រដ្ឋមន្ត្រី​ពានិជ្ជកម្ម៖ កម្ពុជា​ប្តេជ្ញា​ជំរុញ​ការចរចា​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ បញ្ចប់​នៅ​ចុងឆ្នាំ​នេះ

0
​ដៃគូ​សេដ្ឋកិច្ច

ដោយ ម៉ាណេ​ត

ភ្នំពេញ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រកាន់​ជំហរ​គាំទ្រ និង​ជំរុញ​ឱ្យ​បញ្ចប់​ដំណើរ​ការចរចា​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ដែលជា​ប្លុក​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ និង​មាន​សារៈសំខាន់​បំផុត នៅ​ចុងឆ្នាំ២០១៩នេះ។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម។

​ដៃគូ​សេដ្ឋកិច្ច

នៅក្នុង​ជំនួប​ពិភាក្សា ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​ទ្វេរ​ភាគី​ជាមួយ លោក Yoonjong Chun អគ្គនាយក​គោលនយោបាយ​ពាណិជ្ជកម្ម​សេរី ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និង​ថាមពល នៃ​សាធារណរដ្ឋ​កូរ៉េ កាលពី​ព្រឹក​ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ​លោក ​ប៉ាន សូរ​ស័ក្តិ បានលើកឡើង​ពី​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ដឹកនាំ និង​សម្របសម្រួល​ដំណើរ​ការចរចា​កិច្ចព្រមព្រៀង RCEP ដើម្បី​ទប់ទល់​ជាមួយ​វិបត្តិ​នានា ដែល​កើត​ពី​សង្គ្រាម​ពាណិជ្ជកម្ម។

លោក​រដ្ឋមន្ត្រី ក៏បាន​ជម្រាប​ភាគី​កូរ៉េ អំពី​វឌ្ឍនភាព​នៃ​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​កម្ពុជា គោលនយោបាយ​គាំពារ​វិនិយោគ និង​កំណែទម្រង់ថ្មីៗដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល ដើម្បី​លើកស្ទួយ​បរិយាកាស​ធុរកិច្ច និង​ធ្វើ​ពិពិធ​កម្ម​ការនាំចេញ​របស់​ក​ម្ពុ​ជា និង​ទាក់ទាញ​វិនិយោគ​ពី​បរទេស​បន្ថែមទៀត ដើម្បី​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​ភាពក្រីក្រ។

ជាការ​ឆ្លើយតប លោក Yoonjong Chun បាន​កោត​ស​សើរ​អំពី​វឌ្ឍនភាព​របស់​កម្ពុជា ទាំង​ទិដ្ឋភាព​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ។លោក​អគ្គនាយក បាន​គូសបញ្ជាក់ថា សាធារណរដ្ឋ​កូរ៉េ មាន​ទិសដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ជាមួយ​កម្ពុជា និង​មាន​ជំហរ​ដូច​រាជរដ្ឋាភិបាល​កម្ពុ​ជា ក្នុងការ​គាំទ្រ និង​ជំរុញ​ឱ្យ​ដំណើរ​ការចរចា​កិច្ចព្រមព្រៀង RCEP អាច​បញ្ចប់ នៅត្រឹម​ចុងឆ្នាំ២០១៩នេះ។

​ដៃគូ​សេដ្ឋកិច្ច

RCEP ជាទី​ផ្សារ​ពាណិជ្ជកម្ម​សេរី​ដ៏​ធំ ដែលមាន​ចំនួន១៦ប្រទេស គឺ​ប្រទេស​សមាជិក​អាស៊ាន​ទាំង១០ និង​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​សេរី​អាស៊ាន​ចំនួន៦ រួមមាន​ប្រទេស​អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និង​ណូ​វ៉ែល​ហ្សេ​ឡង់ ដែលមាន​ប្រជាជន​ស្មើនឹង​ប្រមាណ៤៥%នៃ​ចំនួន​ប្រជាជន​លើ​ពិភពលោក និង​មាន​ទំហំ​ពាណិជ្ជកម្ម​ប្រមាណ៤០% នៃ​ពាណិជ្ជកម្ម​ពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here