ដោយ ៖ រ៉ាណេត
ភ្នំពេញៈ ប្រធានាធិបតីប្រទេសស្រីលង្ការលោក Maithripala Sirisena នឹងដឹកនាំក្រុមធុរជនមួយក្រុមមកស្វែងរកឳកាសវិនិយោគនៅកម្ពុជា កំឡុងដំណើរទស្សនកិច្ចរបស់លោកនៅថ្ងៃទី៧ កក្កដាខាងមុខនេះ។
ក្នុងកំឡុងដំណើរទស្សនកិច្ចនេះ លោកប្រធានាធិបតីស្រីសង្ការនឹងជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជាសំខាន់ៗ និងរៀបចំវេទិកាធុរកិច្ចនៅកម្ពុជាជាមួយសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា។
-->
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍នៅថ្ងៃទី៣ កក្កដានេះថា នៅត្រឹមរសៀលថ្ងៃទី៧ ខែសីហា ខាងមុខនេះ ប្រធានាធិបតីរបស់ប្រទេសស្រីលង្កា នឹងមកកាន់កម្ពុជា ដើម្បីជួបពិភាក្សាការងាររឹតចំណង់មិត្តភាពឱ្យកាន់តែស្និទ្ធស្នាល ជាមួយនឹងការដឹកនាំក្រុមអ្នកវិនិយោគធំប្រចាំប្រទេសមកជាមួយផងដែរ។ កម្មវិធីនេះនឹងប្រារព្វឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ពេលរសៀល។
លោកឧកញ៉ាបានបន្តថា “នៅក្នុងកិច្ចជំនួបរវាងសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ម៉ៃទ្រីប៉ាឡា ស៊ីរីសេនា (Maithripala Sirisena) ប្រធានាធិបតីប្រទេសស្រីលង្កា នឹងមានការលើកឡើងពីចំណុចជាច្រើន ដើម្បីបង្កើតឱកាសវិនិយោគទ្វេភាគីរវាងប្រទេសទាំងពីរ ដែលក្នុងនោះបណ្តាក្រុមហ៊ុនដែលជាសមាជិកសភាពាណិជ្ជកម្មកម្ពុជាក៏មានវត្តមាន រួមជាមួយនឹងក្រុមហ៊ុនដទៃទៀតផងដែរ។
លោកឧកញ៉ាបានបន្តទៀតថា “យើងរំពឹងថាតាមរយៈកម្មវិធីនៃកិច្ចពិភាក្សាមួយនេះ នឹងអាចជួយបង្កើនឱកាស និងទាក់ទាញការវិនិយោគពីប្រទេសស្រីលង្កាមកកាន់កម្ពុជាបន្ថែមទៀត ខណៈដែលបច្ចុប្បន្នការវិនិយោគរវាងប្រទេសទាំងពីរ មានតិចតួចបំផុត ក្រៅពីវិស័យវេជ្ជសាស្ត្រ និងវិស័យកសិកម្មប៉ុណ្ណោះ”៕