មុន​សម្រេចចិត្ត​វិនិយោគ​លើ​ភាគហ៊ុន​ និង​មូលបត្រ​បំណុល​តើ​អ្នក​ត្រូវ​ដឹងពី​អ្វីខ្លះ​?

0

ដោយ​ គង់​ សូ​រិយា​

ភ្នំពេញ​៖ ស្រប​ពេល​គណៈកម្មការ​មូលបត្រ​កម្ពុជា​មាន​ផលិតផល​កាន់តែ​ច្រើន​ ដាក់​ក្នុង​ទីផ្សារ​ដូចជា​ការ​ជួញដូរ​ភាគហ៊ុន​ ការ​ជួញដូរ​ប័ណ្ណបំណុល​ឬសញ្ញា​ប័ណ្ណ​ជាដើម​ ការយល់​ដឹងពី​ផ្នែក​នេះ​មិនទាន់​មាន​ភាព​ទូលំទូលាយ​ ក្នុងចំណោម​សាធារណៈ​ជន​នៅឡើយ​ទេ​។

ហេតុនេះ​ការ​ស្វែងយល់​ពីទី​ផ្សារ​សញ្ញាប័ណ្ណ​ ឬមូលបត្រ​បំណុល​ និង​ការ​បោះ​លក់​មូលបត្រ​មាន​សារៈសំខាន់​ណាស់​ នៅក្នុង​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​កម្ពុជា​។

តើ​អ្វីទៅ​ជា​បោះ​លក់​មូលបត្រ​ឬការ​បោះ​លក់​ភាគហ៊ុន​ និង​មូលបត្រ​បំណុល​គេហទំព័រ​អចលនទ្រព្យ​ និង​សេដ្ឋកិច្ច​ឈានមុខ​គេ​ Propertyarea.asia​ សូម​លើកយក​ចំណេះ​ដឹង​ខ្លះ​ៗទាក់ទង​នឹង​វិស័យ​នេះ​។

ការ​លក់​ភាគហ៊ុន​ និង​ការ​លក់​មូលបត្រ​បំណុល​ជា​ផលិតផល​ពីរ​ផ្សេងគ្នា​ ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​។

លោក​ស៊ូ​ សុ​ជាតិ​អគ្គនាយក​គណៈកម្មការ​មូលបត្រ​កម្ពុជា​បាន​ថ្លែង​ឲ្យដឹង​ថា​ បច្ចុប្បន្ន​គណៈកម្មការ​មូលបត្រ​កម្ពុជា​ បាន​និង​កំពុងធ្វើការ​ជាមួយ​ទីផ្សារ​មូលបត្រ​កម្ពុជា​ ដោយ​បាន​អនុញ្ញាត្ត​ឲ្យ​ក្រុមហ៊ុន​ចំនួន៥​ បោះផ្សាយ​លក់​មូលបត្រ​ ដែល​ក្រុមហ៊ុន​ទាំងនោះ​រួមមាន​ រដ្ឋាករ​ទឹ​កស្វយ័ត្នក្រុង​ភ្នំពេញ​ កំពង់​ផែ​ស្វយ័ត្នក្រុង​ភ្នំពេញ​ កំពង់​ផែ​ស្វយ័ត្ន ខេត្ត​ព្រះសីហនុ​ រោងចក្រ​កា​ត់​ដេរ​ហ្រ្គេន​ធ្វីន​ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ជាដើម​។

អ្វី​ជាទី​ផ្សារ​មូលបត្រ​

ទីផ្សារ​មូលបត្រ​ ជា​កន្លែង​ជួបគ្នា​រវាង​អ្នកទិញ​ និង​អ្នកលក់​ដែល​មានការ​ព្រមព្រៀង​ គ្នា​ ដើម្បី​បោះ​លក់​មូលបត្រ​ ឬភាគហ៊ុន​នៃ​ក្រុមហ៊ុន​របស់​ខ្លួន​ដល់​សា​ធារ​ ណៈ​ជន​ ដែល​សាធារណៈ​ជន​អាច​ទិញ​ភាគហ៊ុន​វិនិយោគ​ ហើយ​អ្នកទិញ​បាន​ក្លាយជា​ម្ចាស់ភាគហ៊ុន​នៃ​ក្រុមហ៊ុន​នោះ​។

