មោះ​ថា​ «Kingdom​ of​ Wonder​» ដើម្បី​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​របស់​ខ្លួន​ តាម​ប្រព័ន្ធ​ឌីជីថល​ ទៅកាន់​ទីផ្សារ​ទេសចរណ៍​ពិភពលោក​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។

អនុរដ្ឋ​លេខាធិការ​ក្រសួងទេសចរណ៍​លោក​ គុជ​ បញ្ញា​សាបាន​មានប្រសាសន៍​ក្នុង​សិក្ខាសាលា​ស្ដីពី​ ការ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា​តាម​ប្រព័ន្ធ​ឌីជីថល​ នា​ថ្ងៃទី១៦​ ខែកក្កដា​ ឆ្នាំ២០១៩​ បានឱ្យ​ដឹង​ថា​ គោលបំណង​នៃ​សិក្ខាសាលា​ គឺ​ដើម្បី​បង្កើន​ការយល់​ដឹង​ និង​ចែករំលែក​បទពិសោធន៍​ដល់​ភាគី​ពាក់ព័ន្ធ​ ក្នុង​វិស័យ​ទេសចរណ៍​ ស្តី​ពី​ការប្រើ​ប្រាស់​ប្រព័ន្ធ​ឌីជីថល​ ក្នុង​ការ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​ ក៏ដូចជា​ការ​ប្រែក្លាយ​សេវាកម្ម​នានា​ក្នុង​វិស័យ​ទេសចរណ៍​ ឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ និង​មានប្រសិទ្ធភាព​ខ្ពស់​ ស្របតាម​និន្នាការ​ថ្មី​នៃ​សាកលលោក​ នា​យុគសម័យ​បដិវត្ត​ឧស្សាហកម្ម៤.០​។

លោក​បន្ត​ថា​ និន្នាការ​នៃ​ការប្រើ​ប្រាស់​ប្រព័ន្ធ​ឌីជីថល​ ទទួល​បានការ​ពេញនិយម​កាន់តែ​ច្រើន​ពីសំណាក់​ប្រជាជន​ ក៏ដូចជា​ទេសចរ​ជុំវិញ​ពិភពលោក​ ដោយ​គិត​ត្រឹម​ឆ្នាំ២០១៨​ មាន​អ្នកប្រើ​ប្រាស់​រហូតដល់ ៤.១ពាន់​លាន​នាក់​ ក្នុង​នោះ​ Facebook​ មាន​អ្នកប្រើ​ប្រាស់​ចំនួន​ ២.៣២ពាន់​លាន​នាក់​ និង​ YouTube​ មាន​អ្នកប្រើ​ប្រាស់​ចំនួន ១.៨ពាន់​លាន​នាក់​។

ដូច្នេះហើយ​បាន​ជា​ក្រសួងទេសចរណ៍​កម្ពុជា​ រៀបចំ​ឱ្យ​មានកម្ម​វិធី​នៅ​លើ​ទូរស័ព្ទ​ដៃ​ឆ្លាតវៃ​ «Kingdom​ of​ Wonder​» នេះ​ឡើង​ ដើម្បី​ដាក់​ឱ្យ​ទេសចរ​ជាតិ​-អន្តរជាតិ​ទាញ​យក​ (Download​) ក្នុង​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ iOS​ (App​ Store​) និង​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ Android​ (Play​ Store​) ដោយ​ឥតគិតថ្លៃ​។

កម្មវិធី​ទូរស័ព្ទ​ដៃ​ឆ្លាតវៃ​ «Kingdom​ of​ Wonder​» គឺ​ជា​បណ្តុំ​ព័ត៌មាន​ទេសចរណ៍​សំ​ខាន់​ៗរបស់​កម្ពុជា​ ដែល​រួមមាន​គោលដៅ​ទេសចរណ៍​ ព្រឹត្តិ​ការណ៍​ទេសចរណ៍​ផែនទី​ទេសចរណ៍​ ជើងហោះហើរ​ អាកាសធាតុ​ ភោជនីយដ្ឋាន​ កន្លែង​ស្នាក់នៅ​ មធ្យោបាយ​ធ្វើដំណើរ​ក្នុង​ស្រុក​ និង​ព័ត៌មាន​សំ​ខាន់​ៗដទៃទៀត​ ដែល​ផ្តល់​ភាព​ងាយស្រួល​ ក្នុង​ការស្វែងរក​ព័ត៌មាន​ និង​គ្រប់ជ្រុងជ្រោយ​សម្រាប់​ភ្ញៀវ​ទេសចរ​ ដែល​មានបំណង​ទស្សនា​កម្ពុជា​ ទាំង​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត​។

អនុរដ្ឋ​លេខាធិការ​បាន​រូប​នេះ​បាន​ស្នើ​ភាគី​ពាក់ព័ន្ធ​ ក៏ដូចជា​ផ្នែកឯកជន​ក្នុង​វិស័យ​ទេសចរណ៍​ ចូលរួម​ផ្សព្វផ្សាយ​ដល់​បណ្តាញ​ និង​អតិថិជន​របស់​ខ្លួន​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​ និង​ត្រៀមខ្លួន​ចាប់​យក​ឱកាស​ទាញ​យក​ប្រយោជន៍​ពី​ប្រព័ន្ធ​ឌីជីថល​ឱ្យ​បាន​ច្រើន​តាមដែល​អាច​ធ្វើ​បាន​ ជាពិសេស​ប្រែក្លាយ​សេវាកម្ម​ក្នុង​អាជីវកម្ម​របស់​ខ្លួន​ ឱ្យ​ស្របតាម​និន្នាការ​ថ្មី​នៃ​សាកលលោក​។

តាមរយៈ​កម្មវិធី​ទូរស័ព្ទ​ឆ្លាតវៃ​ខាងលើ​ ក្រសួងទេសចរណ៍​រំពឹង​ថា​ ទេសចរ​ជាតិ​-អន្តរជាតិ​ និង​ក្រុមហ៊ុនទេសចរណ៍​ទាំងអស់​មាន​ភាព​ងាយស្រួល​ ក្នុង​ការស្វែងរក​ពត៌មាន​ទេសចរណ៍​ ដើម្បី​សម្រេច​នូវ​កំណើន​ទេសចរ​អន្តរជាតិ​ ៦.៦លាន​នាក់​ ក្នុង​ឆ្នាំ២០១៩​ និង​ជាង៧លាន​នាក់​នៅ​ឆ្នាំ២០២០​៕

LEAVE A REPLY

Please enter your comment!
Please enter your name here