ទីប្រឹក្សា​សេដ្ឋកិច្ច​អាមេរិក​ មិនសូវ​មាន​សុទិដ្ឋិនិយម​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អាមេរិក​ចិន

0

​ដោយ​ Donald​ Lee​

ភ្នំពេញ​៖ ប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​សហរដ្ឋអាមេរិក​ផ្តល់​យោបល់​ដល់​ប្រធានាធិបតី​អាមេរិក​លើ​បញ្ហា​សេដ្ឋកិច្ច​ថា​ កុំ​រំពឹង​ទុក​ខ្លាំងពេក​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន​ នៅពេល​ដែល​ភាគី​ទាំងពីរ​បាន​ជួបគ្នា​នៅក្នុង​ប្រទេស​ចិន​កាលពី​ថ្ងៃ​ ច័ន្ទ​ ខាងមុខនេះ​។

មន្ត្រី​ជាន់ខ្ពស់​អាមេរិក​នឹង​ជួប​ជាមួយ​ឧបនាយក​រដ្ឋមន្រ្តី​ចិន​លោក​ Liu​ He​ នៅ​ទីក្រុង​សៀងហៃ​នៅ​ថ្ងៃ​ចន្ទ​ ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ បន្ទាប់ពី​ការចរចា​កាលពី​ខែ​ ឧសភា​ បាន​បរាជ័យ​។

លោក​ Larry​ Kudlow​ ប្រធាន​ទីប្រឹក្សា​សេដ្ឋកិច្ច​អាមេរិក​ បាន​ថ្លែង​ទៅកាន់​ទូរទស្សន៍​អាមេរិក​ CNN​ ថា​ “ខ្ញុំ​មិន​រំពឹង​ថា​នឹង​មាន​កិច្ច​ព្រមព្រៀង​ធំដុំ​ណាមួយ​ទេ​”។

សេដ្ឋកិច្ច​អាមេរិក​មាន​អត្រាកំណើន​យឺត​បំផុត​ក្នុងរយៈពេល​ជាង​ពីរ​ឆ្នាំ​ ខណៈ​ការចរចា​ពាណិជ្ជកម្ម​ជាមួយ​ ចិន​បាន​ជួប​បរាជ័យ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។

ក្រុម​អ្នកជំនាញ​ ជឿជាក់​ថា​ អត្រាកំណើន​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​នឹង​ធ្លាក់ចុះ​មក​នៅ​ត្រឹម​ ២,៥​ ភាគរយ​នៅ​ឆ្នាំនេះ​។ សេដ្ឋកិច្ច​អាមេរិក​បាន​កើនឡើង​ជិត​ ៣ ភាគរយ​កាលពី​ឆ្នាំមុន​។

លោក​ Ryan​ Sweet​ សេដ្ឋវិទូ​ជាន់ខ្ពស់​នៅ​ Moody’s​ Analytics​ បាន​ប្រាប់​រ៉យទ័​រថា​ “ប្រសិនបើ​យើង​ទទួល​បានការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​នៅ​ឆ្នាំក្រោយ​ វា​នឹង​កើតឡើង​ដោយសារតែ​យើង​បាន​ធ្វើ​ឱ្យ​មាន​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​”។

ភាព​តានតឹង​ផ្នែក​នយោបាយ​ក៏​មានកម្រិត​ខ្ពស់​ផង​ដែរ​ ខណៈ​ដែល​មន្រ្តី​រដ្ឋាភិបាល​ចិន​បាន​ចង្អុលបង្ហាញ​ថា​ អាមេរិក​អាច​ពាក់ព័ន្ធ​នឹង​ភាព​ចលាចល​នៅ​ហុងកុង​។

រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក​ Wang​ Yi​ បាន​និយាយ​ថា​ “ ដៃ​ខ្មៅ​” របស់​លោកខាងលិច​គឺ​នៅ​ពីក្រោយ​ការ​តវ៉ា​ដ៏​ធំ​ដែល​បាន​ផ្ទុះឡើង​នៅ​ហុងកុង​ក្នុង​ឆ្នាំនេះ​។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោកស្រី​ Hua​ Chunying​ បាន​ស្តី​បន្ទោស​អាមេរិក​ដោយ​ផ្ទាល់​ថា​បាន​បង្ក​ភាព​វឹកវរ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃអង្គារ​។

លោ​កហួ​បាន​មានប្រសាសន៍​ថា​ “មាន​សញ្ញា​នៃ​កងកម្លាំង​បរទេស​ នៅ​ពីក្រោយ​ការ​តវ៉ា​របស់​ហុងកុង​”។

លោកស្រី​ បាន​បន្ថែម​ទៀត​ថា​ “ខ្ញុំ​ឆ្ងល់​ថា​ តើ​មន្រ្តី​អាមេរិក​ទាំងនេះ​អាច​ឆ្លើយតប​ទៅ​ពិភពលោក​ដោយ​ស្មោះត្រង់​នូវ​តួនាទី​ដែល​អាមេរិក​បាន​ដើរតួ​នៅក្នុង​ព្រឹត្តិ​កា​រណ៍​ថ្មី​ៗនៅ​ហុងកុង​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here