ដោយ Donald Lee
វ៉ាស៊ីនតោនៈ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសថា ទំនិញចិនដែលនៅសល់ទាំងអស់ នឹងត្រូវបង់ពន្ធដែលនឹងចាប់ផ្តើមនៅខែ កញ្ញាខាងមុខនេះ។
លោក Trump បានប្រកាសពន្ធបន្ថែមលើទំនិញចិនដែលនៅសល់ និងតម្លៃ ៣០០ពាន់លានដុល្លារ មិនទាន់ត្រូវបានប៉ះពាល់ដោយការយកពន្ធ។ បន្ទាប់ពីពន្ធគយថ្មីចូលជាធរមាន រាល់ទំនិញចិនដែលនាំចេញទៅអាមេរិក នឹងត្រូវទទួលនូវការយកពន្ធមួយចំនួន។ ការដំឡើងពន្ធគយនាពេលមុនៗ បានកើនឡើងដល់២៥ភាគរយ ខណៈទំនិញដែលនៅសល់ចុងក្រោយនឹងត្រូវបង់ពន្ធ ១០ភាគរយ។
-->
លោកបានសរសេរលើបណ្តាញសង្គមថា “សហរដ្ឋអាមេរិក នឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែកញ្ញា ដោយដាក់ពន្ធបន្ថែម ១០ភាគរយ លើទំនិញនិងផលិតផលដែលនៅសេសសល់ និងតម្លៃ៣០០ពាន់លានដុល្លារពីប្រទេសចិនចូលមកក្នុងប្រទេសរបស់យើង”។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បាននិយាយថា “យុទ្ធសាស្ត្រដាក់សម្ពាធរបស់សហរដ្ឋអាមេរិក មិនមានឥទ្ធិពលលើការចរចាពាណិជ្ជកម្មទេ នៅពេលដែលអ្នកចរចាពាណិជ្ជកម្មបានទៅដល់ទីក្រុងសៀងហៃ កាលពីដើមសប្តាហ៍នេះ។
អ្នកនាំពាក្យនៅក្នុងសន្និសីទខ្លីមួយ នៅទីក្រុងប៉េកាំងនៅសប្តាហ៍នេះថា “ខ្ញុំជឿថា វាមិនសមហេតុផលទេ សម្រាប់សហរដ្ឋអាមេរិក ក្នុងការអនុវត្តយុទ្ធនាការនៃសម្ពាធអតិបរមារបស់ខ្លួននៅពេលនេះ។ លោកាស្រីបន្ថែមថា “វាគ្មានន័យទេ ក្នុងការប្រាប់អ្នកដទៃឱ្យប្រើថ្នាំនៅពេលអ្នកកំពុងតែឈឺ”។
លោក Trump បានបន្ថែមទៀតថា ប្រហែលជាប្រទេសចិនមានបំណងរង់ចាំការបោះឆ្នោតប្រធានាធិបតីអាមេរិកលើកក្រោយនៅឆ្នាំ២០២០ ហើយមើលថា តើពួកគេអាចទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មប្រសើរជាងមុនដែរឬទេ ប្រសិនបើលោក Trump ចាញ់ការបោះឆ្នោត។
ក្រុមអ្នកវិភាគព្រមានថា នឹងមានទស្សនៈខ្លីមួយស្តីពី ការចរចាពាណិជ្ជកម្មជាមួយប្រទេសចិន ដែលអាចមានផលប៉ះពាល់អវិជ្ជមានយូរអង្វែង។ សកម្មភាពរបស់លោក Trump បង្ហាញថា លោកនឹងជំរុញប្រទេសចិន ដោះស្រាយបញ្ហាពាណិជ្ជកម្ម មុនពេលការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០ ហើយនឹងប្រើគ្រប់មធ្យោបាយដែលមានសម្រាប់លោក។
របាយការណ៍ក្រុមហ៊ុន Eurasia Group បានចេញផ្សាយនៅថ្ងៃនេះថា “ការគំរាមកំហែង គឺជាល្បែងដ៏ធ្ងន់ធ្ងរមួយសម្រាប់លោក Trump”។
វាទំនងជាសញ្ញាបង្ហាញថា លោកចង់ឈានដល់កិច្ចព្រមព្រៀងមួយ លើលក្ខខណ្ឌរបស់គាត់ មុនការបោះឆ្នោតឆ្នាំ២០២០ និងមានឆន្ទៈប្រើឧបករណ៍ដែលមាននៅក្នុងការប្រឹងប្រែងរបស់លោក ដើម្បីបង្កើតសម្ពាធលើប្រទេសចិនដល់ទីបញ្ចប់”។
ឥឡូវនេះ ក្រុមអ្នកវិភាគជឿជាក់ថា ប្រទេសចិនទំនងជាមិនងាយនឹងទទួលយកនូវការទាមទាររបស់លោក Trump ទេ ព្រោះការធ្វើបែបនេះ នឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ឥទ្ធិពល និងកេរ្តិ៍ឈ្មោះពិភពលោករបស់ប្រទេសចិន ក្នុងនាមជាមហាអំណាចពិភពលោក។
ក្រុមហ៊ុន Eurasia Group បានសន្និដ្ឋានថា “វាគួរឱ្យខ្មាស់អៀនខ្លាំងណាស់សម្រាប់ប្រទេសចិន ក្នុងការបង្កើនការនាំចូលពីសហរដ្ឋអាមេរិក ក្រោមការគំរាមកំហែងនៃការគំរាមកំហែង”៕