ដោយ វុត្ថា
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានអះអាងថា កម្ពុជា ជាប្រទេសគោលដៅ ដែលមានភាពទាក់ទាញខ្លាំង សម្រាប់អ្នកវិនិយោគបរទេស ដោយផ្អែកលើសក្តានុពលផ្នែកពាណិជ្ជកម្មវិនិយោគ ទេសចរណ៍ វប្បធម៌ និងកសិកម្ម ជាពិសេសកំណើនសេដ្ឋកិច្ចខ្ពស់ សុខសន្តិភាព និងស្ថិរភាពនយោបាយដ៏រឹងមាំ ដែលរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា រួមគ្នាសម្រេច និងថែរក្សាបានក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ។
លោក ហ៊ុន ម៉ាណែតនៅក្នុងពិធីសម្ពោធ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការរវាង Huot & Associates Law Group និងក្រុមហ៊ុន Yingke Cam Co., Ltd កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ម្សិលមិញនេះថា កម្ពុជា-ចិនបានប្ដេជ្ញាបន្ដពង្រីកសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់ខ្លួន លើវិស័យសំខាន់ៗ រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងផលិតភាពសេដ្ឋកិច្ច ការបង្កើនពាណិជ្ជកម្ម ទ្វេភាគី ទេសចរណ៍ វប្បធម៌ ការវិនិយោគ និងការអភិវឌ្ឍន៍កសិកម្ម។
-->
លោកបន្តថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ដើម្បីជំរុញការអភិវឌ្ឍរួមមិត្ដភាព សន្ដិភាព និងវិបុលភាពរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។ កម្ពុជា មានគោលនយោបាយសេដ្ឋកិច្ច សមាហរណកម្មបើកទូលាយ មានច្បាប់វិនិយោគល្អប្រសើរ និងផ្តោតជាសំខាន់លើការប្រជុំអភិវឌ្ឍវិស័យឯកជន ឲ្យក្លាយទៅជាក្បាលម៉ាស៊ីន ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
តាមរបាយការណ៍ដែលចេញដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឱ្យដឹងថា នៅត្រឹមឆមាសទី១ឆ្នាំ២០១៩ តាមរយៈគណៈកម្មការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានសម្រេចឯកភាពលើគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មសរុបមាន ១៥៣គម្រោង ក្នុងនោះគម្រោងក្រៅតំបន់សេដ្ឋកិច្ចពិសេសមាន ១១០គម្រោង និងគម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ៤៣គម្រោង ។ នៅក្នុងចំណោ មគម្រោងទាំង១៥៣ខាងលើនេះ មានទំហំទឹកប្រាក់វិនិយោគសរុបប្រមាណ៥១៨១ លានដុល្លារ អាចបង្កើតការងារបានជាង ១៦៧,៣៣០កន្លែង។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានបង្ហាញពីក្ដីសាទរ និងមានជំនឿជឿជាក់យ៉ាងមុតមាំថា សម្រាប់ដំណាច់ឆ្នាំ២០១៩ កម្ពុជានៅតែអាចរក្សាបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ជាង៧ភាគរយ ហើយគម្រោងវិនិយោគបន្ថែមនៅតែមានការកើនឡើង។
លោកឧកញ៉ាបានមានប្រសាសន៍តាមទូរស័ព្ទងថា ទាំងពាក់កណ្តាលឆ្នាំ ក៏ដូចជាពេញមួយឆ្នាំ២០១៩ កំណើនសេដ្ឋកិច្ចនៅតែរក្សាបានលំនឹងធម្មតា ការវិនិយោគនៅតែមានចូលបន្ថែម ហើយគម្រោងចាស់ដែលមានស្រាប់ ក៏មិនមានភាពអសកម្មនោះដែរ មានតែខ្វះរោងចក្រជួលថែមទៀតផង”។
លោកឧកញ៉ាបានបន្តទៀតថា “នៅក្នុងគម្រោងវិនិយោគបរទេសដែល ចូលមកកាន់កម្ពុជា វិស័យសំណង់ និងអចលនទ្រព្យបានឈានមុខគេ បន្ទាប់មកគឺវិស័យឧស្សាហកម្មកាត់ដេរ វិស័យទេសចរណ៍ និងកម្សាន្ត ដែលរួមមានដូចជាការវិនិយោគលើផ្នែកសណ្ឋាគារ និងកាស៊ីណូជាដើម ”។
ដោយឡែកសម្រាប់ថ្ងៃខាងមុខនេះយើងរំពឹងថា នឹងមានក្រុមហ៊ុនអន្តរជាតិដទៃទៀតចូលមកវិនិយោគលើវិស័យកសិកម្ម ដូចជាការបង្កើតរោងចក្រកែច្នៃ និងវេចខ្ចប់កសិផលដើម្បីនាំចេញទៅក្រៅប្រទេស”។
ពាក់ព័ន្ធទៅនឹងការនាំចេញពីកម្ពុជា ឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិត្រូវបានលោកឧកញ៉ាលឹម ហេងបានសម្តែងសុទិដ្ឋិនិយមថា នៅតែរក្សាបាននូវភាពល្អប្រសើរដដែលបើទោះជាកម្ពុជាមិនមានច្បាប់អនុគ្រោះពន្ធពីសភាពអឺរ៉ុបក៏ដោយ។
លោកឧកញ៉ាបានកត់សម្គាល់ថា “មានបណ្តាប្រទេសកម្នុងតំបន់ជាច្រើនដែលមិនមានច្បាប់អនុគ្រោះពន្ធ ប៉ុន្តែគេនៅតែអាចធ្វើបាន ហើយកម្ពុជាក៏អាចធ្វើបានដូចគ្នា”។ លោកឧកញ៉ាបានបន្តទៀតថា “ផ្អែកតាមការធ្វើកំណែទម្រង់គោលការណ៍ និងនយោបាយសេដ្ឋកិច្ចផ្ទៃក្នុងរបស់រាជរដ្ឋាភិបាល កម្ពុជានៅតែអាចឈរជើងរឹងមាំក្នុងការនាំចេញទំនិញទៅកាន់ទីផ្សារពិភពលោកដដែល ហើយកាន់តែមានភាពល្អប្រសើរថែមទៀតផង”៕