កម្ពុជា ថៃ​ចាប់ផ្តើម​ពិភាក្សាគ្នា​បើក​ច្រករបៀង​សេដ្ឋកិច្ច​បន្ថែមទៀត

0
កម្ពុជា ថៃ​ចាប់ផ្តើម​ពិភាក្សាគ្នា​បើក​ច្រករបៀង​សេដ្ឋកិច្ច​បន្ថែមទៀត

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​កម្ពុជា ថៃ​បាន​ជួបពិភាក្សា​ការងារ​ស៊ីជម្រៅ ដើម្បី​បើក​ច្រករបៀង​សេដ្ឋកិច្ច​បន្ថែម​ដែល​ស្ថិតនៅ​ភាគ​ខាងកើត និង​ត​ភ្ជាប់​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ រវាង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ លឹម​ឆា​បាង​នៃ​ព្រះរាជាណាចក្រ​ថៃ។

ជំនួប​ពិភាក្សា​នេះ ធ្វើឡើង​ដើម្បី​ស្វែងយល់​អំពី​សក្តានុពល និង​កិច្ចសហប្រតិបត្តិការ​លើ​ការតភ្ជាប់​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ រវាង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ លឹម​ឆា​បាង​នៃ​ព្រះរាជាណាចក្រ​ថៃ។

រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក​តូច ចាន់​កុសល​បានបញ្ជាក់​ប្រាប់​លោកស្រី Nongnuth Phetchratana ទីប្រឹក្សា​ពិសេស​ក្រសួងការបរទេស​ថៃ​ទទួលបន្ទុក​ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត​ថា ការបើក​ឱ្យមាន​ដំណើរការ​ជា​ផ្លូវការ​នូវ​ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត​នេះ វា​បាន​ជួយ​បង្កើន​និង​ជំរុញ​វិស័យ​ដឹកជញ្ជូន​កាន់​ល្អប្រសើរ ជាពិសេស​បង្កើន​ការវិនិយោគ និង​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង២ និង​អាច​បម្រើ​ផលប្រយោជន៍ ដល់​វិស័យសេដ្ឋកិច្ច​ឱ្យមាន​កំណើន ។

លោក​បន្តថា ជាមួយគ្នានេះ​ផងដែរ លោក​ក៏បាន​ស្នើ​ឱ្យមាន​កិច្ចពិភាក្សា​បន្ថែម​លើ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ស្វែងយល់​បន្ថែមទៀត​ពី​នីតិវិធី​រវាង​ប្រទេស​ទាំងពីរ និង​ឱកាស​វិនិយោគ​ប្រកបដោយ​សក្តានុពល។

លោកស្រី Nongnuth Phetchratana បាន​សន្យា​យក​គោលបំណង​ខាងលើនេះ​ទៅ​ពិចារណា​ជាមួយ​ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស​ថៃ ដោយ​បង្ហាញ​ពី​ចេតនា​ល្អ​ក្នុង​កិច្ចសហការ​ផងដែរ។

លោក​តូច ចាន់​កុសល ក៏​គូសបញ្ជាក់​ពី​សារសំខាន់​នៃ​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​របស់​កម្ពុជា​ជាមួយ​ថៃ រួមមាន គម្រោង​ផ្លូវ​ធ្វើឱ្យ​ប្រសើរឡើង​ផ្លូវជាតិ​លេខ៥ ពី២គន្លង​ទៅ៤គន្លង ផ្លូវជាតិ​លេខ៤៨ ពី​ផ្លូវបំបែក​ស្រែអំបិល ទៅ​ខេត្តកោះកុង គម្រោង​ស្ពាន ស្ទឹង​បត់​និង​ផ្លូវ​ត​ភ្ជាប់ និង​គម្រោង​សាងសង់​ផ្លូវ​ពី​ខេត្តបាត់ដំបង ទៅ​ខេត្តកោះកុង​ដើម្បី​កាត់បន្ថយ​ពេល វេលា​នៃ​ការដឹកជញ្ជូន​ពី​ខេត្ត​ប៉ៃលិន​ទៅកាន់​កំពង់ផែ​ទឹក​ជ្រៅ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here