បេឡារុសគ្រោងបង្កើតរោងចក្រដំឡើងរថយន្តក្រុង និងផលិតសម្បកកង់យានយន្តនៅកម្ពុជា

0

ដោយ ប៊ី

សៀមរាប៖ បេឡារុសគ្រោងនឹងបង្កើតរោងចក្រដំឡើងរថយន្តក្រុង និងផលិតសម្បកកង់យានយន្តដើម្បីផ្គត់ផ្គង់នៅទីផ្សារកម្ពុជា និងក្នុងតំបន់ បន្ទាប់កម្ពុជា-បេឡារុស បានបើកកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការចម្រុះស្តីពីកិច្ច សហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩។

នៅក្នុងកិច្ច ប្រជុំនេះ ប្រទេសទាំងពីរបានឯកភាពគ្នាជាច្រើនចំណុចលើការនាំចេញ និងនំាចូលផ្នែកវិស័យ ពាណិជ្ជកម្មនិងសេដ្ឋកិច្ច ជាពិសេសគ្រោងបង្កើតរោងចក្រដំឡើងរថយន្ដ និងសម្បកយានយន្ដ និងនាំចេញផ្នែកនាំចេញផ្នែកវិស័យកសិកម្មផងដែរ។

លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា “ភាគីកម្ពុជាក៏បានលើកទឹកចិត្តឱ្យភាគីបេឡារុសជំរុញការ នាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ ទីផ្សារបេឡារុស និងពិនិត្យលទ្ធភាពបង្កើត រោងចក្រដំឡើងរថយន្តក្រុង និងផលិតសម្បកកង់យានយន្ត ដើម្បីផ្គត់ផ្គង់នៅទីផ្សារកម្ពុជា និងក្នុងតំបន់”។

លោកស្រី បានបន្ថែមថា ប្រទេសទាំងពីរបានឯកភាពគ្នានូវចំណុចមួយចំនួនគឺ៖ ទី១.លើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រួមមានការផ្គត់ផ្គង់គ្រឿងម៉ាស៊ីន សម្បកកង់ ផលិតផលវាយណភ័ណ្ឌ ឧស្សាហកម្មធុនស្រាល ពីបេឡារុសមកកម្ពុជា និងការផ្គត់ផ្គង់កៅស៊ូធម្មជាតិ ផលិតផលកសិកម្ម និងអាហារសមុទ្រពីកម្ពុជា ទៅបេឡារុស។

លោកស្រី បានឲ្យដឹងថា ទី២. ការផ្គត់ផ្គង់ឱសថ និងគ្រឿងបរិក្ខារមកកម្ពុជា, ៣. វិស័យ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មានវិទ្យា, ៤. វិស័យអប់រំ និងវប្បធម៌, ៥. វិស័យទេសចរណ៍ និង៦. កិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងទីក្រុងមីនស្កផងដែរ។

លោកស្រីបានបន្ដថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបេឡារុស គឺជាមូលដ្ឋាន មួយដ៏សំខាន់ក្នុងការគាំទ្រ និងសម្រួលដល់ប្រតិបត្តិការពាណិជ្ជកម្ម ទំនាក់ទំនងវិស័យឯកជន និងធុរកិច្ចនានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here