ដោយ ដួង ចន្រ្ទា
ភ្នំពេញ៖ កម្ពុជាតម្រូវការសាច់សត្វមាននិន្នាការកើនឡើងខ្ពស់ ស្របពេលប្រាក់ចំណូលប្រជាពលរដ្ឋ និងកំណើនភ្ញៀវទេសចរអន្ដរជាតិកើនឡើង ដែលក្រសូងកសិកម្មប៉ាន់ប្រមាណថា នៅកម្ពុជាមានតម្រូវការសាច់សត្វប្រមាណពី២៩ទៅ៣០ម៉ឺនតោន នៅក្នុង១ឆ្នាំចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ខាងមុខ។
រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកវេង សាខុនបានមានប្រសាសន៍ឲ្យដឹងក្នុងវេទិកាស្តីពីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាព្រឹកថ្ងៃទី៣ មករានេះថា បច្ចុប្បន្នចំនួនគោសរុបមានការថយចុះ ហើយការរៀបចំដីកសិកម្មប្រមាណ៩៣ភាគរយ ត្រូវជំនួសដោយគ្រឿងយន្ដកសិកម្ម។ ប៉ុន្តែផលិតកម្មជ្រូកមានកំណើន២,៩ភាគរយ និងផលិតកម្មបក្សីមានកំណើន៥,៤ភាគរយ។ ដោយឡែកផលិតកម្មសត្វទាំងលក្ខណៈគ្រួសារ និងពាណិជ្ជកម្មនៅកម្ពុជា មានការវិវឌ្ឍគួរឲ្យកត់សម្គាល់ ទាំងបរិមាណសត្វ និងបែបផែនផលិតកម្ម។
លោកបន្តថា “យើងមិនទាន់អាចធានាបានទេ ចំពោះការផ្គត់ផ្គង់ និងតម្រូវការសាច់បានទាំងស្រុងនោះទេ ជាពិសេសសាច់មានគុណភាពខ្ពស់”។ លោកបន្តថា “ស្ថានភាពនេះបញ្ជាក់យ៉ាងច្បាស់ថា តម្រូវការសាច់សត្វមានគុណភាពខ្ពស់ បាននិងកំពុងជំរុញឲ្យមានការផ្លាស់ប្ដូរ បែបផែនផលិតកម្មសត្វ ពីការចិញ្ចឹមសម្រាប់ម្ហូបអាហារគ្រួសារ ទៅជាផលិតកម្មសម្រាប់ពាណិជ្ជកម្មតាមតម្រូវទីផ្សារវិញ”។
ផលិតផលសរុបក្នុងស្រុកជាមធ្យម សម្រាប់មនុស្សម្នាក់ៗកើនពី៧៦០ដុ ល្លារក្នុងឆ្នាំ២០០៨ ដល់ជាង១៤០០ដុល្លារអាមេរិកក្នុងឆ្នាំ២០១៧ ដែលធ្វើឲ្យកម្ពុជាបានឆ្លងផុតពីចំណាត់ថ្នាក់ជា ប្រទេសចំណូលទាប ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកំពុងខិតខំសម្រេចឲ្យបាននូវ ទស្សនវិស័យធំៗ នៃការអភិវឌ្ឍបន្តទៀត៕