ដោយ Donald Lee
ហុងកុងៈ រដ្ឋាភិបាលចិនបានថ្លែងថា កងទ័ពអាចនឹងត្រូវបានបញ្ជូនទៅកាន់ក្រុងហុងកុង ដើម្បីធ្វើឲ្យបាតុករប្រឆាំងនឹងចិនមានភាពស្ងប់ស្ងាត់។

ប្រព័ន្ធផ្សព្វផ្សាយហុងកុងបានរាយការណ៍ថា អាជ្ញាធរចិននឹងបញ្ជូនកងទ័ពរំដោះ ប្រសិនបើរដ្ឋបាលក្រុងហុងកុងស្នើសុំ។
អ្នកនាំពាក្យក្រសួងលោក Wu Qian ប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅហុងកុងថា “អាកប្បកិរិយារបស់បាតុករមួយចំនួន ពិតជាមិនអាចទទួលយកបានទេ”។
អ្នកនាំពាក្យនេះលើកឡើងពីមាត្រាមួយ ទាក់ទងនឹងច្បាប់ហុងកុងដែលចែងថា កងទ័ពចិនអាចឈរជើងនៅហុងកុង ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ។
មនុស្សជិតកន្លះលាននាក់ បានចូលរួមការតវ៉ានៅតាមដងផ្លូវហុងកុង ខណៈអំពើហិង្សាបានកើតឡើងរវាងក្រុមអ្នកតវ៉ា និងអាជ្ញាធរកាលពីប៉ុន្មានសប្តាហ៍មុន។
កាលពីថ្ងៃអាទិត្យមុន ក្រុមអ្នកតវ៉ាបានវាយលុកការិយាល័យរដ្ឋាភិបាលហុងកុងដើម្បីប្រឆាំងនឹងច្បាប់បត្យាប័ន ដែលគាំទ្រដោយក្រុងប៉េកាំង កាលពីរាត្រីថ្ងៃទី ២២ នៃការវិលត្រឡប់របស់អតីតអាណានិគមអង់គ្លេសទៅជាការគ្រប់គ្រងរបស់ចិន។
ក្រុមអ្នកតវ៉ាបានចូលការិយាល័យនីតិប្បញ្ញត្តិរបស់រដ្ឋាភិបាល ដែលកម្ទេចកុំព្យូទ័រ និងបាញ់ថ្នាំគំនូរ “ការប្រឆាំងការធ្វើបត្យាប័ន” នៅលើជញ្ជាំង។

លោកស្រី Carrie Lam អភិបាលក្រុងហុងកុង បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា “នេះជាអ្វីដែលយើងគួរផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ ព្រោះគ្មានអ្វីសំខាន់ជាងនីតិរដ្ឋនៅហុងកុងទេ”។
អតីតអាណានិគមអង់គ្លេសបានប្រគល់ ទីក្រុងហុងកុងឱ្យចិនគ្រប់គ្រងវិញនៅឆ្នាំ១៩៩៧ ក្រោមកិច្ចព្រមព្រៀង “ប្រទេសមួយ និងប្រព័ន្ធពីរ”៕






