ដោយ វុត្ថា
ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន៣ ដែលមាននទឹកប្រាក់ចំនួន ១២លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបង្កើតរោងចក្រផលិតកាបូប ដេរស្បែកជើង និងកាត់ដេរនៅកម្ពុជា។
យោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី៨ខែ សីហា ឆ្នាំ ២០១៩នេះ បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ទី១- ក្រុមហ៊ុន“EASTCROWN FOOTWEAR INDUSTRY CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលរកា សង្កាត់ចាកអង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥២៩កន្លែង។
ទី២-ក្រុមហ៊ុន “QY BAG & LUGGAGE (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.០៧០កន្លែង។ និងទី៣- ក្រុមហ៊ុន“PRISTINE TEXTILE (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ៩ ភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.៥៩៥កន្លែង៕






