មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា​ ខ្ចី​លុយ​ពី​ចិន​កសាង​ស្ពាន​ និង​ផ្លូវ​ គឺ​ចំណេញ​ដល់​សេដ្ឋកិច្ច​ជាតិ​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ បាន​អះអាង​ថា​ រដ្ឋាភិបាល​កម្ពុជា​ដែល​ខ្ចី​លុយ​ពី​ប្រទេស​ចិន​យក​មក​អភិវឌ្ឍន៍​ហេ​ដ្ឋ​រនា​សម្ព័ន្ធ​នានា​ រួមមាន​ផ្លូវថ្នល់​ និង​ស្ពាន​ គឺ​ចំណេញ​ដល់​សេដ្ឋកិច្ច​ជាតិ​។

លោក​ស៊ុន​ ចាន់​ថុល​ បាន​អះអាង​យ៉ាង​ដូច្នេះ​ នៅក្នុង​ពិធី​ចុះ​ត្រួតពិនិត្យ​ពី​ស្ថានភាព​ផ្លូវ​លេខ៧​ ខេត្ត​ស្ទឹងត្រែង​-ក្រចេះ​ កាលពី​ថ្ងៃទី​ ២៣​ ខែកក្កដា​ ម្សិលមិញ​នេះ​ ដើម្បី​បកស្រាយ​ឆ្លើយតបទៅនឹង​មន្ទិលសង្ស័យ​ពី​មតិ​សាធារណៈ​មួយចំនួន​លើកឡើង​ពី​ការ​ឃើញ​តែ​រដ្ឋាភិបាល​ខ្ចី​លុយ​ពី​ប្រទេស​ចិន​រហូត​ មិនដែល​ឃើញ​មាន​លុយ​ខ្លួនឯង​ក្នុង​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នោះ​ទេ​។

លោក​ ស៊ុន​ ចាន់​ថុល​ថា​ “អ្នក​ដែល​ទិតៀន​រាជរដ្ឋាភិបាល​ ខ្ចី​លុយ​យក​មក​សាងសង់​ស្ពាន​ និង​ផ្លូវ​នេះ​ កុំ​ទិតៀន​អី​ គឺ​ខ្ចី​នេះ​ មិនមែន​យក​មក​ទិញ​ខោអាវ​ស្លៀកពាក់​ ​ទិញ​ឡាន​ថ្មី​ជិះ​ ឬទិញ​យន្តហោះ​ជិះ​ទេ​ គឺ​ខ្ចី​នេះ​ ដើម្បី​យក​មក​កសាង​ស្ពាន​ ដើម្បឱ្យ​ពលរដ្ឋ​យើង​ធ្វើដំណើរ​ឆ្លងកាត់​នៅ​ទូទាំង​ប្រទេស​ ដើម្បី​កាត់បន្ថយ​ការ​ចំ​ណាយ​ផ្សេង​ៗ”។

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ “អីចឹង​ប្រព័ន្ធ​ឡូ​ជី​ស្ទិ​ករបស់​យើង​ដែល​ល្អ​ យើង​អាច​ទាក់ទាញ​អ្នក​ទេសចរណ៍​ វិនិយោគិន​ និង​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​បាន​ធ្វើ​ថែមទៀត​។

អ្នក​ដែល​ទិតៀន​ថា​ ខ្ចី​គេៗ​ គួរតែ​សួរ​ខ្លួនឯង​វិញ​ថា​ ហេតុ​ដូចម្តេច​គេ​ឱ្យ​យើង​ខ្ចី​លុយ​មក​កសាង​នេះ​ ឬ កសាង​នោះ​? ម្ចាស់​លុយ​ គេ​មិនមែន​ចេះ​ តែ​ឱ្យ​លុយ​ខ្ចី​ស្រេចតែចិត្ត​គេ​នោះ​ទេ​ គឺ​ខ្ចី​លុយ​នេះ​ដើម្បី​សាងសង់​អ្វីមួយ​ ដើម្បី​ឱ្យ​មានការ​រីកចម្រើន​ដល់​សេដ្ឋកិច្ច​ជាតិ​របស់​យើង​ ​បើ​ខ្ចី​ ១០០​ ចំណេញ​ដល់​ជាតិ​ ១០០០​ ជូន​ជាតិ​ យើង​មិន​ខ្លាច​ខ្ចី​នោះ​ទេ​”។

លោក​បន្ថែម​ទៀត​ថា​ “ម្យ៉ាង​បើ​គេ​មិន​ទុកចិត្ត​ដល់​រា​ជដ្ឋា​ភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក៏​គេ​មិន​អនុញ្ញាត​ឱ្យ​យើង​ខ្ចីគេ​ដែរ​។ គម្រោ​ងមួយ​ៗ ដែល​សិក្សា​រួចហើយ​ មុន​ដាក់​ឱ្យ​គេ​ ​យើង​ពិនិត្យមើល​ លើ​គម្រោង​ តើ​វា​ចំណេញ​ដល់​ជាតិ​កម្រិត​ណា​ ​បើ​មិន​ចំណេញ​ទេ​ ក៏​គេ​មិន​ឱ្យ​ខ្ចី​ដែរ​”។

លោក​ស៊ុន​ ចាន់​ថុល​ បញ្ជាក់​ទៀត​ថា​ ការខ្ចី​លុយ​ពី​ប្រទេស​ចិន​នេះ​ ​គឺ​រដ្ឋាភិបាល​មានលទ្ធភាព​ក្នុង​ការ​សង​គេ​វិញ​ និង​មាន​ការ​ចំណេញ​ដល់​ជាតិ​ ហើយ​ម្យ៉ាង​ក៏​គេ​មិន​បង្ខំ​ ឬដាក់​គំនាប​យើង​ឱ្យ​ខ្ចី​លុយ​គេ​ ឬបង្ខំ​យើង​ឱ្យ​ចូល​អន្ទាក់​ក្នុង​បំណុល​គេ​ផង​ដែរ​ គឺ​ខ្ចី​នេះ​ មាន​គម្រោង​ និង​គ្រប់គ្រង​ថវិកា​ប្រាក់កម្ចី​នេះ​ បាន​យ៉ាង​ត្រឹមត្រូវ​ លើ​ប្រាក់កម្ចី​ ២០ភាគរយ​ គឺ​ទាប​បំផុត​ដែល​យើង​នៅ​មានលទ្ធភាព​ក្នុង​ការខ្ចី​គេ​ច្រើន​។

យោង​តាម​របាយការណ៍​នានា​ដែល​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​បរទេស​បានឱ្យ​ដឹង​ថា​ មកដល់ពេលនេះ​ រដ្ឋាភិបាល​កម្ពុជា​ជំពាក់បំណុល​ចិន​ប្រមាណ​ ៣ពាន់​លាន​ដុល្លារ​សហរដ្ឋ​អមេ​រិក​ តាមរយៈ​គោលនយោបាយ​របស់​ចិន​ ផ្លូវ​ និង​ខ្សែ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here