Hattha top Banner

លោកជា សុផារ៉ា គ្រោងបញ្ជូនមន្រ្តីចុះសិក្សាពីកោះទាំងអស់នៅកម្ពុជា

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា ក្រសួងនឹងធ្វើការបញ្ជូនមន្រ្តីជំនាញផ្នែកសុរិយោដី ចុះទៅសិក្សានៅតាមបណ្តាកោះទាំងអស់ នៅកម្ពុជាដែលមានចំនួនសរុប៧៥កោះ។

លោកជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ បានគូសបញ្ជាក់ក្នុងការបូកសរុបលទ្ធផលការងារឆ្នាំ ២០១៧ និងលើកទិសដៅឆ្នាំ ២០១៨របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ដែលប្រព្រឹត្តិទៅកាលពីពេលថ្មីៗនេះថា ការបញ្ជូនមន្រ្តីជំនាញរបស់ក្រសួងទៅសិក្សាលើកោះទាំង៧៥នេះ អាចចាប់ផ្ដើមនៅខែឧសភា ឆ្នាំ ២០១៨ ដោយសិក្សាឲ្យបានច្បាស់ពីសក្ដានុពលនៃកោះនីមួយៗ។

លោកបានបន្តថា “យើងមិនត្រូវមានមោទនភាព ព្រោះបានស្គាល់កោះនៅប្រទេសដទៃនោះទេ អ្វីដែលសំ​ខាន់ គឺត្រូវស្គាល់ឲ្យច្បាស់ពីកោះនៅកម្ពុជាទើបជាការប្រសើរ ជាការការពារបូរណភាពទឹកដី”។លោកបន្តថា “ការបញ្ជូនមន្រ្តីឲ្យទៅសិក្សា រាល់បណ្ដាកោះទាំង៧៥នៅកម្ពុជានេះ គឺដើម្បីសិក្សាពីសក្ដានុពលសម្រាប់ការវិនិយោគ និងជៀសផុតពីការសាងសង់រំលោភលើផ្ទៃកោះ ដោយអនុញាត្តឲ្យមានការសាងសង់រូច ទើបហាមឃាត់និងរុះរើតាមក្រោយនោះទេ”៕

បណ្តាកោះនានានៅតាមសមុទ្រក្នុងខេត្តទាំងបួន ជាប់តំបន់ឆ្នេរមានកោះ​តិចតួចប៉ុណ្ណោះ ដែលបាននិងកំពុងអភិវឌ្ឍន៍ដូចជា កោះដែកគោល កោះសង្សារ កោះឬស្សី កោះក្របី កោះស្តេច កោះរ៉ុង កោះរ៉ុងសន្លឹម កោះឋានសួគ៌ជាដើម ខណៈរដ្ឋាភិបាលបានផ្តល់សិទ្ឋសម្បទាន​ដល់អ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិនានាដើម្បីអភិវឌ្ឍន៍កោះទាំងនោះរួចហើយ។

លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា បណ្តាកោះនានានៅតាមសមុទ្រកម្ពុជា មានសក្តានុពលខ្លាំងណាស់ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនានា ដែលទាមទារឲ្យមានការអភិវឌ្ឍ ដើម្បីរដ្ឋាភិបាលទទួលបានចំណូលដល់សេដ្ឋកិច្ចជាតិ ក៏ដូចជាចូលរួមចំណែក ទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ មកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើន ប៉ុន្តែជាមូយនឹងសក្តានុពល និងការវិនិយោគដែលបានកំពុងធ្វើមួយចំនួន គឺអ្នកអភិ​វ ឌ្ឍ​​ន៍ និងអាជ្ញាធរគួរគិតគូរពីនិរន្តភាពបរិស្ថាន ពិសេសកុំឲ្យមានការសាងសង់ស្ថានីយ៍ប្រេងឥន្ឋនៈនៅលើកោះ ព្រោះវាបំពុលបរិស្ថានខ្លាំងណាស់។

លោកបន្តថា “ការអភិវឌ្ឍជាអ្វីយើងស្វាគមន៍ តែការអភិរ័ក្ស ដើម្បីនិរន្តរភាព​បរិស្ថានមានសារៈសំខាន់ណាស់ ដើម្បីយើងទទួលបានផលសម្រាប់ទាំងអស់គ្នា និងជាការអភិវឌ្ឍប្រកបដោយចីរភាព”៕

LEAVE A REPLY

Please enter your comment!
Please enter your name here