ដោយ រ៉ាណេត
សៀមរាបៈ រដ្ឋាភិបាលតាមរយៈក្រសួងពាណិជ្ជកម្ម បាននិងកំពុងពង្រឹងកិច្ចសហការឱ្យកាន់តែជិស្និទ្ធជាមួយប្រទេសឥណ្ឌូនេស៊ី ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងពង្រឹងកិច្ចសហការ និងអភិវឌ្ឍឧស្សាហកម្មផលិតសម្ភារៈ និងគ្រឿងបង្គុំទោចក្រយាននៅកម្ពុជា ដើម្បីបង្កើនតម្លៃបន្ថែមក្នុងស្រុកសម្រាប់ផលិតផលនេះ និងនាំចេញផលិតផលសម្រេច ១០០% ទៅកាន់ទីផ្សារអន្តរជាតិ។
នៅក្នុងឱកាសជំនួបពិសេសរវាងមន្ត្រីជាន់ខ្ពស់នៃទេសទាំង២ ក្រោមវត្តមានលោកស្រី អ៊ីណា ហានីងត្យាស គ្រីស្នាមឺទី (Ina Hagningtyas Krisnamurthi) ប្រឹក្សាពិសេសក្រសួងការបរទេស ទទួលបន្ទុកសេដ្ឋកិច្ចការទូតឥណ្ឌូនេស៊ី នៅក្នុងខេត្តសៀមរាបកាលពីចុងសប្ដាហ៍កន្លងទៅ លោកប៉ាន សូរស័ក្ដិ រដ្ខមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា ឥណ្ឌូនេស៊ីដែលសម្រេចបានកាលពីឆ្នាំ២០១៨ មានទឹកប្រាក់៥៥៨.៦២ លានដុល្លារ ដែលក្នុងនោះកម្ពុជានាំចូល៥២៥,៦លានដុល្លារ និងនាំចេញ៣៣លានដុល្លារ។
លោកបន្តទៀតថា កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច រវាងប្រទេសទាំង២ គឺធ្វើឡើងក្រោមគោលការណ៍មិនយកពន្ធត្រួតគ្នា និងទប់ស្កាត់អំពើបន្លំពន្ធពាក់ព័ន្ធប្រាក់ចំណូល ក៏ដូចជាវិស័យទេសចរណ៍ ដោយការបើកជើងហោះហើរត្រង់ពីទីក្រុងហ្សាកាតា-ភ្នំពេញ បន្ទាប់ពីប្រទេសទាំង២បានចុះអនុស្សរណៈនាពេលថ្មីៗនេះ។
ជាការឆ្លើយតប លោកស្រី អ៊ីណា ហានីងត្យាស គ្រីស្នាមឺទី (Ina Hagningtyas Krisnamurthi) ប្រឹក្សាពិសេសក្រសួងការបរទេស ទទួលបន្ទុកសេដ្ឋកិច្ចការទូតឥណ្ឌូនេស៊ី បានបង្ហាញពីក្ដីសាទរ និងស្វាគមន៍ទៅនឹងគោលបំណង ដែលរដ្ឋាភិបាលកម្ពុជា ជាមួយនឹងការព្យាយាមជំរុញ ឱ្យមានកិច្ចទំនាក់ទំនងផ្នែកពាណិជ្ជកម្ម ជាដៃគូរវាងអ្នកវិនិយោគនៃប្រទេសទាំង២ឱ្យកាន់តែល្អប្រសើរ។

គិតត្រឹមរយៈពេល៤ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំង២ សម្រេចបានទឹកប្រាក់១៩៦.២៦ លានដុល្លារ កើនឡើង១០.៤៨% ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕






