ដោយ Donald Lee
ភ្នំពេញៈ ប្រជាកសិករដាំសណ្តែកសៀងអាមេរិក កំពុងផ្តោតលើប្រទេសកម្ពុជា និងទីផ្សារអាស៊ីអាគ្នេយ៍ផ្សេងទៀត ដោយសារតែតម្រូវការពីចិនបានធ្លាក់ចុះ ដែលបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន។

ការកើតឡើងនូវជម្លោះពាណិជ្ជកម្មនាពេលថ្មីៗនេះ ចិនបានលុបចោលរាល់ការនាំចូលទំនិញកសិកម្មពីអាមេរិក ដែលបានធ្វើឲ្យកសិករសណ្តែកសៀងអាមេរិក សល់ស្តុកមិនទាន់លក់ស្មើនឹងរាប់ពាន់តោន។
ការទិញសណ្តែកសៀងរបស់ចិនមានចំនួន ៦០ភាគរយ នៃការនាំចេញសណ្តែកអាមេរិកដែលមានតម្លៃ ៥,៩ពាន់លានដុល្លារ។ នេះបើយោងតាមការធ្វើជំរឿនរបស់អាមេរិក។
លោក Jim Sutter នាយកប្រតិបត្តិនៃក្រុមប្រឹក្សានាំចេញសណ្តែកសៀងអាមេរិកបានប្រាប់អ្នកសារព័ត៌មាននៅឯសន្និសីទ សហប្រតិបត្តិការកសិកម្មអាមេរិក នៅអាស៊ីអាគ្នេយ៍នៅប្រទេសសឹង្ហបូរីថា “នៅឆ្នាំនេះការនាំចេញរបស់យើងទៅកាន់ប្រទេសចិន ដែលការទិញពីប្រទេសចិនមានចំនួន១ភាគ៣ នៃអ្វីដែលពួកគេបានធ្វើក្នុងប៉ុន្មានឆ្នាំចុងក្រោយ ប៉ុន្តែនាពេលបច្ចុប្បន្នការទិញរបស់ចិនមានប្រហែល១០តោន។ វាមានភាពខុសគ្នាខ្លាំងណាស់។
លោក Sutter ថ្លែងថា កសិករអាមេរិកកំពុងកំណត់ទិសដៅទីផ្សារយ៉ាងសកម្ម នៅអាស៊ីអាគ្នេយ៍ ដើម្បីទូទាត់ការខាតបង់ពីការនាំចេញសណ្តែកទៅប្រទេសចិន។
កសិករអាមេរិកបានបង្កើតភាពជាដៃគូពាណិជ្ជកម្មសណ្តែក ជាមួយប្រទេសកម្ពុជាយ៉ាងសកម្មចាប់ តាំងពីដើមឆ្នាំនេះ។
នាយកដ្ឋានស្បៀងអាហារកសិកម្មរបស់អាមេរិក សម្រាប់ការរីកចំរើន សមាគមសណ្តែកសៀងអាមេរិក និងសាកលវិទ្យាល័យរដ្ឋ Kansas បានបង្កើតបណ្តាញទិញសណ្តែកសៀងកម្ពុជា អាមេរិកនៅឆ្នាំនេះដែលហៅថា ការធ្វើពាណិជ្ជកម្មវារីវប្បកម្មសម្រាប់វឌ្ឍនភាពពាណិជ្ជកម្មកម្ពុជា (CAST)។
រដ្ឋាភិបាលអាមេរិកបានផ្តល់ថវិកាចំនួន ១៧,១លានដុល្លារ ដល់ CAST កម្ពុជាដើម្បីភ្ជាប់អ្នកដាំសណ្តែកសៀង ជាមួយវិស័យឯកជន និងសាកលវិទ្យាល័យរបស់ប្រទេសកម្ពុជា ដើម្បីបង្កើតគំនិតផ្តួចផ្តើម ដែលនឹងជំរុញការលក់សណ្តែកសៀងអាមេរិកនៅកម្ពុជា។

សណ្តែកដែលត្រូវបានលក់ទៅឱ្យប្រទេសកម្ពុជា នឹងត្រូវបានប្រើប្រាស់ជាចំណីត្រីសម្រាប់ការអភិវឌ្ឍវារីវប្បកម្មរបស់ប្រទេសកម្ពុជា៕






