ដោយ វុត្ថា
ភ្នំពេញៈ អាជ្ញាធរជាតិអប្សារាគ្រោងបង្កើតផ្លូវជិះកង់ ក្នុងរមណីយដ្ឋានអង្គរនាពេលអនាគត ដើម្បីបង្កភាពងាយស្រួល សម្រាប់បម្រើផលប្រយោជន៍ប្រជាជននៅក្នុងតំបន់ ជាពិសេសសិស្សានុសិស្ស ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការធ្វើដំណើរ។

-->
យោងតាមគេហទំព័របណ្តាញទំនាក់ទំនងសង្គមរបស់ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី១៩ខែកក្កដាឆ្នាំ ២០១៩ នេះថា ស្របតាមផែនការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងមានការគាំទ្រពីលោកស្រីភឿង សកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនឹងមន្ត្រីជំនាញគ្រប់នាយកដ្ឋានបានចុះពិនិត្យទីតាំង ដើម្បីសិក្សាអំពីលទ្ធភាព បញ្ហាប្រឈម និងផលប៉ះពាល់នានាមុននឹងអនុវត្តគម្រោងស្ថាបនា ផ្លូវកង់ដាច់ដោយឡែកពីផ្លូវម៉ូតូ-ឡាន សម្រាប់បម្រើផលប្រយោជន៍ប្រជាជននៅក្នុងតំបន់ ជាពិសេសសិស្សានុសិស្ស ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើដំណើរបានស្រួលនៅក្នុងរមណីយដ្ឋានអង្គរ។
អជ្ញាធរអប្សរាបន្តថា គម្រោងស្ថាបនាផ្លូវនេះ មានប្រវែងសរុប២៣,២គីឡូម៉ែត្រជុំវិញតបន់អង្គរ ជាផ្លូវទ្វេទិស មានទទឹង២ម៉ែត្រ និងមានចង្អូររំដោះទឹកសងខាង។ ផ្លូវនេះស្ថិតនៅស្របនឹងផ្លូវធ្វើដំណើរបច្ចុប្បន្ន ចម្ងាយមិនលើសពី ២៥ម៉ែត្រឡើយ ដែលអាចមើលគ្នាឃើញក្នុងការរក្សាសន្តិសុខ សុវត្ថិភាពបាន ថែមទាំងបត់បែនទៅតាមស្ថានភាពជាក់ស្តែងនៃផ្លូវឬដើមឈើ។
អាជ្ញាធរបន្ថែមថា ចំពោះបទដ្ឋានបច្ចេកទេសនៃការស្ថាបនាវិញ អាជ្ញាធរជាតិអប្សរាគិតគូរជាចម្បង លើការអភិរក្សបុរាណដ្ឋានជាសំខាន់ ដោយគ្មានការជីកកកាយដីជ្រៅ និងប្រើជើងតាង អំពីបេតុងត្រង់កន្លែងដែលមានស្ពាន ហើយក៏គិតដល់បរិស្ថាន និងទេសភាពវប្បធម៌ ដោយបញ្ជៀសផលប៉ះពាល់ជាអតិបរិមាមកលើព្រៃឈើ ដែលមានស្រាប់។ បន្ថែមពីនោះ អាជ្ញាធរជាតិអប្សរា ក៏នឹងគិតគូរជាខ្លាំងដល់សុវត្ថិភាពត្រង់ចំណុចឆ្លងកាត់ឬផ្លូវបំបែក ដោយដាក់របានៅផ្លូវបំបែក និងដាក់ស្លាកសញ្ញាហាមឃាត់ម៉ូតូឆ្លងកាត់។ល។
អាជ្ញាធរជាតិអប្សរាសង្ឃឹមថា សមិទ្ធផលថ្មីដែលនឹងកើតឡើងឆាប់ៗនេះ នឹងមានការអ្នកគាំទ្រច្រើន ហើយធ្វើឱ្យប្រជាជនក្នុងតំបន់ ក៏ដូចជាទេសចរទទួលបាននូវភាពងាយស្រួល សុវត្ថិភាព និងបង្កើតបទពិសោធន៍ល្អក្នុងការមកទស្សនា ឬឆ្លងកាត់តំបន់រមណីយដ្ឋានអង្គរ៕
