ក្រសួងទេសចរណ៍​ទទួលស្គាល់​ការ​ធ្លាក់ចុះ​ភ្ញៀវ​លើកដំបូង​នៅ​ខេត្តសៀមរាប​​ និង​ដាក់ចេញ​ផែនការ​ថ្មី​

0
ក្រសួងទេសចរណ៍​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ​ក្រសួងទេសចរណ៍​បាន​ទទួលស្គាល់​ការ​ថយ​ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទស្សនា​តំបន់​អង្គរ​ជាលើកដំបូង​ ហើយ​បាន​ដាក់ចេញ​ផែនការ​ថ្មី​ជាមួយ​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ ក៏ដូចជា​អង្គការ​ UNESCO​ ប្រចាំ​នៅ​កម្ពុជា​ បាន​រៀបចំផែនការ​យុទ្ធសាស្ត្រ​ជាថ្មី​ ដើម្បី​លើកស្ទួយ​វិស័យ​មួយ​នេះ​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ឡើងវិញ​។

កាលពី​ឆ្នាំ២០១៨​ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ប្រមាណ៦​,២លាន​នាក់​ ក្នុង​កំណើន១១​% ក្នុង​នោះ​ខេត្តសៀមរាប​ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​ប្រមាណ ២​,៥៩លាន​នាក់​ កើនឡើង៥​,៤៣​%។ រយៈពេល៦ខែ​ដើមឆ្នាំ២០១៩នេះ​ ភ្ញៀវ​ទេសចរ​ដែល​ទៅ​ខេត្តសៀមរាប​មាន​ប្រមាណ ១​,២៤លាន​នាក់​ ថយ​ចុះ៨.២៩​%។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ថោង​ ខុន​បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ឋកាលពី​ថ្ងៃទី៣១​ កក្កដា​កន្លងមក​ថា​ យើង​មាន​បញ្ហា​ជាច្រើន​ដែល​ត្រូវ​ពិភាក្សា​ ប៉ុន្តែ​បញ្ហា​សំខាន់​មុនគេ​ គឺ​សៀមរាប​ត្រូវការ​ការ​អភិវឌ្ឍ​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗបន្ថែម​ទៀត​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ និង​ពន្យារ​ការ​ស្នាក់នៅ​របស់​ពួកគេ​។ លោក​បាន​បន្ត​ទៀត​ថា​ កាលពី​ឆ្នាំ២០១៨កន្លងមក​ ដើម្បី​ទ្រទ្រង់​កំណើន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប​ រាជរដ្ឋាភិបាល​បានសម្រេច​បង្កើត​ក្រុមការងារ​អន្តរក្រសួង​មួយ​ ដើម្បី​សិក្សា​រៀបចំផែនការ​មេ​អភិវឌ្ឍ​ទេសចរណ៍​ខេត្តសៀមរាប​ ដែល​មាន​ក្រសួងទេសចរណ៍​ជា​ប្រធាន​ ហើយ​ច្ចុ​ប្ប​ន្ន​ក្រុមការងារ​ជំនាញ​ បាន​និង​កំពុង​សិក្សា​រៀបចំផែនការ​មេនេះ​យ៉ាងសកម្ម​។

ផែនការមេ​ នឹង​ផ្តោត​ជា​សំខាន់​លើ​ការ​អភិវឌ្ឍ​ខេត្តសៀមរាប​ ជាពិសេស​ក្រុង​សៀមរាប​ជាទី​ក្រុង​ទេសចរណ៍​ ជាទី​ក្រុង​បេតិកភណ្ឌ​ និង​ជាទី​ក្រុង​ដែល​គិតគូរ​ពី​បរិស្ថាន​ (Eco​-City​) ដែល​ត្រូវ​ធ្វើស​មា​ហរ​ណកម្ម​ទាំង​លើ​ទិដ្ឋភាព​សេដ្ឋកិច្ច​ សង្គម​ វប្បធម៌​ បរិស្ថាន​ និង​ស្ថាបត្យកម្ម​ និង​ការ​ធ្វើស​មា​ហរ​ណកម្ម​ជាមួយ​ផែនការ​គ្រប់គ្រង​តំបន់​អង្គរ​ (TMP​) របស់​អាជ្ញាធរ​ជាតិ​អប្សរា​ផង​ដែរ​។ ទន្ទឹម​នឹង​នេះ​ក្រសួងទេសចរណ៍​បាន​ និង​កំពុង​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ រៀបចំ​ការងារ​មួយចំនួន​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​រួមមាន​។

