ដោយ Donald Lee
ភ្នំពេញៈ ក្រុមអ្នកជំនាញព្យាករថា ការនាំចេញថៃនឹងធ្លាក់ចុះជាង៣ភាគរយនៅឆ្នាំនេះ ដោយសារប្រាក់បាតថៃបន្តកើនឡើងធៀបនឹងប្រាក់ដុល្លារ និងសេដ្ឋកិច្ចថៃនៅតែបន្តធ្លាក់ចុះ នៅពេលមានភាពតានតឹងផ្នែកពាណិជ្ជកម្មពិភពលោក។
ធនាគារ Siam Commercial Bank (SCB) បានចេញផ្សាយការព្យាករពីការធ្លាក់ចុះការនាំចេញនៅចន្លោះ១,៦ ភាគរយដល់ ៣,១ភាគរយនៅឆ្នាំនេះ បន្ទាប់ពីការនាំចេញថៃបានធ្លាក់ចុះ៤,៤ភាគរយនៅឆមាសទីមួយនៃឆ្នាំនេះ។ ការព្យាករណ៍នេះពឹងផ្អែកយ៉ាងខ្លាំង ទៅលើទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មថៃដែលបង្ហាញថា ការនាំចេញថៃបានធ្លាក់ចុះជាង២ភាគរយ កាលពីខែ មិថុនា កន្លងទៅនេះ។
-->
ប្រាក់បាតបានឡើងថ្លៃដល់កម្រិតខ្ពស់មួយ ក្នុងរយៈពេល៦ឆ្នាំមកនេះ ពោលគឺកើនឡើងដល់៣១,០៥ ធៀបនឹងប្រាក់ដុល្លារអាមេរិក។ ក្រុមអ្នកវិភាគរំពឹងថា ប្រាក់បាតអាចឡើងដល់៣១,២៥ ក្នុងឆ្នាំនេះ។
របាយការណ៍របស់ធនាគារ SCB បានឱ្យដឹងថា សេដ្ឋកិច្ច និងការនាំចេញថៃនឹងប៉ះពាល់យ៉ាងខ្លាំងនៅឆមាសទីពីរឆ្នាំ២០១៩ ប្រសិនបើប្រាក់បាតបន្តកើនឡើងហើយសង្រ្គាមពាណិជ្ជកម្មរវាងចិននិងអាមេរិកនៅតែបន្ត។
របាយការណ៍ខាងលើបានបន្ថែមថា “ទោះបីកិច្ចប្រជុំរវាងអាមេរិក និងចិនក្នុងកិច្ចប្រជុំកំពូលG20នៅជប៉ុនកាលពីខែមុន គឺជាសញ្ញាវិជ្ជមានក៏ដោយ យើងត្រូវរង់ចាំលទ្ធផល ពីព្រោះប្រទេសទាំងពីរនៅតែកំពុងចរចារ មុនពេលឈានដល់កិច្ចព្រមព្រៀងណាមួយ”។
របាយការណ៍នេះបានបន្តថា “ជម្លោះពាណិជ្ជកម្មនេះ កំពុងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក និងតម្លៃនាំចេញរបស់ថៃ”។
របាយការណ៍សេដ្ឋកិច្ច Bloomberg ដែលបានចេញផ្សាយកាលពីខែមុនបានប៉ាន់ស្មានថា ការចំណាយសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិនអាចកើនដល់១,២ពាន់ពាន់លានដុល្លារ ដែលអាចប៉ះពាល់ដល់ផលិតផលសរុបក្នុងស្រុករបស់ពិភពលោក និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោក ធ្លាក់ចុះក្នុងអត្រាមួយមិនធ្លាប់កើតមាន បើគិតចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨មក៕