កម្ពុជា​ជ្រើសរើស​ថ្ងៃសុក្រ​ទី៥​ ខែឧសភា​ឆ្នាំ២០២៣​ រៀបចំ​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​

0

ដោយ​ ម៉ា​ណេត​

ភ្នំពេញ​៖ កម្ពុជា​ត្រូវ​ជ្រើសរើស​ថ្ងៃសុក្រ​ ទី៥ខែឧសភា​ ឆ្នាំ២០២៣​ រៀបចំ​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​ ខណៈ​កម្ពុជា​បាន​ចាប់ផ្តើម​ត្រៀម​រៀបចំ​ថវិកា​ទុកបម្រុង​ សម្រាប់​ការ​ចំណាយ​ក្នុង​ពេល​ធ្វើជា​ម្ចាស់ផ្ទះ​ប្រកួត​ស៊ី​ហ្គេម​។

សម្តេច​តេជោ​ ហ៊ុន​ សែន ​ថ្លែង​ក្នុង​ពិធី​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេជោ​នា​ព្រឹក​ថ្ងៃទី២៩​ កក្កដា​នេះ​ថា​ មូលហេតុ​ដែល​ត្រូវ​ជ្រើសរើស​ថ្ងៃសុក្រ​ ទី០៥​ ខែឧសភា​ ឆ្នាំ២០២៣​ រៀបចំ​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​ ដោយសារ​មានការ​ងារ​មមាញឹក​ច្រើន​ ក្នុង​ការរៀបចំ​ការបោះឆ្នោត​ និង​ខួប៦០ឆ្នាំ​នៃ​បុណ្យ​ឯករាជ្យ​។

សម្តេច​តេជោ​បាន​ថ្លែង​ថា​ “ខ្ញុំ​បាន​ចាប់ផ្តើម​ត្រៀម​រៀបចំ​ថវិកា​ ទុកបម្រុង​សម្រាប់​ការ​ចំណាយ​ ក្នុង​ពេល​ធ្វើជា​ម្ចាស់ផ្ទះ​ប្រកួត​ស៊ី​ហ្គេម​នៅ​ឆ្នាំ២០២៣ហើយ​ ដោយ​បាន​ចាប់ផ្តើម​កាត់​ប្រាក់​ទុក​ជា​បណ្តើរ​ៗហើយ​”។

សម្តេច​តេជោ​ ហ៊ុន​ សែន​ ក៏បាន​ណែនាំ​ឱ្យ​មានការ​ទទួលស្វាគមន៍​វត្តមាន​កីឡាករ​ កីឡាការិនី​បរទេស​ ឱ្យ​បាន​ដិតដល់​មិន​ត្រូវ​ឱ្យ​គេ​ចេញទៅ​វិញ​មានការ​រិះគន់​ថា​ កម្ពុជា​ទទួល​មិនបាន​ដិតដល់​។

ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​ ត្រូវ​បាន​សាងសង់​លើ​ផ្ទៃដី​ ទំហំ​ជាង៨៥ហិ​កតា​ ក្នុង​តំបន់​អភិវឌ្ឍន៍​របស់​លោក​ឧកញ៉ា​លី​ យ៉ុង​ផាត់​។ សំណង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​ ត្រូវ​បាន​សាងសង់​ជា៣ដំណាក់កាល​ ដោយមាន​រចនាសម្ព័ន្ធ​កីឡា​សំ​ខាន់​ៗដូចជា​ មណ្ឌលកីឡា​ក្នុង​សាល​មណ្ឌលកីឡា​ហែលទឹក​ សាល​ហាត់​កីឡា​ប្រយុទ្ធ​ អគារ​ស្នាក់នៅ​ អាហារដ្ឋាន​ ទីលាន​ហ្វឹកហាត់​ក្រៅ​អគារ​ សាល​វេជ្ជសាស្ត្រ​ វិទ្យាសាស្ត្រ​កីឡា​សាល​ហាត់​សាច់ដុំ​ សាល​កាយសម្ព័ន្ធ​ សាល​កីឡា​បាញ់កាំភ្លើង​មជ្ឈមណ្ឌល​កីឡា​ហុក​គី​ និង​សាល​កីឡា​ប្រពៃណី​ផង​ដែរ​។

ការសម្រេច​ចិត្ត​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​ថ្មីនេះ​ ដើម្បី​លើកស្ទួយ​វិស័យ​កីឡា​ និង​មួយផ្នែកទៀត​ សម្រាប់​កម្ពុជា​ឈាន​ឆ្ពោះ​ ទៅ​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​តំបន់​អាស៊ាន​ ហៅថា ​Sea​ Grame​ នៅ​ឆ្នាំ២០២៣​៕

LEAVE A REPLY

Please enter your comment!
Please enter your name here