ដោយៈ រ៉ាណេត
ភ្នំពេញៈ ជាការប្រកាស និងទទូចសារជាថ្មីដល់បណ្តាក្រុមហ៊ុន ក៏ដូចជាអ្នកអភិវឌ្ឍគម្រោងសំណង់គ្រប់ប្រភេទ ត្រូវបង្កើតតំបន់បៃតងឱ្យបានរង្វង់៣០ភាគរយ ដើម្បីធានាដល់បរិស្ថានជុំវិញ និងផាសុកភាពដល់អ្នករស់នៅក្នុងតំបន់ផ្ទាល់។
អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក ប៊ិន សម្បត្តិថារ័ត្ន បានមានប្រសាសន៍ឲ្យដឹងកាលពីព្រឹកថ្ងៃទី១៩ កក្កដាកន្លងមកថា ការបង្កើតតំបន់បៃតងនៅជុំសំណង់អគារ គឺជាកក្តាចាំបាច់ដែលត្រូតែមាន។
នៅក្នុងគោលការណ៍ច្បាប់បានចែង និងកំណត់រួចរាល់ជាស្រេច ប៉ុន្តែទាស់ត្រង់ក្រុហ៊ុន ក៏ដូចជាអ្នកអភិវឌ្ឍគម្រោងមួយចំនួនមិនអនុវត្ត។ លោកបានបន្តទៀតថា តាមច្បាប់បានកំណត់ថា រាល់ការសាងសង់សំណង់អគារ ត្រូវរក្សាទុក និងបង្កើតតំបន់បៃតង ៣០ភាគរយនៃផ្ទៃដីដែលនៅសល់ពីតួសំណង់។
លោកបានបញ្ជាក់ថា “ការកំណត់បែបនេះ ដោយសារតែរដ្ឋាភិបាលសង្កត់ធ្ងន់ទៅលើការថែរក្សាបរិស្ថាន បង្កើនសោភ័ណភាពក្នុងតំបន់អភិវឌ្ឍ ជាពិសេសគឺសំដៅដល់ការធានាផាសុកភាពអ្នករស់នៅក្នុងតំបន់ ឬអគាអភិវឌ្ឍន៍”។
អ្នកជំនាញផ្នែកស្ថាបត្យករ លោកសាស្ត្រាចារ្យ ទួស សាភឿន បានមានប្រសាសន៍ថា ការថែរក្សាតំបន់បៃតងចាំបាច់គឺត្រូវតែមាន ព្រោះគ្រប់ទីតាំងអគារទាំងអស់ មិនថាចំពោះសំណង់អគារធំៗខ្ពស់ៗ ឬសំណង់បុរីលំនៅដ្ឋាននោះទេ គឺត្រូវតែមានលំហរបៃតង។

លោកបានបន្តទៀតថា “សំណង់អគារធំ និងខ្ពស់ៗក្រៅពីទុកតំបន់បៃតង ក៏ត្រូវបែងចែកទៅលើទីធ្លាទូលាយ ផ្នែកខាងក្រៅនៃតួសំណង់ផងដែរ ប៉ុន្តែអ្នកអភិវឌ្ឍខ្លះ ដោយសារតែគិតលើផលចំណេញពេកក៏បំពានច្បាប់”។ លោកបន្តទៀតថា “ការបែងចែកទុកទីធ្លាខាងក្រៅនៃតួអគារ ក៏ដូចជាបង្កើតតំបន់បៃតង គឺសុទ្ធតែគិតគូរទៅដល់ការចូលរួមចំណែកនៃសោភ័ណភាព គុណភាព និងផាសុកភាពដល់ការរស់នៅទាំអស់”៕






