ដោយ វុត្ថា
ភ្នំពេញៈ សហភាពអឺរ៉ុបនឹងផ្តល់ហិរញ្ញប្បទានឥតសំណង តាមកម្មវិធីកែទម្រង់ចំនួន៣មានថវិកាចំនួន២៦.៨ លានអឺរ៉ូដល់កម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-សហភាពអឺរ៉ុប។
នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី១៥ ខែកក្កដាកន្លងមក លោក George Edgar) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបាន ពិភាក្សាអំពីការអនុវត្តកម្មវិធី សម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-សហភាពអឺរ៉ុបជាមួយ ដោយបានបង្ហាញជំហរបន្តគាំទ្រ និងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា តាមការ កំណត់ក្នុងកិច្ចព្រមព្រៀងហិរញ្ញប្បទាន ឥតសំណងតាមកម្មវិធីកែទម្រង់នីមួយៗនៃកិច្ចសហប្រតិបត្តិការកម្ពុជាសហភាពអឺរ៉ុប ការវាយតម្លៃនៃការអនុវត្តក្របខណ្ឌឆ្នាំ២០១៨ មានជាលទ្ធផល ទី១ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ត្រូវបើកផ្តល់ថវិកាសម្រាប់ឆ្នាំ ២០១៩ ចំនួន៤,៣លានអឺរ៉ូ។ ទី២ ភាពជាដៃគូកំណែទម្រង់វិស័យអប់រំឆ្នាំ២០១៨-២០២១ ត្រូវបើកផ្តល់ថវិកាសម្រាប់ឆ្នាំ២០១៩ ចំនួន១៧.៥ លានអឺរ៉ូ និង៣ កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ) ត្រូវបើកផ្តល់ថវិកាសម្រាប់ឆ្នាំ២០១៩ ចំនួន៥.០ លានអឺរ៉ូ ។






