ដោយនៅ ស៊ីវុត្ថា
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា និងម៉ូណាកូ បានបង្កើតទំនាក់ទំនងជាផ្លូវការជាមួយគ្នាហើយកាលពីទី១១ខែកក្កដា ឆ្នាំ២០១៩កន្លងមកនេះ ក្នុងគោលបំណងជំរុញការយោគយល់គ្នាទៅវិញទៅមក ដើម្បីពង្រឹងបំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាប្រជាជនទាំងពីរ។
យោងតាមសេចក្តីថ្លែងការណ៍រួមស្តីពី ការបង្កើតទំនាក់ទំនងការទូតរវាប្រទេសទាំងពីរបានឱ្យដឹងកាលពីចុងសប្តាហ៍មុនបានឲ្យដឹងថា ដោយឈរលើគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ជាពិសេសក្នុងគោលបំណងគោរព និងលើកកម្ពស់សន្តិភាព និងសន្តិសុខអន្តរជាតិសមភាពរវាងរដ្ឋ និងរដ្ឋ អធិបតេយ្យភាពជាតិ ឯករាជ្យភាព កិច្ចព្រមព្រៀងអន្តរជាតិ បូរណភាពទឹកដី និងការមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរដ្ឋដទៃ។
កម្ពុជា និងម៉ូណាកូ សម្រេចង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនេះតទៅ ដោយអនុលោមតាមច្បាប់បទបញ្ញញ្ញត្តិនៃអនុសញ្ញាទីក្រុងវីយ៉ែន ស្តីពីទំនាក់ទំនងការទូត ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ ១៩៦១។
ប្រទេសម៉ូណាកូមានប្រជាជនចំនួន ៣៨, ៨៩៧នាក់ និងផលទុនជាតិសរុបសំរាប់មនុស្សម្នាក់ៗក្នុង១ឆ្នាំ ១៨៥ ៣៩៦ដុល្លារ និងមានទីក្រុងឈ្មោះម៉ូណាកូ។ ប្រទេសនេះជាប្រទេសតូចជាងគេបំផុតលំដាប់ទី២នៅលើពិភពលោក បន្ទាប់ពីបុរីវ៉ាទីកង់។ នេះបើតាមតួលេខឆ្នាំ២០១៨៕







