បុណ្យឆ្លងឆ្នាំសាកលនឹងរៀបចំដូចបុណ្យអុំទូក

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានស្នើ ឲ្យមានការរៀបចំគណៈកម្មការ​មួយ ដើម្បីរៀបចំសណ្តាប់ធ្នាប់សម្រាប់ការកម្សាន្ត សប្បាយរបស់ប្រជាពលរដ្ឋក្នុងពិធីបុណ្យឆ្លងឆ្នាំសាកលឲ្យមានរបៀបរៀបរយ និងមានភាពដូចគ្នានឹងពិធីបុណ្យអុំទូក។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកថោង ខុនបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១ មករា​នេះថា នៅរាជធានីភ្នំពេញប្រជាជនប្រមាណជាង ១លាននាក់ បានមកកំសាន្តនៅ​តំបន់មាត់ទន្លេ និងជុំវិញព្រះបរមរាជវាំង ដែលធ្វើឲ្យចំនួនមនុស្សមានភាពកកកុញ និងការកកស្ទះចរាចរណ៍រាប់ម៉ោង។ ហេតុនេះ យើងគួររៀបចំគណៈកម្ម​ការមួយ ដូចគណៈកម្មការបុណ្យអុំទូក ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរកំសាន្តបាន​សប្បាយរីករាយ និងមានសណ្តាប់ធ្នាប់ ដោយមិនអនុញ្ញាត្តឲ្យប្រជាពលរដ្ឋជិះរថយន្ត និងម៉ូតូចូលតំបន់កំសាន្តឡើយ។

លោកបន្តថា “ខ្ញុំគិតថាប្រជាជនជាង១លាននាក់ បានដើរកំសាន្តនៅរាជធានីភ្នំពេញ ដែលធ្វើឲ្យមានការកកស្ទះចរាចរណ៍ សូម្បីតែខ្ញុំជាប់ក្នុងរថយន្តប្រ​មាណ៥ម៉ោង”។លោកបន្តថា “បុណ្យចូលឆ្នាំសាកលមិនមែនជាបុណ្យប្រពៃណី ជាតិរបស់យើងទេ តែជាបុណ្យសាកល ដែលប្រជាជននៅគ្រប់ប្រទេសរីករាយ​ស្វាគមន៍ការមកដល់នៃឆ្នាំថ្មី”។

លោកលថោង ខុនបានបន្តថា កន្លងមកយើងរៀបចំគណៈកម្មការសម្រាប់​បុណ្យអុំទូក តែបុណ្យឆ្លងឆ្នាំសាកលដូចជាយើងភ្លេច ហេតុនេះយើងគួរតែរៀបចំ​ឲ្យមានគណៈកម្មការមួយ និងរៀបចំកន្លែងផ្ញើរឡានម៉ូតូ ហើយឲ្យប្រជាពលរដ្ឋ​ធ្វើដំណើរដោយថ្មើជើងទៅកាន់កន្លែងកំសាន្តនៅមាត់ទន្លេ និងជុំវិញរាជវាំង។

ទាក់ទងនឹងដំនើរកំសាន្តរបស់ប្រជាពលរដ្ឋ នៅតាមរមណីយដ្ឋាននានារដ្ឋមន្រ្តីរូបនេះបានលើកឡើងថា ប្រជាពលរដ្ឋខ្មែរចេញដើរកំសាន្តនៅតាមរមណី​យ​ដ្ឋាននានាបានកើនឡើងច្រើនណាស់ ដោយសារតម្លៃនៃសុខសន្តិភាព ស្ថិរភាព​នយោយបាយ និងកំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោកស្រីឆាយ ស៊ីវលីបាន​គាំទ្រនូវការលើកឡើងរបស់រដ្ឋមន្រ្តូទេសចរណ៍ទាំងស្រុង ដោយបានមានប្រ​សា​សន៍ថា យើងគួរតែរៀបចំឲ្យមានគណៈកម្មការ ដើម្បីរៀបចំរបៀបរៀបរយ និង​សណ្តាប់ធ្នាប់ក្នុងពិធីបុណ្យនេះ ព្រោះបុណ្យផ្សេងៗសុទ្ឋតែមានគណៈកម្មការរៀប​ចំ និងទទួលខុសត្រូវ ហេតុនេះយើងគួរតែមានការរៀបចំគណៈកម្មការសម្រាប់​បុណ្យចូលឆ្នាំសាកលផងដែរ។

លោកស្រីបន្តថា “ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចេញកំសាន្តនៅរាជធានីភ្នំពេញបានកើនឡើងជារៀងរាល់ឆ្នាំ ហើយពិធីបុណ្យចូលឆ្នាំសាកលទោះជាមិន​បានរៀបចំបានល្អក្តី តែប្រជាពលរដ្ឋចូលរួមអបអរសាទរដោយខ្លួនឯង”។

លោកធួន ស៊ីណានប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកបានគាំទ្រ​នឹងការលើកឡើងខាងលើ ដោយលោកបានមានប្រសាសន៍ថា ការរៀបចំបែបនេះជាការល្អប្រសើរ ព្រោះមនុស្សចូលរួមក្នុងពិធីបុណ្យនេះច្រើនណាស់ ហើយយើងមានគណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិរួចហើយ ហេតុនេះការរៀបចំគណៈកម្មការទទួលខុស ត្រូវបុណ្យឆ្លងឆ្នាំសាកល វាមិនបញ្ហាអ្វីនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here