ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសស្វីស ដែលមានសាខារបស់ខ្លួននៅ៧០ប្រទេសនោះ បានបង្ហាញគោលបំណងក្នុងការចង់ជួយដល់កម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ព្រមទាំងវិស័យមួយចំនួនទៀតដូចជា ឧស្សាហកម្ម ទេសចរណ៍ ថាមពល រ៉ែ កសិកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

នៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩កន្លងមក លោក Anshul Sonak អគ្គនាយកក្រុមហ៊ុន Planet One Education បានប្រាប់ឱ្យដឹងថា ក្រុមហ៊ុនរបស់លោកបច្ចុប្បន្ននេះ មានទីស្នាក់ការនៅប្រទេសស្វីស និងមានសាខាប្រមាណ៧០ប្រទេសជុំវិញពិភពលោក រួមទាំងកម្ពុជាផងដែរ។
លោកបានលើកឡើងថា ការដែលក្រុមហ៊ុន Planet One Educationចង់ជួបពិភាក្សាការងារជាមួយកម្ពុជានាពេលនេះ ដើម្បីបង្ហាញពីគោលបំណងចង់ជួយក្រសួងក្នុងការអភិវឌ្ឍវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងវិស័យមួយចំនួនទៀត ដូចជាវិស័យឧស្សាហកម្ម ទេសចរណ៍ ថាមពល រ៉ែ កសិកម្ម សុខាភិបាល និងការគៀងគររកប្រភពធនធានហិរញ្ញវត្ថុជាដើម។
លោក Anshul Sonak បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោកបានធ្វើការលើវិស័យទាំងនេះនៅប្រមាណ២០ប្រទេសរួចទៅហើយ ដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងតាមបណ្ដាប្រទេសនានានៅតំបន់អាស៊ី អាហ្វ្រិក អឺរ៉ុបផងដែរ ដោយទទួលបានលទ្ធផលជោគជ័យ។
ជាការឆ្លើយតបលោកបណ្ឌិត អ៉ិត សំហេង ក្នុងនាមជាថ្នាក់ដឹកនាំជាន់ខ្ពស់នៅកម្ពុជា បានស្វាគមន៍ចំពោះបំណងចង់ជួយអភិវឌ្ឍដល់កម្ពុជា ពីសំណាក់ក្រុមហ៊ុន Planet One Education ។ លោកក៏បានចង្អុលបង្ហាញ ពីការគាំទ្រដល់ការធ្វើទំនើបកម្ម TVET របស់កម្ពុជាឱ្យកាន់តែប្រសើរឡើងផងដែរ ពីព្រោះនៅកម្ពុជាបច្ចុប្បន្នកំពុងមានការរីកចម្រើនលើវិស័យឧស្សាហកម្ម លំហូរនិវិយោគិនពីបរទេសក៏កាន់តែមានការកើនឡើង ជាហេតុបណ្ដាលឱ្យកម្ពុជា ជួបនូវកង្វះកម្លាំងពលកម្មដែលមានជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។
លោករដ្ឋមន្ត្រីបានបន្ថែមថា ដំណោះស្រាយនៅចំពោះមុខ បញ្ហាកម្លាំងពលកម្មជំនាញនេះ ពិតជាមានសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ដោយក្រសួងពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល បានបង្កើតគោលនយោបាយ កម្មវិធីអភិវឌ្ឍន៍ យន្តការដោះស្រាយ បង្កើតសាលាបណ្ដុះបណ្ដាល និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាជាច្រើន ដាក់ពង្រាយនៅទូទាំងប្រទេស ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ក៏ចាំបាច់ត្រូវការការចូលរួមពីសំណាក់ដៃគូអភិវឌ្ឍន៍ ដៃគូវិនិយោគ អង្គការជាតិ-អន្តរជាតិ ព្រមទាំងផ្នែកឯកជននានាចូលរួមធ្វើកិច្ចការនេះជាមួយគ្នាផងដែរ៕






