កាណាដា​គ្រោង​ទិញ​សម្លៀកបំពាក់​ពី​កម្ពុជា​ក្នុង​តម្លៃ​ជាង​ ៩១លាន​ដុល្លារ​ នៅក្នុង​ឆ្នាំ​ ២០១៩​-២០២០

0

​ដោយ​ វុត្ថា​

ភ្នំពេញ​៖ ប្រទេស​កាណាដា​បាន​ប្រកាស​ថា​ ខ្លួន​មាន​គម្រោង​ទិញ​ផលិតផល​សម្លៀកបំពាក់​ពី​កម្ពុជា​ ក្នុង​តម្លៃ​ទឹកប្រាក់​ជាង​ ៩១លាន​ដុល្លារ​អាមេរិក​ សម្រាប់​ឆ្នាំ២០១៩​ និង២០២០​ ដែល​ខ្ពស់​ជាង​ការ​បញ្ជាទិញ​ពី​ប្រទេស​ចិន​។

នៅក្នុង​ជំនួប​ជាមួយ​ លោក​ ឱក​ ប៊ុ​ង រដ្ឋមន្រ្តី​ស្ដីទី​ក្រសួង​ពាណិជ្ជកម្ម​ កាលពី​ពេល​ថ្មី​ៗនេះ​ លោ​កហ្គា​រី​ រ៉ូស​ (Gary​ Ross​) ប្រធាន​ក្រុមហ៊ុន​ Reitman​ បាន​បង្ហាញ​សុទិដ្ឋិនិយម​ ចំពោះ​វឌ្ឍនភាព​នៃ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា​ និង​បាន​កោត សរសើរ​ចំពោះ​កំណែទម្រង់​មុត​ស្រួច​ ព្រមទាំង​វិធាន​កា​រថ្មីៗ​របស់​រាជរដ្ឋាភិបាល​ ដើម្បី​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ តាមរយៈ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ទ្បើង​នូវ​បរិយាកាស​ធុរកិច្ច​ និង​វិនិយោគ​។

លោក​ប្រធាន​ក្រុមហ៊ុន​រូប​នេះ​ ក៏បាន​ថ្លែងអំណរគុណ​ក្រសួង​ពាណិជ្ជកម្ម​ ដែល​ជានិច្ច​ជា​កាល​តែង​ផ្តល់​កិច្ចសហការ​ សម្រប សម្រួល​ការ​បញ្ជាទិញ​សម្លៀកបំពាក់​របស់​ក្រុមហ៊ុន​ និង​តែង​ឆ្លើយតប​យ៉ាង​វិជ្ជមាន​ចំពោះ​ក្តី​កង្វល់​ និង​សំណូមពរ​នានា​ របស់​ភាគី​កាណាដា​។

លោក​ ឱក​ ប៊ុ​ង បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ ហ្គា​រី​ រ៉ូស​ ដែល​បាន​ផ្តល់​ទំនុកចិត្ត​មក​លើ​ការដឹកនាំ​របស់​រា​ជដ្ឋា​ភិបាល​កម្ពុជា​ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-កាណាដា​ ជាពិសេស​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ និង​ដំណើ​ការចរចា​បង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ អាស៊ាន​-កាណាដា​ ដែល​គាំទ្រ​ដោយ​ប្រទេស​ទាំងពីរ​។

លោក​រដ្ឋមន្រ្តី​ស្ដីទី​ ក៏បាន​ជម្រាប​ភាគី​កាណាដា​ អំពី​វឌ្ឍនភាព​សេដ្ឋកិច្ច​ និង​កំណើន​នាំចេញ​របស់​កម្ពុជា​ក្នុងរយៈពេល​ពីរ​ទសវត្សរ៍​ចុងក្រោយ​ ដែល​បាន​កើន​ចាប់ពី​ទឹកប្រាក់​ ១ប៊ី​លាន​ដុល្លារ​អាមេរិក​ (២០០១​) ដល់​ ១៣ប៊ី​លាន​ដុល្លារ​អាមេរិក​ (២០១៨​) ព្រមទាំង​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​បន្ត​គាំទ្រ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​ឡើង​នៅ​កម្ពុជា​ (BFC​) របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO​) ដើម្បី​លើកស្ទួយ​លក្ខខណ្ឌ​ការងារ​នៅក្នុង​ឧស្សាហកម្ម​វាយនភណ្ឌ​ និង​កាត់ដេរ​សម្លៀកបំពាក់​។

Reitman​ គឺជា​ក្រុមហ៊ុន​បញ្ជាទិញ​សម្លៀកបំពាក់​ដ៏​ធំ​របស់​កាណាដា​ ដែល​បាន​ធ្វើ​ប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​ ជាមួយ​ឧស្សាហកម្ម​កាត់ដេរ​សម្លៀកបំពាក់​កម្ពុជា​ ចាប់តាំងពី​ឆ្នាំ២០០២​-២០០៣​ ហើយ​កាលពី​ឆ្នាំ២០១៦​ ក្រុមហ៊ុន​មួយ​នេះ​ បាន​បញ្ជាទិញ​ផលិតផល​សម្លៀកបំពាក់​ពី​រោងចក្រ​ចំនួន​ ១៤​ នៅ​កម្ពុជា​ ក្នុង​តម្លៃ​ជា​ទឹកប្រាក់​ ៦៦លាន​ដុល្លារ​អាមេរិក​ ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here