ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគ៣ ដែលមានទឹកប្រាក់ចំនួនជិត១៦៨លានដុល្លារអាមេរិក លើការបង្កើតរោងចក្រ និងសណ្ឋាគារ ដែលផ្តល់ឱកាសការងារដល់ពលរដ្ឋកម្ពុជាជាង១ពាន់កន្លែង។
យោងតាមការចុះផ្សាយតាមហ្វេសបុកផ្លូវការ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០១៩នេះថាតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួនបី ដូចជាទី១-ក្រុមហ៊ុន “E.G.N EASY CO., LTD.” គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១០កន្លែង។
ទី២ ក្រុមហ៊ុន“CAMBODIAN DECORATIVE BUILDING MATERIAL CHAKREY TING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈតុបតែងពិដានជញ្ជាំង…។ល។ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត មានទុនវិនិយោគប្រមាណ៣០,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៧កន្លែង។
និងទី៣-ក្រុមហ៊ុន“ ROYAL FIELD DEVELOPMENT COMPANY CO.,LTD.”គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៣ ដែលមានចំនួន៣០០បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅមហាវិថីសហព័ន្ធរុស្សី ភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១៣៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧២៩កន្លែង៕






