ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា សម្រាប់រយៈពេល ៦ខែ ឆ្នាំ ២០១៩ នេះ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធ Online) មានចំនួន ៦១០៦,១៧ពាន់លានរៀល ប្រមាណ ១៥២៦,៥៤លានដុល្លារអាមេរិក ស្មើ ៦៦,៧១% នៃផែនការប្រចាំឆ្នាំ។
-->
បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៨ ឃើញថា ចំណូលពន្ធ-អាករសម្រាប់រយៈពេល ៦ខែឆ្នាំ ២០១៩ នេះ កើនឡើងចំនួន ១៣៧០,៣២ពាន់លានរៀល ប្រមាណ ៣២៤,៥៨ លានដុល្លារអាមរិក ស្មើនឹង ២៨,៩៤ %។
តាមរយៈការដាក់ឱ្យអនុវត្តនូវប្រព័ន្ធអនឡាញ សម្រាប់ការស្នើសុំការបង្វិលសង និងការប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែម តាមប្រព័ន្ធអនឡាញសម្រាប់គ្រប់គ្រង អាការលើតម្លៃបន្ថែមរបស់អគ្គនាយកដ្ឋានពន្ធដារ (E-VAT Refund) បានបង្កើនប្រសិទ្ធិភាពនៃការគ្រប់គ្រងប្រមូលអាករលើតម្លៃបន្ថែម និងទប់ស្កាត់ការគេចវេះកេងបន្លំប្រាក់ពន្ធ ដែលជាលទ្ធផល រយៈពេល ៦ ខែឆ្នាំ ២០១៩ ចំណូលអាករលើតម្លៃបន្ថែមកើនឡើង ៣៦,៦២% ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ ២០១៨៕