អ្នក​វិនិយោគ​លើ​ភាគហ៊ុន​ ឬមូលបត្រ​ដែល​បោះ​លក់​ ដោយក្រុម​ហ៊ុន​ណាមួយ​ អាច​ទទួល​បាន​ប្រាក់ចំណេញ​ ឬខាត​ អាស្រ័យ​លើ​ក្រុមហ៊ុន​នោះ​រកស៊ី​ខាត​ឬចំណេញ​។ អ្នក​វិនិយោគ​អាច​លក់​ហ៊ុន​របស់​ខ្លួន​ នៅពេល​តម្លៃ​ភាគហ៊ុន​នោះ​ឡើងថ្លៃ​ ហើយ​អាច​ទទួល​បានផល​ចំណេញ​ ប៉ុន្តែ​បើ​ភាគហ៊ុន​ក្រុមហ៊ុន​ដែល​ខ្លួន​បាន​វិនិយោគ​នោះ​ធ្លាក់ចុះ​ អ្នក​វិនិយោគ​ត្រូវ​ខាតបង់​។

ប៉ុន្តែ​អ្នក​វិនិយោគ​ក៏​មិន​ខាតបង់​ដែរ​ ប្រសិនជា​អ្នក​វិនិយោគ​ទិញ​ភាគហ៊ុន​នោះ​ រក្សាទុក​ភាគហ៊ុន​របស់​ខ្លួន​ រង់ចាំ​រហូតដល់​ភាគហ៊ុន​នោះ​ឡើងថ្លៃ​ ចាំ​លក់​អ្នក​វិនិយោគ​នោះ​មិន​រង​ការខាតបង់​នោះ​ទេ​ ប៉ុន្តែ​ជា​ការ​កប់​នូវ​ដើមទុន​ដែល​ខ្លួន​វិនិយោគ​ផង​ដែរ​។

ការ​ឡើងចុះ​នៃ​ថ្លៃ​ភាគហ៊ុន​

ការ​ឡើងចុះ​នៃ​ថ្លៃ​ភាគហ៊ុន​ ដែល​អ្នក​វិនិយោគ​តែងតែ​បារម្ភ​និង​ចង់​ដឹង​ ស្ថិតនៅ​ក្នុង​ភាព​ស្មុគ្រ​ស្មាញ​ ប៉ុន្តែ​ការ​ឡើងថ្លៃ​ភាគហ៊ុន​អាស្រ័យ​លើ​ការ​បញ្ជាទិញ​ ការ​កើនឡើង​នូវ​តម្រូវការ​ និង​ចរន្ត​នៃ​ការទិញ​លក់​មាន​ភាព​សកម្ម​ ប៉ុន្តែ​វា​អាស្រ័យ​លើ​ស្ថានភាព​របស់​ក្រុមហ៊ុន​បោះ​លក់​មូលបត្រ​ ឬប័ណ្ណ​ភាគហ៊ុន​ចំណេញ​ឬខាត​ផង​ដែរ​។

សញ្ញា​បណ្ណ​ ឬមូលបត្រ​បំណុល​

ទីផ្សារ​សញ្ញាប័ណ្ណ​ ឬមូលបត្រ​បំណុល​ បាន​ចាប់ផ្តើម​នៅ​កម្ពុជា​ហើយ​ ។ មូលបត្រ​បំណុល​ជា​ការ​បោះ​ផ្សារ​លក់​មូលបត្រ​របស់​ក្រុមហ៊ុន​មួយ​ ដើម្បី​ប្រមូល​ទុន​ទៅ​វិនិយោគ​ឬពង្រីក​ក្រុមហ៊ុន​របស់​ខ្លួន​។ សាធារណៈ​ជន​អាច​ចូលរួម​ទិញ​មូលបត្រ​បំណុល​ពី​ក្រុមហ៊ុន​ណាមួយ​នោះ​ និង​ទទួល​បាន​អត្រា​ការប្រាក់​ក្នុង​ចំនួន​ថេរ​មួយ​ ស្របតាម​បទបញ្ញត្តិ​ដាក់ចេញ​រវាង​ក្រុមហ៊ុន​ និង​គណៈកម្មការ​មូលបត្រ​កម្ពុជា​ និង​អ្នក​វិនិយោគ​ ដែល​ស្ម័គ្រចិត្ត​ទិញ​មូលបត្រ​បំណុល​នៃ​ក្រុមហ៊ុន​ណាមួយ​នោះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here