ដោយ វុត្ថា
បាត់ដំបងៈ រដ្ឋាភិបាលតាមរយៈក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ និងអជ្ញាធរខេត្តបាត់ដំបងបានចាប់ផ្តើមរៀបដាក់ផែន គ្រប់គ្រងសំណង់បេតិកភណ្ឌក្រុង សំណង់បេតិកភណ្ឌ សាសនា និងផ្ទះបុរាណ នៅក្នុងក្រុង ខេត្តបាត់ដំបង។
ដោយ វុត្ថា
បាត់ដំបងៈ រដ្ឋាភិបាលតាមរយៈក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ និងអជ្ញាធរខេត្តបាត់ដំបងបានចាប់ផ្តើមរៀបដាក់ផែន គ្រប់គ្រងសំណង់បេតិកភណ្ឌក្រុង សំណង់បេតិកភណ្ឌ សាសនា និងផ្ទះបុរាណ នៅក្នុងក្រុង ខេត្តបាត់ដំបង។
លោកប្រាក់ សុវណ្ណរ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោកសឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៩ ម្សិលមិញនេះបានឱ្យដឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងតែយកចិត្តទុក្ខដាក់ លើការគ្រប់គ្រងសំណង់បេតិកភណ្ឌក្រុង សំណង់បេតិកភណ្ឌសាសនាសំណង់ប្រវត្តិសាស្ត្រ និងផ្ទះបុរាណ ដើម្បីធ្វើការធានាឲ្យបាននូវកិច្ចការពារសុវត្ថិភាពចំពោះសំណង់ និងបញ្ចៀសបានពីការរុះរើ និងការវាយកម្ទេចចោលសំណង់ប្រវត្តិសាស្រ្តទាំងនេះ។
លោកបន្តថា “មុននឹងចាប់ផ្តើមដាក់ផែនការគ្រប់គ្រងសំណង់ ក្រសួងតែងតែ ពិភាក្សាជាមួយអាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធ ក្នុងការគ្រប់គ្រងសំណង់ទាំងនោះ មានទាំងរៀបចំផែនការទៅខាងមុខក្នុងការគ្រប់គ្រង់ និងថែរក្សា អភិរក្សចំពោះសំណង់ដែលជាបេតិកភណ្ឌជាតិកុំឱ្យបាត់បង់”។ លោកបន្ថែមថា “បើនិយាយពីសំណង់បិតិកភណ្ឌ មានចាប់តាំងពីសម័យបុរេប្រវត្តិសាស្ត្រ រហូតដល់សម័យប្រវត្តិសាស្ត្រ”។
តែបើនិយាយពីសម័យប្រវត្តិសាស្ត្រ មានតាំងពីសម័យមុនអង្គរ សម័យអង្គរ សម័យក្រោយអង្គរ ប្រជាជនខ្មែរស្គាល់តែប្រាសាទ ដូចជាប្រាសាទនៅខេត្តសៀមរាបឬនៅខេត្តផ្សេងជាដើម។ បើនិយាយពីស័យក្រោយអង្គរ នៅក្នុងសតវត្សទី១៩-២០សម្បូរសំណង់ព្រះពុទ្ធសាសនា ឬហៅថាបេតិកភណ្ឌសាសនា មានវត្តអារាមជាដើម។
លោកប្រាក់ សុវណ្ណារ៉ាបានបន្ថែមទៀតថា កម្ពុជាធ្លាប់បានឆ្លងកាត់សម័យអនានិគមន៍បារំាង ដែលបន្សល់ទុកនៅសំណង់អគារជាច្រើន ហើយត្រូវបានរដ្ឋាភិបាលចាត់ទុកជាសំណង់ប្រវត្តិសាស្ត្រ ដែលមានច្រើននៅក្នុងខេត្តបាត់ដំបង សម្បូរជាងគេក្នុងចំណោមខេត្តផ្សេងៗចំនួន៣ រួមមានក្រចេះ និងកំពតជាដើម ដែលរដ្ឋាភិបាលបាននឹងកំពុងគិតគូគ្រប់គ្រងសំណង់ទាំងនោះ។ បើតាមការប៉ាន់ស្មានខេត្តបាត់ដំបង់ មានសំណង់បិតិកភណ្ឌប្រវត្តិសាស្ត្រប្រមាណ៨០០សំណង់។
លោកសឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត បានជម្រាបអំពីគោលការណ៍របស់ថ្នាក់តាមការណែនាំ របស់ក្រសួងពាក់ព័ន្ធមួយចំនួនក្នុងក្រុងបាត់ដំបង ក្នុងការស្នើសុំធ្វើជួសជុលឡើងវិញ និងផ្សព្វផ្សាយអំពីសារៈសំខាន់ នៃសំណង់បេតិកភណ្ឌផងដែរ។
ថ្មីៗនេះខេត្តបាត់ដំបង បានជាប់ជាទីក្រុងគោលដៅទេសចរណ៍ទី១៣ ក្នុងចំណោមបណ្តាទីក្រុងទាំង៩៣ នៅតំបន់អាស៊ីអាគ្នេយ៍ ដែលវាយតម្លៃដោយស្ថាប័នផ្សព្វផ្សាយទេសចរណ៍អន្តរជាតិរបស់អាល្លឺម៉ង់មួយឈ្មោះថា YouDiscover។
លោក អ៊ុច អ៊ំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងកាលពីកន្លងមកនេះថា ជាមួយមោទនភាពនេះដោយសារការយកចិត្តទុកដាក់របស់ លោកអភិបាលខេត្ត និងស្ថាប័នជំនាញ នានាបានជួយជំរុញឱ្យខេត្តបាត់ដំបង ក្លាយជាខេត្ត មួយដែលគួរជាទីកក់ក្តៅបំផុតសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍៕