ដោយ វុត្ថា
ភ្នំពេញៈ អភិបាលខេត្តព្រះសីហនុបានឱ្យដឹងថា បច្ចុប្បន្នអ្នកវិនិយោគគិនចិន ស្ថិតក្នុងលំដាប់លេខ១ ដែលមកធ្វើការវិនិយោគ រកស៊ីក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ និងទេសចរណ៍។
លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុបានឱ្យដឹងនៅក្នុងប្រកាសផ្ទេរ សម្រួលភារកិច្ច និងចូលកាន់តំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៩ នេះថា ទន្ទឹមនោះកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏មានការរីកចម្រើនយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ និងកំពុងដើរតួក្នុងការស្តុក ផ្ទេរ និងដឹកជញ្ជូនទំនិញជាកុងតឺន័រចេញ ចូលក្នុងប្រទេសប្រមាណជា៧៣ភាគរយ។
លោកបន្តថា ខេត្តព្រះសីហនុ មានព្រលានយន្តហោះអន្តរជាតិ នាពេលបច្ចុប្បន្ន កំពុងប្រតិបត្តិការមានក្រុមហ៊ុនអាកាសចរណ៍ ចំនួន១៤ក្រុមហ៊ុន ក្នុងស្រុក៥ក្រុមហ៊ុន (មានជើងហោះហើរ ៥ជើងក្នុងមួយថ្ងៃ) នឹងក្រុមហ៊ុនហោះហើរអន្តរជាតិមាន៩ក្រុមហ៊ុន (ហោះហើរ ២៥ជើងក្នុងមួយថ្ងៃ) និងមានការហោះហើរជាអន្តរជាតិទៅកាន់ប្រទេសវៀតណាម ម៉ាឡេស៊ី ថៃ ពិសេសប្រទេសចិនមានរហូត២៥ទីក្រុង។
លោកអភិបាលខេត្តព្រះសីហនុបញ្ជាក់ទៀតថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ ទទួលបានការអភិវឌ្ឍន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីសំណាក់វិនិយោគិនបរទេស ជាពិសេសវិនិយោគិនចិន ជាហេតុធ្វើឱ្យខេត្តមានការរីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យ។ លោកបន្តថា ភាពរីកចម្រើននេះ បានជំរុញឱ្យមានកំណើនប្រជាពលរដ្ឋមកពីតាមបណ្ដាខេត្ត ក្រុងផ្សេងៗមកធ្វើការ និងប្រកបរបររកស៊ីទៅតាមជំនាញ និងសមត្ថភាពដែលខ្លួនមាន ។
ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៩ ក្នុងនោះ៥កំពុងតែដំណើរការ ដែល មានរោងចក្រ សហគ្រាសតូច ធំសរុបចំនួន២១០កន្លែង សិប្បកម្មចំនួន១.០៣៧កន្លែង និងអាជីវកម្មផ្សេងៗជាច្រើនទៀត បានស្រូបយកកម្លាំងពលកម្មប្រមាណជា ៨១.៤៧៥នាក់ ក្នុងនោះស្រីមានប្រមាណជា៥០ភាគរយ ។
លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី ជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក ជញ្ជូន បានឱ្យដឹងដែរថាវិស័យសាធារណការ និងដឹកជញ្ជូនជាវិស័យមួយដែលដើរតួយ៉ាងសំខាន់ក្នុងការទ្រទ្រង់ និងអភិវឌ្ឍសេដ្ឋកិច្ចឱ្យមានភាពរឹងមាំ និងនិរន្តរភាព។
លោករដ្ឋមន្ត្រីបន្តថា បើគ្មានហេដ្ឋារចនាសម្ព័ន្ធរឹងមាំ គ្រប់ច្រកល្ហក ប្រទាក់ក្រឡាគ្នាដូចសរសៃរឈាម តភ្ជាប់ពីតំបន់មួយទៅតំបន់មួយទៀតនោះទេ ក៏គ្មានការអភិវឌ្ឍដែរ ជាក់ស្ដែងខេត្តព្រះសីហនុនេះមានទាំងផ្លូវទឹក ផ្លូវគោក ផ្លូវដែក និងផ្លូវអាកាស ដែលធ្វើឱ្យខេត្តនេះជាខេត្តប្រកបដោយសក្ដានុពលមួយ អាចពង្រីកវិសាលភាពរបស់ខ្លួន មិនត្រឹមតែជាខេត្តទេសចរណ៍ប៉ុណ្ណោះទេ តែថែមទាំងជាខេត្តបោះជំហ៊ានទៅជាខេត្តឧស្សាហកម្ម ពាណិជ្ជកម្មដ៏មានសន្ទុះរីកចម្រើន៕






