កាំកុងត្រូលហាមដាច់ខាតមិនឲ្យទិញម្សៅទឹកដោះគោរបស់ក្រុមហ៊ុនគ្រុបប៉េឡាក់តាលីស

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ អគ្គនាយកដ្ឋានកំាកុងត្រូល បានចេញសេចក្តីជូនដំណឹងដល់សាធារណៈជន ពាណិជ្ជករនាំចូល អាជីវករ លក់ដុំលក់រាយស្តីពី ការប្រមូលត្រឡប់មកវិញទាំងអស់ នូវផលិតផលម្សៅទឹកដោះគោសំរាប់ទារក និងកុមារតូចៗនិងផលិតផលចិញ្ចឹមទារក និងកុមារដែលផលិតនៅរោងចក្រ ក្រាអន (Craon)។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានកំាកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បង្ហាញនៅ រសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨នេះ បានធ្វើការជម្រាបដល់សាធារណៈជនបន្តថា ក្រុមហ៊ុនបាននិងកំពុងបន្តការប្រមូលត្រឡប់មកវិញនូវផលិតផល ដែលមានបញ្ហាពីទីផ្សារប្រទេសបារំាង និងបណ្តាប្រទេសនានា ដែលក្រុមហ៊ុនបានចែកចាយ។ ការចម្លងបាក់តេរី សាម៉ុនណេឡា អាហ្គូណា (Salmonella Agona) មានចំពោះតែលើផលិតផល ដែលមានអត្តសញ្ញាណ ដូចជា ក្រុមហ៊ុនផលិតផលគ្រុបប៉េ ឈ្មោះផលិតផល ណម ខមមើសសល (Norm Commercial) លេខឡូតិ៍ (Lot Four) កាលបរិច្ឆេទជាអប្បបរមាចំពោះផលិតផល ដែលស្ថិតក្នុងបញ្ជីនៃលិខិត ប្រកាសព័តមានរបស់ក្រុមហ៊ុនដូចមានជូនភ្ជាប់មកជាមួយប៉ុណ្ណោះ។

សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា វត្តមានបាក់តេរី សាម៉ុនណេឡា ក្នុងផលិតផលនេះ នឹងបង្កគ្រោះថ្នាក់ដល់សុខភាពទារកនិងកុមារតូចៗ ដោយបង្ករឲ្យមានជម្ងឺប្រព័ន្ធរំលាយអាហារ គ្រុនពោះវៀន ។ល។ ឆ្លើយតបនឹងបញ្ហានេះអគ្គនាយកដ្ឋានកាំកុងត្រូល បាននិងកំពុងចាត់វិធានការរួមមាន រាំងខ្ទប់មិនឲ្យនាំចូល ផលិតផលដូចបានអធិប្បាយខាងលើ  ផ្តល់ព័តមានដល់ក្រុមហ៊ុននាំចូល ដល់អាជីវករលក់ដុំ និងរាយក្នុង ករណីមាននាំចូលនិងមានចរាចរលើទីផ្សារ ត្រួតពិនិត្យនៅតាមទីផ្សារធំ-តូច ផ្សារទំនើប ដើម្បីសម្រួលនិង មានវិធានការតាមនីតិវិធីប្រសិនបើមានការដាក់តាំងលក់។

ដើម្បីទប់ស្កាត់គ្រោះថ្នាក់ដែលអាចប៉ះពាល់ដល់សុខភាពជាយហេតុ អគ្គនាយកដ្ឋានកាំកុងត្រូល សូមអំពាវនាវដល់សាធារណៈជន សូមកុំទិញផលិតផលដែលមានអត្តសញ្ញាណដូចបានជម្រាបខាងលើ និងសូមជួយសហការផ្តល់ព័តមានដល់មន្រ្តីមានសមត្ថកិច្ច ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះ។ ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានកាំកុងត្រូលបានថ្លែងអំណរគុណ និងសង្ឃឹមចំពោះការយកចិត្តទុកដាក់របស់ សាធារណៈជន ពាណិជ្ជករ អាជីវករទាំងអស់លើកិច្ចសហការ ការពារសុខមាលភាពទារក និងកុមារតូចៗឲ្យបានល្អប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here