ដោយ ម៉ាណេត
ភ្នំពេញៈ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានសមាជិកចំនួន១៦ប្រទេស នឹងធ្វើឲ្យបណ្តាប្រទេសទាំងនេះ ក្លាយជាប្លុកពាណិជ្ជកម្មមួយដ៏ធំបំផុតលើពិភពលោក។
សេដ្ឋកិច្ចនៃបណា្តប្រទេសក្នុងកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) មានទំហំប្រមាណ ៣០ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានចំនួនប្រជាជនមស្ទើរតែពាក់កណ្តាល នៃចំនួនប្រជា ជនសកលលោក។ ប្លុកនេះមាន៣១,៦ ភាគរយ នៃផលិតកម្មសរុបលើពិភពលោក និងមាន២៨,៥ ភាគរយនៃពាណិជ្ជកម្មពិភពលោក និងតំណាងឲ្យ១ភាគ៥ នៃលំហូរវិនិយោគផ្ទាល់ពីបរទេសសកលកាលពីឆ្នាំ២០១៦។
-->
ការពិភាក្សាស្តីពីការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលពាក់ព័ន្ធនឹងចិន អាស៊ាន អូស្រ្តាលី ឥណ្ឌា ជប៉ុន ញ៉ូវហ្សេឡែន និងកូរ៉េខាងត្បូង បាននិងកំពុងបន្តចាប់តាំងពីឆ្នាំ២០១២ ហើយខណៈពេលការដំណើរចរចាមានភាពយឺតយ៉ាវ ដោយបានប្រជុំជាង ២៦ជុំនៃការចរចាប្រមុខនៃរដ្ឋ ជាសមាជិកបានសន្យាកាលពីខែវិច្ឆិកា ដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះនៅឆ្នាំនេះ។
ប្រសិនបើបានបញ្ចប់ការពន្លឿនចរចា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ នឹងធ្វើឲ្យតំបន់នេះនឹងក្លាយជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក។
លោក Tong Jiadong សាស្រ្តាចារ្យពាណិជ្ជកម្មអន្តរជាតិនៅសាកលវិទ្យាល័យ Nankai University នៅភាគខាងជើងប្រទេសចិនបាននិយាយថា ក្រុងប៉េកាំងចង់បង្កើនសមាហរណកម្មក្នុងតំបន់ តាមរយៈភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP) និងមធ្យោបាយផ្សេងទៀតជា ពិសេសដើម្បីផ្លើយតបនឹងភាពតានតឹងរវាងអាមេរិក និងចិន។
លោកបានមានប្រសាសន៍ថា “វិធានការទាំងនេះ បានជួយកាត់បន្ថយផលប៉ះពាល់ នៃសង្គ្រាមពាណិជ្ជកម្ម”។
យោងតាមតួលេខដែលបានចេញផ្សាយ ដោយទីក្រុងប៉េកាំងកាលពីដើមខែនេះ ទំហំពាណិជ្ជកម្មរវាងចិន និងបណ្តាប្រទេសអាស៊ាន មានទំហំទឹកប្រាក់២៩១,៨ពាន់លានដុល្លារក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០១៩ កើនឡើង៤ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្លុកអាស៊ានដែលមានសមាជិក១០ប្រទេស គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទី២ របស់ចិននៅក្នុងរយៈពេលនេះ បន្ទាប់ពីសហភាពអឺរ៉ុប។ ទិន្នន័យនេះត្រូវបានចេញផ្សាយ ស្របពេលរដ្ឋាភិបាលក្រុងប៉េកាំង រៀបចំធ្វើកិច្ចចរចាជុំចុងក្រោយបំផុត នៃកិច្ចចរចាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅក្នុងទីក្រុង Zhengzhou ដែលជារដ្ឋធានីនៃខេត្ត Henan ប្រទេសចិន៕