ដោយ វុត្ថា
ភ្នំពេញ៖ ធនាគារកាណាឌីយាបានចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នាលើគម្រោងកម្ចីហិរញ្ញប្បទាន ស្ត្រីវៃឆ្លាតចំនួន ២០លានដុល្លារអាមេរិក ដល់សមាគមសហគ្រិនស្តី្រកម្ពុជា ដើម្បីលើកម្ពស់សហគ្រាសខ្នាតតូច និងមធ្យម (SME)។

ប្រធានសមាគមហគ្រិនស្រ្តីកម្ពុជា លោកស្រីអេង លីគង់ បានឱ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០១៩នេះថា គម្រោងនេះ ពិតជាល្អណាស់សម្រាប់សហគ្រិនជាស្ត្រី ជាពិសេសសហគ្រិនជាស្ត្រី ដែលជាស្ត្រីនៅក្នុងសមាគមសហគ្រិនស្ត្រីកម្ពុជា ក្នុងទទួលបានកម្ចីក្នុងអត្រាការប្រាក់ទាប ដែលកាលពីមុនសហគ្រិនដែលជាស្រ្តីមានបញ្ហាដូចជាការខ្វះលុយប្រកបអាជីវកម្ម ក៏ដូចជាពិបាកក្នុងការទៅខ្ចីនៅធនាគារក្នុងចំនួនលុយទាប ហើយមានអត្រាការប្រាក់ខ្ពស់។
លោកស្រីបន្ថែមទៀតថា ស្ត្រីដែលជាសហគ្រិនមួយចំនួនពិបាក ក្នុងការរៀបចំឯកសារក្នុងការទទួលបានកម្ចីពីធនគារ តែក្នុងគម្រោងកម្ចីហគ្រិនវៃឆ្លាតនេះ របស់ធនាគារកាណាឌីយា ក្នុងអត្រាទាបមានភាពងាយស្រួលសម្រាប់សហគ្រិនជាស្ត្រី។ ម្យ៉ាងគម្រោងនេះ មិនមានកំណត់ពេលវេលានោះទេ ដោយខាងធនាគារកាណាឌីយ៉ា ចាត់ទុកសមាគមន៍សហគ្រិនស្ត្រីកម្ពុជាជាដៃគូយូអង្វែង។
លោក ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ដែលជាដៃគូសមាគមសហគ្រិនស្រ្តីកម្ពុជាបានឱ្យដឹងដែរថា កញ្ចប់ហិរញ្ញប្បទានចំនួន២០លានដុល្លារនេះ គឺជាគម្រោងរបស់ធនាគារកាណាឌីយ៉ា ផ្តល់ដល់សហគ្រិនស្ត្រីក្នុងការលើកម្ពស់អាជីវកម្មរបស់ស្ត្រីមានការរីកលាស់។ លោកស្រីបន្ថែមថា បើសហគ្រិនស្ត្រីរូបណា ដែលមានបំណងចង់ពង្រីកអាជីវកម្មអាចដាក់ពាក្យស្នើសុំកម្ចី ក្នុងអត្រាការប្រាក់ទាបបំផុត ដែលមានការគាំទ្រពីធនាគារ តាមរយៈសមាគមសហគ្រិនស្ត្រីកម្ពុជាក្នុងទំហំ ៧% ក្នុងមួយឆ្នាំ។
លោកស្រីបញ្ជាក់ថា “នេះជាឱកាសល្អដល់សហគ្រិនស្ត្រីកម្ពុជា ក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន ឱ្យមានការរីកចម្រើនទៅមុខទៀត ខណៈដែលភាកច្រើនពួកគាត់នៅមានខ្វះខាតថវិការនៅឡើយ”។

លោកស្រីកែវ មុំ អតីតប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា និងជាអគ្គនាយិការោងចក្រផលិតនំស្រួយ លីលីបានឱ្យដឹងដែរថា គម្រោងនេះ ល្អណាស់សម្រាប់សហគ្រិនស្ត្រីដែលធនាគារបានគិតគូរ ជាពិសេសរដ្ឋាភិបាលដែលបានជំរុញ ឱ្យបង្កើតឱ្យមានធនាគារសម្រាប់ស្ត្រីនេះ ព្រោះប្រទេសមួយចំនួននៅលើពិភពលោក ក៏គេបានគិតគូដល់សហគ្រិនជាស្ត្រីផងដែរ។
សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) មកដល់ពេលបច្ចុប្បន្ននេះ មានសមាជិកប្រមាណជាង៥០០នៅទូទាំងប្រទេសកកម្ពុជា៕