ទី១​- ការជំរុញ​ការ​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ជុំវិញ​ក្រុង​សៀមរាប​ ជាពិសេស​តំបន់​ព្រែក​ទាល់​ បឹងទន្លេសាប​ ភ្នំ​គូលែន​ និង​សហគមន៍​ទេសចរណ៍​នានា​ ដើម្បី​បង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ និង​ពន្យារពេល​ស្នាក់នៅ​របស់​ភ្ញៀវ​ទេសចរ​។ ទី២​ ជំរុញ​ឲ្យ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​ខេត្ត​ ដោយ​ត្រូវ​ធ្វើការ​ជួសជុល​ផ្លូវ​ សិក្សា​រៀបចំ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ និង​អគ្គីស​នី​ឲ្យបាន​គ្រប់គ្រាន់​ និង​ត្រូវ​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​សំណល់រឹង​ និង​រាវ​ឲ្យបាន​ត្រឹមត្រូវ​តាម​ស្តង់​ដា​បរិស្ថាន​ រៀបចំ​ចំណតរថយន្ត​ បង្គន់​អនាម័យ​សាធារណៈ​ គ្រប់គ្រង​មធ្យោបាយ​ដឹកជញ្ជូន​ សណ្តាប់​ធ្នាប់​របៀបរៀបរយ​សាធារណៈ​ក្នុង​ទីក្រុង​។ល។

ទី៣​- ការ​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍​ និង​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ ឆ្លើយតប​នឹង​កំណើន​ភ្ញៀវ​ទេសចរ​ ដោយ​ត្រូវ​ពង្រឹងគុណភាព​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ ការ​បណ្តុះបណ្តាល​ផ្ទៃក្នុង​ និង​ជំរុញ​ការអនុវត្ត​ស្តង់​ដា​អាស៊ាន​ក្នុង​វិស័យ​ទេសចរណ៍​ជាដើម​។

លោក​សាស្រ្តា​ចារ្យ​ Az​édine​ BESCHAOUCH​ លេខាធិការ​អចិន្ទ្រៃ​យ៍​នៃ​ ICC​-Angkor​ បាន​ស្នើ​ឱ្យ​ក្រសួងទេសចរណ៍​ លើក​បង្ហាញ​នូវ​គម្រោង​ផែនការមេ​រៀបចំ​អភិវឌ្ឍន៍​ខេត្តសៀមរាប​ និង​ផែនការ​យុទ្ធសាស្ត្រ​នានា​ នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ​របស់​គណៈកម្មាធិការ​ ICC​ ដែល​នឹង​ប្រារព្ធ​ឡើង​នា​អំឡុង​ខែធ្នូ​ ឆ្នាំ២០១៩​ ខាងមុខ​។ លោក​សាស្រ្តា​ចារ្យ​ក៏បាន​ស្នើ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​ លើ​ការរៀបចំ​ផែនការ​គ្រប់គ្រង​តំបន់​អង្គរ​មាន​ជាអាទិ៍​ បញ្ជរ​គ្រប់គ្រង​ភ្ញៀវ​មុន​ចូល​ទស្សនា​ប្រាសាទ​ ការបែងចែក​ខ្សែ​ទស្សនកិច្ច​ ចំណត​នៅមុខ​ប្រាសាទអង្គរវត្ត​ បណ្ដាញ​គមនាគមន៍​នៅ​ប្រាសាទ​បា​យ័ន្ត​ លានជល់ដំរី​ ប្រាសាទ​ព្រះ​ពិ​ធូ​ និង​នៅ​តំបន់​ភ្នំ​គូលែន​ ក៏ដូចជា​ការរៀបចំ​ប្រព័ន្ធ​អ៉ីន​ធើ​ណេត​ Wifi​ ការរៀបចំ​គម្រោ​ងព្រលា​នយន្តហោះ​អន្តរជាតិ​ថ្មី​នៅ​ខេត្តសៀមរាប​ផង​ដែរ​។

តាម​ការ​ឱ្យ​ដឹងពី​សំណាក់​គណៈ​ គ្រប់គ្រង​សណ្ឋាគារ​មួយចំនួន​នៅ​ក្រុង​សៀមរាប​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះថា​ វា​ជា​រឿង​ប្រសើរ​ដែល​ក្រសួងទេសចរណ៍​ចាប់ផ្តើម​ទទួលស្គាល់​បញ្ហា​នេះ​ ព្រោះ​តួលេខ​បង្ហាញ​ដោយ​ក្រសួង​កន្លងមក​ ហាក់​មានតែ​តួលេខ​។ លោក​បន្ត​ថា​ ការ​កើនឡើង​នៃ​ចំនួន​តួលេខ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​នៅ​ក្រុង​សៀមរាប​ ដែល​ចេញ​ដោយ​ក្រសួង​ទេសចរ​កាលពី​ពេល​កន្លងទៅ​ វា​គ្រាន់តែ​ជា​ចំនួន​សិប្បនិម្មិត​តែប៉ុណ្ណោះ​ ប៉ុន្តែ​ចំនួនពិត​ប្រាកដ​ត្រូវ​បាន​ធ្លាក់ចុះ​យ៉ាង​គំហុក​។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា​ “ប្រសើ​នបើ​មន្ត្រី​ក្រសួង​ចង់​ដឹង​ច្បាស់​អាច​ចុះ​ធ្វើការ​អង្កេត​នៅ​តាម​បណ្តា​សណ្ឋាគារ​ ឬផ្ទះសំណាក់​នានា​ដែល​ស្ថិតនៅ​តំបន់​ល្បី​ៗ នៃ​ក្រុង​អង្គរ​ ក៏ដូចជា​ក្រុង​សៀមរាម​ នោះ​ពួកគេ​នឹង​និយាយ​បញ្ជាក់​ពី​រឿង​នេះ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here